ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត សម្រេចឲ្យផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំនៅពន្ធនាគារ «ម១» ក្រោយបែកធ្លាយវីដេអូផឹកស៉ី

14


ភ្នំពេញ៖សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ពន្ធនាគារព្រៃស ឬម១ នឹងត្រូវផ្លាស់ប្ដូរក្បាលម៉ាស៉ីនដឹកនាំ ដើម្បីឲ្យមានប្រសិទ្ធភាពការងារ ក្រោយបែកធ្លាយវីដេអូផឹកស៉ី ក្នុងពន្ធនាគារព្រៃ។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ បានបង្ហើបថា សម្តេចបានជជែកជាមួយឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួចហើយ ករណីបង្ហោះវីដេអូផឹកស៉ីក្នុងពន្ធនាគារ ដែលត្រូវបានគេចែកចាយ តាមបណ្តាញសង្គមហ្វេសប៊ុកបែបនេះ។ ករណីនេះ ពន្ធនាគារព្រៃស នឹងត្រូវផ្លាស់ប្ដូរក្បាលម៉ាស៉ីន ដើម្បីពង្រឹងស្ថាប័ន។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា ៖ «ម្សិលម្ង៉ៃនេះឃើញ គេជប់លៀង បង្ហោះហ្វេសប៊ុកពីក្នុងគុក។ ខ្ញុំបានជជែកជាមួយ ឯកឧត្តម ស សុខា ពីម្សិលម្ង៉ៃ ប្រគល់ភារកិច្ចឲ្យមើលពិនិត្យអាហ្នឹងឡើងវិញ ឆែកមើល ស្រាវជ្រាវមើលរឿងហ្នឹងវាយ៉ាងម៉េច។ ព្រោះហ្វេសប៊ុកនេះ រញ៉េរញ៉ៃណាស់ ជួនកាលវិដេអូ ១០ឆ្នាំទើបចេញឥលូវ ប៉ុន្តែធ្វើយ៉ាងណា ជាពិសេសធ្វើការកែទម្រង់ពង្រឹង ពន្ធនាគាររបស់យើង។ ម្សិលមិញ ឯកឧត្តម ស សុខា បានរាយការណ៍មក ទី១៖ ពង្រឹង ម១នេះ តាមរយៈការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំតែម្តង ដើម្បីពង្រឹងស្ថាប័ននេះ… »។
សូមជម្រាបថា ថ្មីៗនេះ មានការចែកចាយព្រោងព្រាត ករណីវីដេអូផឹកស៉ីក្នុងពន្ធនាគារ ដែលបង្ហាញភាពកម្សោយ នៃការដឹកនាំស្ថាប័នពន្ធនាគារព្រៃស ឬ ម១៕

អត្ថបទដែលជាប់ទាក់ទង