ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដម តាន់ ហ្សង់ហ្វ្រង់ស័រ ៖សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញអំពីជំហររបស់កម្ពុជាក្នុងកិច្ចប្រជុំអាស៊ាន ចំពោះបញ្ហាឧបទ្វីបកូរ៉េ ,ជម្លោះសមុទ្រចិនខាងត្បូង ,ជម្លោះនៅមជ្ឈិមបូព៌ា និងនយោបាយចិនមួយ

15

ភ្នំពេញ៖ឯកឧត្ដមតាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញអំពីជំហររបស់ភាគីកម្ពុជា ដែលបញ្ជាក់ដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ចំពោះបញ្ហាឧបទ្វីបកូរ៉េ ជម្លោះសមុទ្រចិនខាងត្បូង ជម្លោះនៅមជ្ឈិមបូព៌ា ក៏ដូចជានយោបាយចិនមួយ។
ក្នុងសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ (ថ្ងៃទី៩-១១ ខែតុលា ២០២៤) នៅប្រទេសឡាវ, ឯកឧត្ដមតាន់ ហ្សង់ហ្វ្រង់ស័រ បានឱ្យដឹងថា ចំពោះបញ្ហាសមុទ្រចិនខាងត្បូងមិនមែនទើបតែកើតឡើងនោះទេ បញ្ហានៅឧបទ្វីបកូរ៉េដែលមានអស្ថិរភាពធ្ងន់ធ្ងរ ក៏មិនមែនកើតឡើងទើបតែ១០ឆ្នាំមុននេះទេ ជម្លោះនៅមជ្ឈិមបូព៌ាក៏មិនមែនកើតឡើងកាលពីអាទិត្យមុននេះទេ ផ្ទុយទៅវិញបញ្ហាធំៗទាំងអស់នេះមិនងាយនឹងរកដំណោះស្រាយបានទេ។ ដោយសារតែវេទិកានៃជំនួបកំពូលអាស៉ីបូព៌ា ប្រមូលផ្ដុំទៅដោយមហាអំណាចធំៗ បូករួមនឹងបណ្ដាប្រទេសទាំង១០របស់អាស៊ាន ដែលជាស្នូលក្នុងជំនួបកំពូលអាស៊ាន ស្នូលនៃជំនួបកំពូលអាស៊ានបូក១ ស្នូលនៃជំនួបកំពូលអាស៊ានបូក៣ ស្នូលនៃជំនួបកំពូលអាស៉ីបូព៌ាផងនោះ ដូច្នេះចង់ឬមិនចង់វេទិកាទាំងនេះ គឺក្លាយជាទីតាំងមួយដែលចក្ខុរបស់ពិភពលោកផ្ដោតលើមេដឹកនាំធំៗ រដ្ឋបុរសធំៗមកពីជុំវិញពិភពលោក និងនៅក្នុងតំបន់ ថាតើពួកគេលើកយកប្រធានបទអ្វីមកនិយាយ ហើយការដោះស្រាយបានប៉ុនណា។
ឯកឧត្ដមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានបន្តថា ការបញ្ជាក់ពីជំហររបស់ប្រទេសកម្ពុជានៅចំពោះមុខបញ្ហាសមុទ្រចិនខាងត្បូង ភាគីកម្ពុជាពុំដែលកែប្រែជំហររបស់ខ្លួននោះទេ គឺនៅរក្សាជំហរឥតងាករេ ពោលគឺការចង់ឃើញសមុទ្រចិនខាងត្បូង ត្រូវតែជាសមុទ្រសន្តិភាព សមុទ្រស្ថិរភាព និងសមុទ្រវិបុលភាព។ ដូចគ្នាដែរ កម្ពុជាបានបន្តអនុវត្តខ្លឹមសារពេញលេញទាំងស្រុង នៃសេចក្ដីថ្លែងការណ៍ប្រតិបត្តិរបស់បណ្ដាភាគី (DOC) ហើយកម្ពុជានៅតែចង់ឃើញការសម្រេចឱ្យបានឆាប់ៗបំផុតនូវអ្វីដែលគេហៅថា ក្រមប្រតិបត្តិនៃសមុទ្រចិនខាងត្បូង (COC)។ តែយ៉ាងណា បញ្ហានេះនៅតែពិបាកនឹងបោះពួយទៅមុខ គឺមានតែលើកយកមកពិភាក្សារៀងរាល់ឆ្នាំ ដើម្បីរកដំណោះស្រាយរួមគ្នា ជាជាងមិនធ្វើអ្វីទាំងអស់។
ឯកឧត្ដម តាន់ ហ្សង់ហ្វ្រង់ស័រ បានបន្តទៀតថា ចំពោះបញ្ហានៅឧបទ្វីបកូរ៉េ ក៏ភាគីកម្ពុជាឥតកែប្រែជំហរនោះដែរ តួយ៉ាង សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងរួចមកហើយថា កម្ពុជាចង់ឱ្យភាគីពាក់ព័ន្ធសន្ទនាគ្នាដោយសន្តិវិធី ដើម្បីឱ្យឧបទ្វីបកូរ៉េមានសន្តិភាព មានស្ថិរភាព ពិសេសគឺគ្មានអាវុធនុយក្លេអ៊ែរ។
ស្ដីពីជម្លោះនៅមជ្ឈិមបូព៌ាវិញ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងរួចហើយដែរ គឺកម្ពុជានៅតែជឿជាក់ថា «បើគ្មានដំណោះស្រាយរដ្ឋពីរទេនោះ (ប៉ាឡេស្ទីន និង អ៉ីស្រាអែល) នឹងនៅតែគ្មានសន្តិភាពឡើយ»។ នេះបើតាមការបញ្ជាក់របស់ឯកឧត្ដម តាន់ ហ្សង់ហ្វ្រង់ស័រ។
ទាក់ទិននឹងនយោបាយចិនមួយ ត្រូវបានឯកឧត្ដមតាន់ ហ្សង់ហ្វ្រង់ស័រ បញ្ជាក់ឡើងវិញថា កម្ពុជាមិនដែលកែប្រែជំហររបស់ខ្លួនទាល់តែសោះ បានន័យថា កម្ពុជាទទួលស្គាល់ចិនមួយ ពោលគឺរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ជាតំណាងផ្ដាច់មុខនៃប្រទេសចិនទាំងអស់ ខណៈតៃវ៉ាន់គ្រាន់តែផ្នែកមួយនៃដែនដីចិនប៉ុណ្ណោះ ហើយបញ្ហាតៃវ៉ាន់គ្រាន់តែជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិននោះដែរ៕

អត្ថបទដែលជាប់ទាក់ទង