ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហឹបសន្លឹកកិច្ចការទាំងអស់របស់បេក្ខជនប្រឡងបាក់ឌុប បានដឹកមកដល់រាជធានីភ្នំពេញរួចអស់ហើយ

24

ភ្នំពេញ៖គិតត្រឹមរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ ហឹបសន្លឹកកិច្ចការទាំងអស់ របស់បេក្ខជននៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ០៨ តុលា ២០២៤ បានដឹកពីបណ្ដាខេត្ត មកដល់មណ្ឌលកំណែវិទ្យាល័យព្រះស៊ីសុវត្ថិ ព្រមទាំងត្រូវបានរក្សាទុកយ៉ាងត្រឹមត្រូវ និងសុវត្ថិភាព ក្រោមការត្រួតពិនិត្យយ៉ាងម៉ត់ចត់ ពីសំណាក់គណៈមេប្រយោគទូទាំងប្រទេសប្រចាំរាជធានី-ខេត្ត អប្បមាទទូទាំងប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ។
ក្រសួងអប់រំ យុវជន និងកីឡា ថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ចំពោះកងកម្លាំងប្រដាប់អាវុធ ដែលបានចូលរួមការពារសុវត្ថិភាព ក្នុងការដឹកជញ្ជូនសន្លឹកកិច្ចការបេក្ខជនពីបណ្ដាខេត្ត មកកាន់រាជធានីភ្នំពេញ តាំងពីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ។
សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧ ០៤០ នាក់ (ស្រី ៧៤ ៨៨២នាក់) ក្នុងនោះ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន៣៩ ៣៥៨ នាក់ (ស្រី ២៣ ៧១៥ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៩៧ ៦៨២ នាក់ (ស្រី ៥១ ១៦៧នាក់)។ បេក្ខជនត្រូវបានរៀបចំចំនួន ២៥នាក់ ក្នុងមួយបន្ទប់ ទៅតាមមណ្ឌលសំណេរនីមួយៗ តាមរាជធានី ខេត្តលើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជន មកពីវិទ្យាល័យអប់រំពិសេស។
មណ្ឌលសំណេរមានចំនួនសរុប ២៣០ មណ្ឌល ត្រូវជា ៥ ៥៣៣ បន្ទប់ ក្នុងនោះ៖ ថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៧៣ មណ្ឌល ត្រូវជា ១ ៦០២ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៥៧ មណ្ឌល ត្រូវជា ៣ ៩៣១បន្ទប់។ មណ្ឌលកំណែសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួន ១០មណ្ឌល ដែលមានទីតាំងស្ថិតនៅរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង