ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចិនចោទថា មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te កំពុងតែបង្កើនភាពតានតឹង

12

ប៉េកាំង៖រដ្ឋាភិបាលចិន កាលពីថ្ងៃអង្គារ ទី៨ ខែតុលា បាននិយាយថា មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te កំពុងបង្កើន ភាពតានតឹងជាមួយចេតនាអាក្រក់ ខណៈការចោទប្រកាន់នេះធ្វើឡើង មុនពេលលោក Lai ត្រូវថ្លែងសារសំខាន់មួយ ដែលអាចនឹង ញ៉ាំងឱ្យទីក្រុងប៉េកាំង ធ្វើសកម្មភាពយោធា ដើម្បីឆ្លើយតប។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោក Lai ដែលបានឡើងកាន់តំណែងកាលពីខែឧសភា ឆ្នាំនេះ ក្រោយឈ្នះការបោះឆ្នោតខែមករា គឺត្រូវចិនមិនពេញចិត្តជាខ្លាំង។ ចិនចាត់ទុករូបលោក ជាបុគ្គលមាននិន្នាការចង់បំបែករដ្ឋដ៏គ្រោះថ្នាក់ម្នាក់។ ឆ្លើយតបចំពោះការអត្ថាធិប្បាយ កាលពីចុងសប្តាហ៍មុន ដោយលោក Lai បាននិយាយថា វាជារឿងមិនអាចទៅរួច ដែលចង់ឱ្យចិនក្លាយជាដែនដីកំណើតរបស់តៃវ៉ាន់ ដ្បិតតៃវ៉ាន់មានឫសគល់នយោបាយចាស់វស្សាជាងចិននោះ ការិយាល័យកិច្ចការតៃវ៉ាន់របស់ចិន បាននិយាយថា លោក Lai កំពុងយល់ខុសជាខ្លាំង។
ទីក្រុងប៉េកាំងបានលើកឡើងថា លោក Lai នៅតែបន្តព្យាយាមបញ្ចុះបញ្ចូលពិភពលោកថា ភាគីទាំងពីរដែលនៅត្រើយទាំងសងខាង នៃច្រកសមុទ្រតៃវ៉ាន់ គឺជាប្រទេសដាច់ដោយឡែកពីគ្នា ប៉ុន្តែវាមិនពិតឡើយ ហើយប្រការនេះបង្ហាញឱ្យឃើញសាជាថ្មីម្តងទៀត នូវគោលជំហរចចេសរឹងរូសរបស់លោក ជុំវិញបញ្ហាឯករាជ្យតៃវ៉ាន់ ព្រមទាំងចេតនាអាក្រក់របស់លោក ក្នុងការបង្កើនអរិភាព និង ការប្រឈមមុខដាក់គ្នា។
គួរបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក Lai Ching-te នឹងត្រូវថ្លែងសារសំខាន់មួយ ក្នុងឱកាសខួប នៃការផ្តួលរំលំរបបរាជានិយមចុងក្រោយបំផុតរបស់ចិន កាលពីឆ្នាំ១៩១១។ ចិនត្រូវគេមើលឃើញថា ទំនងជានឹងធ្វើសមយុទ្ធយោធានៅក្បែរកោះតៃវ៉ាន់ ដើម្បីឆ្លើយតបការថ្លែងសាររបស់លោក Lai៕

អត្ថបទដែលជាប់ទាក់ទង