ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កាណាដា បណ្ដេញមន្ត្រីការទូតឥណ្ឌា ៦នាក់ ជុំវិញសំណុំរឿងសម្លាប់មេដឹកនាំ Sikh

9


ញូវដេលី៖ កាណាដា កាលពីថ្ងៃចន្ទ ទី១៤ ខែតុលា បានបណ្ដេញមន្ត្រីការទូតឥណ្ឌា ៦នាក់ ក្នុងនោះរួមមានទាំងឧត្តមស្នងការម្នាក់ ដោយចោទប្រកាន់អ្នកទាំងនេះថាមានជាប់ ពាក់ព័ន្ធនឹងការសម្លាប់មេដឹកនាំ Sikh ម្នាក់ ព្រមទាំងគម្រោងកំណត់គោលដៅលើសកម្មជនប្រឆាំងឥណ្ឌា នៅក្នុងប្រទេសកាណាដា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។
ឆ្លើយតបទៅនឹងចំណាត់ការរបស់កាណាដា ឥណ្ឌាក៏បានបង្គាប់ឱ្យមន្ត្រីការទូតជាន់ខ្ពស់៦រូបរបស់កាណាដា ក្នុងនោះរួមមានឧត្តមស្នងការស្ដីទីម្នាក់ ចាកចេញពីប្រទេសរបស់ខ្លួន ផងដែរ។ ទំនាក់ទំនងការទូតរវាងកាណាដា និងឥណ្ឌា បានស្គាល់ភាពតានតឹងតាំងតែពីឆ្នាំមុនមកម្ល៉េះ បន្ទាប់ពីនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានអះអាងថា រដ្ឋាភិបាលរបស់លោកមានភស្តុតាងអាចបញ្ជាក់ថាទីភ្នាក់ងាររដ្ឋាភិបាលឥណ្ឌា បានសម្លាប់មេដឹកនាំ Sikh លោក Hardeep Singh Nijjar នៅលើទឹកដីកាណាដា។ ប៉ុន្តែឥណ្ឌា បានច្រានចោលការចោទប្រកាន់នេះ។
គួរបញ្ជាក់ថា កាណាដា កាលពីខែតុលា ឆ្នាំ២០២៣ បានដកមន្ត្រីទូតរបស់ខ្លួនជាង ៤០នាក់ ចេញពីប្រទេសឥណ្ឌា បន្ទាប់ពីទីក្រុងញូវដេលី ស្នើឱ្យទីក្រុងអូតាវ៉ា កាត់បន្ថយចំនួន បុគ្គលិកទូត។ កាណាដា គឺជាប្រទេសមួយដែលមានជនជាតិ Sikh រស់នៅច្រើនជាងគេ ក្រៅពីរដ្ឋ Punjab របស់ឥណ្ឌា។ តែរដ្ឋាភិបាលឥណ្ឌាបានចាត់ទុកមេដឹកនាំជនជាតិ ភាគតិច Sikh ជាជនផ្ដាច់ខ្លួន ខណៈឥណ្ឌារងការចោទប្រកាន់ថាបានរៀបចំផែនការតាមប្រមាញ់មេដឹកនាំ Sikh នៅឯបរទេស៕

អត្ថបទដែលជាប់ទាក់ទង