ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹទ្ធាចារ្យ ចៅ ហ្វា ស្តេចសៀកដំបូងរបស់កម្ពុជា ទទួលមរណភាព ដោយរោគាពាធក្នុងជន្មាយុ៩១ឆ្នាំ

9


ភ្នំពេញ៖សូមចូលរួមសោកស្តាយធនធានមនុស្ស ខាងសៀករហ័សកម្មដ៏ល្បីប្រចាំប្រទេស គឺស្តេចសៀករហ័សកម្ម លោក ចៅ ហ្វា បានទទួលមរណភាព ដោយជរា និងរោគាពាធក្នុងជន្មាយុ ៩១ឆ្នាំ កាលពីព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤។
តារាចម្រៀងលោក សុះ ម៉ាច ដែលជាអ្នកស្គាល់ជិតស្និទ្ធនឹងគ្រួសារលោកតា ចៅ ហ្វា បានឲ្យដឹងថា ជាការពិតលោក ចៅ ហ្វា បានទទួលមរណភាពហើយដោយជរា និងរោគាពាធក្នុងជន្មាយុ ៩១ឆ្នាំ កាលពីព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤នេះ ហើយការបាត់បង់សិល្បករសៀករហ័សកម្មដំបូងគេបង្អស់របស់កម្ពុជា ដែលមានកេរ្តិ៍ឈ្មោះល្បីរន្ទឺតាំងពីទស្សវត្សទី៦០ និងត្រូវបានប្រជាជនខ្មែរប្រសិទ្ធនាមថា «ស្តេចសៀក» លោក ចៅ ហ្វា គឺជាការបាត់បង់ធនធានមនុស្សដ៏កម្រក្នុងវិស័យសិល្បៈវេទមន្ត និងសៀករហ័សកម្មនៅកម្ពុជា ដែលបច្ចុប្បន្នជំនាញនេះ ស្ទើរតែបាត់បង់គ្មានអ្នកចេះទៅហើយ។
អ្វីដែលកម្ពុជាកាន់តែសោកស្តាយជាងនេះទៅទៀតនោះ គឺក្រុមគ្រួសាររបស់លោកតា ចៅ ហ្វា ពុំមានបន្សល់ទុកដំណក់នូវឈាមសិល្បករសៀក ឬបន្តពូជពង្សរង្សត្រកូលរបស់ខ្លួន សម្រាប់កម្ពុជានោះទេ។ លោក ចៅ ហ្វា កើតនៅឆ្នាំ ១៩៣៧ នាទឹកដីកម្ពុជាក្រោម។
ដំណឹងការទទួលមរណភាពរបស់ស្តេចសៀករហ័សកម្ម លោក ចៅ ហ្វា គឺជាក្ដីសោកសៅមួយសម្រាប់ក្រុមគ្រួសារ ក៏ដូចជាសម្រាប់សិល្បករ-សិល្បការិនីរួមជំនាន់ និងញាតិមិត្តជិតឆ្ងាយ ដើម្បីចូលរួមរំលែកនូវមរណទុក្ខ ដល់ក្រុមគ្រួសារសព តាមកម្លាំងសុទ្ធាជ្រះថ្លា។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះសពលោកតា ចៅ ហ្វា កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណី ស្ថិតនៅផ្ទះលេខ A2.19 ផ្លូវ 5A ភូមិម័រ សង្កាក់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សូមទាក់ទងកូនប្រុសរបស់លោកតា តាមរយៈលេខទូរស័ព្ទ 070 30 60 50៕

អត្ថបទដែលជាប់ទាក់ទង