ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូរ៉េខាងជើង អះអាងថាមានយុវជន ១.៤លាននាក់ ចូលបម្រើកងទ័ព ក្នុងសប្ដាហ៍នេះ

13

សេអ៊ូល៖ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃពុធ ទី១៦ ខែតុលា បានរាយការណ៍ថាយុវជនប្រហែល ១.៤លាននាក់ បានចូលរួម ឬត្រឡប់មក ចូលរួមសាជាថ្មីនៅក្នុងជួរកងទ័ព នៅក្នុងសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
KCNA បានបញ្ជាក់ក្នុងសេចក្ដីរាយការណ៍របស់ខ្លួនថាយុវជនក្មេងៗ បានប្ដេជ្ញាចិត្តប្រយុទ្ធនៅក្នុងសង្រ្គាមពលីមួយ ដើម្បីកម្ទេចសត្រូវជាមួយអាវុធរបស់បដិវត្តន៍។ ការអះអាងបែបនេះរបស់ KCNA ធ្វើឡើងនៅចំពេលភាពតានតឹងរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើងបានឡើងកម្ដៅសាជាថ្មី ក្រោយកូរ៉េខាងជើងចោទថា កូរ៉េខាងត្បូងបានបង្ហោះដ្រូនចូលក្នុងរដ្ឋធានីព្យុងយ៉ាង។
កាលពីឆ្នាំមុន ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង ក៏ធ្លាប់បានអះអាងដូចគ្នានេះដែរពីការចូលរួមរបស់យុវជនកូរ៉េខាងជើង នៅក្នុងជួរកងទ័ព ដើម្បីប្រយុទ្ធប្រឆាំងជាមួយ សហរដ្ឋអាមេរិក។ «ប្រសិនបើសង្រ្គាមផ្ទុះឡើង នោះកូរ៉េខាងត្បូង នឹងត្រូវរលាយបាត់ពីផែនទី ហើយបើពួកគេចង់ធ្វើសង្រ្គាម នោះយើងនឹងធ្វើឱ្យពួកគេរលាយ បាត់»។ នេះជាការបន្ថែមរបស់ KCNA។
គួរបញ្ជាក់ថា កូរ៉េខាងជើង កាលពីថ្ងៃអង្គារ ទី១៥ ខែតុលា បានចាប់ផ្តើមបំផ្ទុះកម្ទេចកំណាត់ផ្លូវថ្នល់ និងថ្លូវរថភ្លើង ដែលតភ្ជាប់រវាងប្រទេសកូរ៉េទាំងពីរ នៅឯខាងព្រំប្រទល់របស់ខ្លួន។ វាជាការអនុវត្តការសន្យារបស់ទីក្រុងព្យុងយ៉ាង ដែលបានប្រកាសកាលពីសប្តាហ៍មុនថា នឹងកាត់ផ្តាច់ទាំងស្រុងនូវផ្លូវថ្នល់ និងផ្លូវដែក អន្តរកូរ៉េទាំងអស់ ហើយពង្រឹងការការពារបន្ថែមទៀត នៅតំបន់ព្រំប្រទល់ជាប់ជាមួយកូរ៉េខាងត្បូង៕

អត្ថបទដែលជាប់ទាក់ទង