ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក អញ្ជើញសម្តេចបវរធិបតី ចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៥

10


វៀងចន្ទន៍, ឡាវ៖នាល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ ក្លោស ឆ្វាប់ (Klaus Schwab) ស្ថាបនិក និងជាប្រធានប្រតិបត្តិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ចូលជួបសម្តែងការគួរសម នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ។
ក្នុងឱកាសនៃជំនួបនោះ លោកប្រធានប្រតិបត្តិបានសម្ដែងការអរគុណចំពោះសម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការីបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ និងថ្លែងអំណរគុណសម្ដេចបវរធិបតី ដែលបានអញ្ជេីញចូលរួមនៅក្នុងកិច្ចប្រជុំ WEF នៅទីក្រុងដាវ៉ូស ប្រទេសស្វីស កាលពីដើមឆ្នាំ២០២៤កន្លងទៅ។
ឆ្លៀតក្នុងឱកាសនេះ លោកសាស្ត្រាចារ្យក៏បានគោរពអញ្ជើញសម្ដេចធិបតីចូលរួមក្នុងវេទិកាប្រចាំឆ្នាំនេះម្ដងទៀត ដែលគ្រោងនឹងរៀបចំឡើងនៅដើមឆ្នាំ២០២៥ ខាងមុខនេះ។ លោកសាស្ត្រាចារ្យ ក៏បានជម្រាបសម្ដេចបវរធិបតី អំពីសក្ដានុពលនៃវេទិកា WEF ដែលជាឱកាសនៅក្នុងការកសាងនូវបណ្ដាញទំនាក់ទំនងរវាងវិស័យសាធារណៈ និងឯកជន។
ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ដែលបានជួបលោកសាស្ត្រាចារ្យ សាជាថ្មី និង បានអបអរសារទរចំពោះការភាពជោគជ័យនៃវេទិកា WEF នាពេលកន្លងមក។ សម្ដេចបវរធិបតី ក៏បានថ្លែងអំណរគុណចំពោះលោកសាស្រ្តាចារ្យ ដែលបានអញ្ជើញសម្ដេចបវរធិបតីផ្ទាល់ ចូលរួមវេទិកា WEF នៅឆ្នាំក្រោយផងដែរ៕

អត្ថបទដែលជាប់ទាក់ទង