ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធនាគារពិភពលោកបង្កើនការព្យាករកំណើនសេដ្ឋកិច្ចរបស់តំបន់អាស៊ីខាងត្បូងដល់ ៦,៤%

10


ញូវដែលី៖ធនាគារពិភពលោកបានបង្កើនការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់តំបន់អាស៊ីខាងត្បូងដល់ ៦,៤ភាគរយសម្រាប់ឆ្នាំ២០២៤ ពីអត្រា ៦ភាគរយ ដោយលើកឡើងពីភាពរឹងមាំនៃតម្រូវការក្នុងស្រុកនៅក្នុងប្រទេសឥណ្ឌា និងការស្ទុះងើបសេដ្ឋកិច្ចឡើងវិញលឿនកាន់តែលឿននៅក្នុងប្រទេសដែលរងគ្រោះដោយវិបត្តិដូចជាស្រីលង្កា និងប៉ាគីស្ថាន។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ធនាគារពិភពលោកបានព្យាករថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌាសម្រាប់ឆ្នាំសារពើពន្ធបច្ចុប្បន្នដែលបញ្ចប់នៅខែមីនា ឆ្នាំ២០២៥ កើនឡើងដល់ ៧ភាគរយធៀបនឹងឆ្នាំមុន ខណៈដែលការព្យាករកាលពីខែមេសាមានតែ ៦,៦ភាគរយ។ ការដំឡើងការព្យាករនេះត្រូវបានធនាគារពិភពលោកបានលើកឡើងថាដោយសារការស្ទុះងើបឡើងវិញនៃទិន្នផលកសិកម្ម និងការកើនឡើងការប្រើប្រាស់ឯកជន។
លោក Martin Raiser អនុប្រធានធនាគារពិភពលោកទទួលបន្ទុកតំបន់អាស៊ីខាងត្បូងបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា៖ «មានក្រុមអ្នកប្រើប្រាស់ដែលកំពុងកើនឡើងនៅឥណ្ឌា ដែលជំរុញឱ្យសេដ្ឋកិច្ចដើរឆ្ពោះទៅមុខ មានការស្ទុះងើបសេដ្ឋកិច្ចឡើងវិញចេញពីវិបត្តិនៅក្នុងប្រទេសស្រីលង្កា ហើយនៅក្នុងប្រទេសប៉ាគីស្ថាន ក៏មានការស្ទុះងើបសេដ្ឋកិច្ចឡើងវិញដែលដឹកនាំដោយវិស័យទេសចរណ៍នៅក្នុងប្រទេសនេប៉ាល់ និងប៊ូតាន»។
ការដំឡើងការព្យាករនេះបញ្ជាក់ថា តំបន់អាស៊ីខាងត្បូងជាតំបន់សេដ្ឋកិច្ចដែលមានកំណើនលឿនបំផុតក្នុងចំណោមតំបន់ដែលត្រូវបានពិនិត្យតាមដានដោយធនាគារពិភពលោក។ ធនាគារដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោននេះព្យាករថា តំបន់អាស៊ីខាងត្បូងនឹងមើលឃើញកំណើនដ៏រឹងមាំ ៦,២ភាគរយជារៀងរាល់ឆ្នាំសម្រាប់រយៈពេលពីរឆ្នាំបន្ទាប់។
ធនាគារពិភពលោកបានព្យាករថា សេដ្ឋកិច្ចរបស់ប្រទេសប៉ាគីស្ថាននឹងកើនឡើង ២.៨ភាគរយក្នុងឆ្នាំសារពើពន្ធបច្ចុប្បន្នដែលបានចាប់ផ្តើមកាលពីខែកក្កដាពោលគឺកើនឡើងពីការព្យាករមុនដែលមានតែ ២,៣ភាគរយ ដោយការស្ទុះងើបឡើងវិញក្នុងវិស័យផលិតកម្ម និងការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ។
ប្រទេសស្រីលង្កាត្រូវបានដំឡើងការព្យាករច្រើនបំផុតដោយរំពឹងថានឹងមានកំណើន ៤,៤ភាគរយនៅឆ្នាំនេះ និង ៣,៥ភាគរយនៅឆ្នាំ២០២៥។ ការព្យាករសម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេប៉ាល់ត្រូវបានដំឡើងដល់ ៥,១ភាគរយពី ៤,៦ភាគរយសម្រាប់ឆ្នាំសារពើពន្ធ២០២៤-២០២៥ ដែលបានចាប់ផ្តើមនៅពាក់កណ្តាលខែកក្កដា ឆ្នាំនេះ។ សេដ្ឋកិច្ចរបស់ប្រទេសប៊ូតានត្រូវបានដំឡើងដល់ ៧,២ ភាគរយពី ៥,៧ ភាគរយ។
ប៉ុន្តែការព្យាករកំណើនសេដ្ឋកិច្ចរបស់ប្រទេសបង់ក្លាដែសត្រូវបានទម្លាក់មកនៅត្រឹម ៤ភាគរយពី ៥,៧ភាគរយសម្រាប់ឆ្នាំសារពើពន្ធ ២០២៤-២០២៥ ដែលបានចាប់ផ្តើមពីខែកក្កដាដល់ខែមិថុនា ដែលឆ្លុះបញ្ចាំងពីការធ្លាក់ចុះការនាំចេញសម្លៀកបំពាក់ក្នុងគ្រាដែលមានភាពចលាចលសង្គមនាពេលថ្មីៗនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕

អត្ថបទដែលជាប់ទាក់ទង