ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការប្រឡងចេញថ្នាក់ជាតិ ចំពោះនិស្សិតបានបញ្ចប់ការសិក្សា នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤ បញ្ចប់ដោយរលូន នឹងប្រកាសលទ្ធផលនៅថ្ងៃនេះ

11

ភ្នំពេញ៖ឯកឧត្ដម សុក ផេង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល នៅល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤នេះថា ការប្រឡងចេញថ្នាក់ជាតិ ចំពោះនិស្សិតបានបញ្ចប់ការសិក្សា នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤ នាថ្ងៃនេះ បានបញ្ចប់ដោយរលូន ហើយនឹងប្រកាសលទ្ធផលនៅថ្ងៃនេះ។
ឯកឧត្ដមបានឱ្យដឹងទៀតថា ការប្រឡងនេះគឺប្រព្រឹត្តទៅរយៈពេលមួយថ្ងៃពេញ គឺនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ នៅមណ្ឌលប្រឡងសំណេរវិទ្យាល័យឥទ្រ្ទទេវី ហើយការប្រឡងចេញថ្នាក់ជាតិនេះឡើង ក្នុងគោលបំណងដើម្បីធានាថានិស្សិត ដែលបានបញ្ចប់ការសិក្សាក្នុងវិស័យសុខាភិបាលទាំងអស់ មានសមត្ថភាពគ្រប់គ្រាន់មុនពេលចេញទៅបម្រើសេវាសុខាភិបាលប្រកបដោយប្រសិទ្ធភាព និងគុណភាពខ្ពស់។
យោងសេចក្តីជូនដំណឹងលេខ២០៥/២៤ គបជ ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ស្តីពីការប្រឡងចេញថ្នាក់ជាតិ ចំពោះនិស្សិតបានបញ្ចប់ការសិក្សា នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤ មានបេក្ខជនចំនួន៩០៩នាក់ បានដាក់ពាក្យចូលរួមប្រឡង។ ការប្រឡងនេះបានប្រព្រឹត្តទៅតាមកម្មវិធីដូចខាងក្រោម៖
ការប្រឡងសំណេរ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤៖
-ចាប់ពីម៉ោង១៣ និង៣០នាទី ដល់ម៉ោង១៥ និង៣០នាទី ប្រឡងមុខវិជ្ជា MCQI
-ចាប់ពីម៉ោង១៥ និង៣០នាទី ដល់ម៉ោង១៧ និង០០នាទី ប្រឡងមុខវិជ្ជាMCQII។
សម្រាប់គណៈកម្មការ និងអនុគណៈកម្មការនានា មានសមាសភាពជាថ្នាក់ដឹកនាំ និងមន្ត្រីមកពីទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា គ្រប់គ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលទាំងសាធារណៈ និងឯកជន សរុបចំនួន៣៣៩នាក់ សម្រាប់គ្រប់គ្រង និងដំណើរការប្រឡងសំណេរ កំណែ និងប្រកាសលទ្ធផល។ ការប្រឡងនេះមានការចូលរួមសង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយផងដែរ។
សូមជម្រាបថា មុននឹងចាប់ផ្ដើមដំណើរប្រឡង គណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់ការបណ្ដុះបណ្ដាលក្នុងវិស័យសុខាភិបាល បានរៀបចំកិច្ចប្រជុំនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ក្នុងគោលបំណងណែនាំពីតួនាទី ភារកិច្ចដល់គណៈកម្មការ និងអនុគណៈកម្មការនានាដែលនឹងត្រូវអនុវត្តភារកិច្ចនាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ ឱ្យយល់ច្បាស់ និងយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង