ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្រ្តីការបរទេសអាមេរិក នឹងជជែកអំពីបញ្ហាមីយ៉ាន់ម៉ា សមុទ្រចិនខាងត្បូង និងអ៊ុយក្រែន ក្នុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសឡាវ

10


វ៉ាស៉ីនតោន៖កាលពីថ្ងៃអង្គារ ទី៨ ខែតុលា មន្រ្តីការទូតកំពូលរបស់សហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៉ីបូព៌ា លោក Daniel Kritenbrink បាននិយាយថា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken នឹងតំណាងឱ្យទីក្រុងវ៉ាស៉ីនតោន ចូលរួមកិច្ចប្រជុំកំពូល ជាមួយបណ្តាមេដឹកនាំមកពីតំបន់អាស៉ី នៅក្នុងប្រទេសឡាវ នាសប្តាហ៍នេះ ហើយរំពឹងថា នឹងជជែកអំពីបញ្ហាផ្សេងៗ រួមមានដូចជា មីយ៉ាន់ម៉ា សមុទ្រចិនខាងត្បូង និងអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោក Kritenbrink បាននិយាយថា ទោះបីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន មិនទៅចូលរួមកិច្ចប្រជុំកំពូលកម្រិតមេដឹកនាំ នៅប្រទេសឡាវក៏ដោយក្តី រូបលោកនៅតែមាន ការប្តេជ្ញាពេញទំហឹងដដែល ចំពោះតំបន់អាស៊ាន។ លោក បៃដិន មិនឈរឈ្មោះប្រកួតប្រជែង ក្នុង ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកអាណត្តិថ្មី នាថ្ងៃទី៥ ខែវិច្ឆិកា ខាងមុខនេះទេ ប៉ុន្តែអនុប្រធានាធិបតីរបស់លោក គឺលោកស្រី កាម៉ាឡា ហារីស ជាអ្នកឈរឈ្មោះជំនួស ហើយនឹងត្រូវតទល់ជាមួយ អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ។
យោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេសអាមេរិក លោក Blinken បានចេញដំណើរឆ្ពោះទៅកាន់ រដ្ឋធានីវៀងចន្ទន៍របស់ឡាវ ហើយនឹងបន្តស្ថិតនៅទីនោះ រហូតដល់ថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៉ីបូព៌ា និងកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន។
គួរបញ្ជាក់ថា បើតាមលោក Kritenbrink គឺលោកមិនមានព័ត៌មានលម្អិត ដើម្បីចែករំលែកឡើយ ជុំវិញផែនការរបស់លោក Blinken សម្រាប់ជំនួបទ្វេភាគី នៅទីក្រុងវៀងចន្ទន៍ រួមមានទាំងជាមួយចិន ប៉ុន្តែបញ្ហាមួយចំនួនពាក់ព័ន្ធទីក្រុងប៉េកាំង នឹងត្រូវលើកយកមកពិភាក្សា ដូចជា ភាពតានតឹងនៅសមុទ្រចិនខាងត្បូង និងការគាំទ្ររបស់ចិនចំពោះរុស្ស៉ី ក្នុងសង្រ្គាមអ៊ុយក្រែន ជាដើម៕

អត្ថបទដែលជាប់ទាក់ទង