ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ពាណិជ្ជកម្មសេរី ត្រូវតែមានការនាំចេញ និងនាំចូល, គេអនុគ្រោះយើង យើងអនុគ្រោះគេ

10


ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា ពាណិជ្ជកម្មសេរី ត្រូវតែមានការនាំចេញ និងនាំចូល, គេអនុគ្រោះយើង យើងអនុគ្រោះគេ ហើយកុំខ្លាចការប្រកួតប្រជែង ព្រោះវានឹងធ្វើឱ្យយើងកាន់តែរឹងមាំ។ សម្ដេចបវធិបតី បានថ្លែងបែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតី អបអរសាទរខួប២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤។
សម្ដេចនាយករដ្ឋមន្រ្តីបានបញ្ជាក់ទៀតថា សម្ដេចធ្លាប់បានលឺគេចោទជាសំណួរថា ប្រទេសយើងក្រ យើងទៅចូលនៅក្នុងសមាគមន៍ WTO ធ្វើអី? ប្រកួតម៉េចឈ្នះគេ? យើងមិនបិទទ្វាការពារឧស្សាហកម្មយើងសិនទៅ! ឱ្យខ្លាំងសិនចាំយើងបើកទ្វា។ ហេតុអីយើងមិនពង្រឹងខ្លួនឯងសិនចាំទៅលេងជាមួយគេអ្នកខ្លាំង?
សម្ដេចមហាបវធិបតី បានឆ្លើយតបនឹងសំណួរខាងលើ យ៉ាងដូច្នេះថា៖ «បានខ្ញុំថាអាហ្នឹងដូចហាត់ក្បាច់គុននៅក្នុងផ្ទះចឹង យើងហាត់ស្អាតណាស់ ឡូយណាស់ តែយើងមិនចេញទៅប្រកួតជាមួយគេ យើងបានបទពិសោធន៍មកពីណា? […] ការប្រកួតប្រជែងដោយការពង្រឹងខ្លួនឯងនៅក្នុងសមរភូមិពានិជ្ជកម្ម គឺទាល់តែពង្រឹងសមត្ថភាពផ្ទៃក្នុងរបស់យើង ហើយការដាក់ទិសដដៅរបស់យើងក្នុងការបើកទីផ្សារនេះ មិនមែនគ្រាន់តែបើកទីផ្សារធំទេ ប៉ុន្តែត្រូបង្កើនស្តង់ដារ ព្រោះយើងនាំផលិតផលរបស់យើងដែលមានស្តង់ដារខ្ពស់ ទាមទារឱ្យយើងមានសមត្ថភាព អ្នកផលិតក្នុងស្រុកត្រូវមានស្តង់ដារ។ អីចឹងយើងខំពង្រឹងប្រើប្រាស់បច្ចេកវិទ្យា ទាំងស្តង់ដារផ្សេងៗដើម្បីបំពេញ ដែលធ្វើឱ្យខ្លួនយើងកាន់តែរឹងមាំ ធ្វើឱ្យសមត្ថភាពវិស័យឯកជនរបស់យើង រដុ្ឋរបស់យើងក៏កាន់តែរឹងមាំ ក្នុងរដ្ឋក៏ត្រូវពង្រឹង ព្រោះកាលមុនយើងសេដ្ឋកិច្ចផែនការ រហូតដល់ឆ្នាំ៩០ជាង ដោយយើងចាប់ផ្ដើមបើក ហើយពេលដែលយើងចាប់ផ្ដើមចូលទៅ WTO ការងារមួយចំនួនយើងត្រូវពង្រឹងផ្នែកនិយ័តកម្មរបស់យើង ច្បាប់របស់យើង ដើម្បីឱ្យស្របទៅនឹងច្បាប់អន្តរជាតិ ដើម្បីពង្រឹងខ្លួនឯងនេះឯង។ អីចឹងបានផលទាំងអស់ ទាំងរដ្ឋ ទាំងវិស័យឯកជន ទាំងប្រជាពលរដ្ឋ ដើម្បីយើងសមាហរណកម្មខ្លួនយើងពេញ នេះហើយជាលទ្ធផលដែលយើងទទួលបាននូវការរីកចម្រើនរបស់យើង»។
សម្តេចបវរធិបតី បានបញ្ជាក់យ៉ាងច្បាស់ៗថា ការសម្រេចចូលរួមជាសមាជិករបស់ WTO ជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក ហើយការអបអរសាទរខួប២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) គឺជាព្រឹត្តិការណ៍ដ៏មានសារ:សំខាន់ជាប្រវត្តិសាស្ត្រ ដើម្បីឆ្លុះបញ្ចាំងនូវចក្ខុវិស័យ និងដើម្បីរំលេចនូវសមិទ្ធផលនានា ដែលកើតចេញពីរបត់ប្រវត្តិសាស្ត្រដ៏សំខាន់របស់កម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើសមាហរណកម្ម សេដ្ឋកិច្ច ទៅក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមានអង្គការពាណិជ្ជកម្មពិភពលោកជាស្នូល។
សូមបញ្ជាក់ថា អង្គការពាណិជ្ជកម្មពិភពលោក WTO គឺជាអង្គការរដ្ឋាភិបាលមួយដែលបានយកចិត្តទុកដាក់លើបទបញ្ញត្តិនៃពាណិជ្ជកម្មអន្តរជាតិរវាងប្រទេសនីមួយៗ។ អង្គការពាណិជ្ជកម្មពិភពលោក បានបង្កើតឡើងនៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៩៥ ក្រោមកិច្ចព្រមព្រៀងម៉ារ៉ាកេស ដោយមានការចុះហត្ថលេខាដោយប្រទេសចំនួន១២៣ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៩៤។ អង្គការពាណិជ្ជកម្មពិភពលោក ដែលហៅកាត់ថា WTO ក៏ជាអង្គការសេដ្ឋកិច្ចអន្តរជាតិធំជាងគេបំផុតនៅលើពិភពលោកផងដែរ៕

អត្ថបទដែលជាប់ទាក់ទង