ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាត្រូវការសន្ដិភាព មិនចូលរួមជាមួយយន្ដការណាដែលប៉ះពាល់ជាមួយសន្ដិភាពឡើយ, កម្ពុជាក៏ត្រូវការសន្ដិភាពក្នុងតំបន់ដូចគ្នា

12


ភ្នំពេញ៖សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា កម្ពុជាមិនចូលរួមជាមួយយន្តការណា ឬប្លុកណាដែលមានចរិកនយោបាយ បង្កើតឡើងដើម្បីប្រកួតប្រជែង ឬប្រឆាំងគ្នានោះទេ កម្ពុជាត្រូវការសន្ដិភាព ដូចនេះដាច់ខាតមិនចូលរួមជាមួយយន្ដការណាដែលធ្វើប៉ះពាល់ជាមួយសន្ដិភាព ស្ថិរភាពឡើយ ហើយកម្ពុជាក៏ត្រូវការសន្ដិភាពក្នុងតំបន់ដូចគ្នា។
 ការបញ្ជាក់បែបនេះរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលសម្តេចសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរខួប២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សូមបញ្ជាក់ឱ្យច្បាស់កម្ពុជា មិនចូលរួមជាមួយយន្តការណា ដែលមានចរិកនយោបាយ បង្កើតឡើងដើម្បីប្រកួតប្រជែង ឬប្រឆាំងជាមួយប្រទេសណា ឬប្លុកណានោះទេ នេះជាគោលនយោបាយរបស់កម្ពុជា, យើងចូលរួមជាមួយប្លុក យើងចូលជាមួយយន្តការដែលមានទិសដៅរួម បង្កើតឡើងក្នុងការថែរក្សាសុខដុមរមណីយកម្ម សុខសន្តិភាព វិបុលភាព នៅក្នុងតំបន់ ជំរុញការអភិវឌ្ឍរួមគ្នានៅក្នុងតំបន់ ជាពិសេសសេដ្ឋកិច្ច និងយន្តការដែលថែរក្សាសន្តិភាព នៅក្នុងតំបន់ពីព្រោះកម្ពុជា ត្រូវការសន្តិភាព សន្តិភាពផ្ទៃក្នុងប្រទេសត្រូវថែរក្សាឱ្យបាន ប៉ុន្តែ សន្តិភាពនៅក្នុងតំបន់ក៏ចាំបាច់ដែរ ព្រោះវាពាក់ព័ន្ធយើងដែរ គ្រាន់តែគេវៃគ្នានៅ អ៊ុយក្រែន ថ្លៃទំនិញឡើងថ្លៃ, គ្រាន់តែវៃគ្នានៅតំបន់មជ្ឈឹមបូព៌ា ការដឹកជញ្ជូនទំនិញឆ្លងកាត់សមុទ្រក្រហម ត្រូវពន្យាពេលដែលធ្វើឱ្យទំនិញឡើងថ្លៃ…!»។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រសិនបើនៅក្នុងតំបន់មានជម្លោះ តើស្ថានភាពសេដ្ឋកិច្ចនឹងទៅជាយ៉ាងណា? ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋតែម្តង។ ដូច្នេះ សម្រាប់កម្ពុជា ដែលជាសមាជិករបស់អង្គការសហប្រជាជាតិ និងជាសមាជិករបស់អាស៊ាន គឺប្តេជ្ញាចិត្តចូលរួមជាមួយនឹងយន្តការណាដែលបានផ្តល់ផលប្រយោជន៍ក្នុងការថែរក្សាសន្តិភាព មិនបង្កើតឡើងដើម្បីប្រឆាំងនឹងប្រទេសណា ឬប្លុកណានោះទេ និងមិនប្រកួតប្រជែង ប៉ុន្តែ ជាសមាហរណកម្ម ដើម្បីបំពេញឱ្យគ្នាទៅវិញ ទៅមក និងជាពិសេសជំរុញឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ចរួមគ្នា ការថែរក្សាសន្តិភាព និងស្ថិរភាព។
បន្ថែមពីនេះ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រីបានអះអាងថា សម្រាប់យន្តការទាំងឡាយពាក់ព័ន្ធនឹងការថែរក្សាសន្តិភាព ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច គឺកម្ពុជា នៅតែបន្ត ដើម្បីឱ្យកម្ពុជា ព្រមទាំងប្រទេសនៅតំបន់មានលទ្ធភាពពង្រីកខ្លួន ពង្រីកលទ្ធភាព នៅលើគ្រប់វិស័យដើម្បីឱ្យប្រទាក់ក្រឡាជាមួយគ្នា។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា កម្ពុជានឹងបន្តចូលរួមឱ្យកាន់តែសកម្មបន្ថែមទៀត ចំពោះយន្តការទាំងឡាយណាដែលមានលក្ខណៈរួមគ្នាថែរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ ប្រឆាំងជាមួយនឹងសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែនជាដើម។ ប៉ុន្តែ បើបង្កើតឡើងដើម្បីប្រឆាំងជាមួយនឹងប្រទេសណា កម្ពុជានឹងមិនចូលរួមជាដាច់ខាត ក្នុងនាមជាសមាជិកអង្គការសហប្រជាជាតិ និងសមាជិករបស់អាស៊ាន ធ្វើយ៉ាងថែក្សាស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ដើម្បីឱ្យតំបន់មានសន្តិភាព សម្រាប់ផ្តល់ផលប្រយោជន៍ដល់កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង