ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហរដ្ឋអាមេរិក បង្ហាញក្តីបារម្ភជុំវិញសេចក្តីរាយការណ៍ អំពីទាហានកូរ៉េខាងជើងជួយរុស្ស៉ី ប្រយុទ្ធនៅអ៊ុយក្រែន

11

វ៉ាស៉ីនតោន៖កាលពីថ្ងៃអង្គារ ទី១៥ ខែតុលា អ្នកនាំពាក្យម្នាក់នៃសេតវិមាន បាននិយាយថា សហរដ្ឋអាមេរិក មានការព្រួយបារម្ភ ជុំវិញសេចក្តីរាយការណ៍ថ្មីៗនេះ អំពីទាហានកូរ៉េខាងជើង ជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters។
ក្នុងសប្តាហ៍នេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអះអាងថា កូរ៉េខាងជើងបានផ្ទេរទាហានរបស់ខ្លួន ឱ្យយោធារុស្ស៉ី ហើយបណ្តាញស៉ើបការណ៍សម្ងាត់អ៊ុយក្រែន បានរាយការណ៍ប្រាប់រូបលោក អំពីការចូលរួមពាក់ព័ន្ធជាក់ស្តែង របស់កូរ៉េខាងជើងក្នុង សង្រ្គាមនៅអ៊ុយក្រែន។ ចំណែកឯ វិមានក្រឹមឡាំងវិញ បានច្រានចោលការចោទប្រកាន់នេះថា ជាព័ត៌មានមិនពិត។
លោក Sean Savett អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន បាននិយាយថា ប្រសិនបើទាហានកូរ៉េខាងជើង ពិតជាបានចូលរួមពាក់ព័ន្ធ នៅអ៊ុយក្រែនមែននោះ វានឹងជាសញ្ញាកើនឡើងធំមួយ ក្នុងទំនាក់ទំនងការពារជាតិរវាងកូរ៉េខាងជើងនិងរុស្ស៉ី។ កន្លងមក ទីក្រុងវ៉ាស៉ីនតោន ធ្លាប់ចោទថា កូរ៉េខាងជើងបានផ្គត់ផ្គង់មីស៉ីលបាលិស្ទីគ និងគ្រាប់រំសេវផ្សេងៗ ឱ្យទៅរុស្ស៉ី សម្រាប់ប្រើ ក្នុងសង្រ្គាមឈ្លានពាននៅអ៊ុយក្រែន។ ទីក្រុងមូស្គូនិងព្យុងយ៉ាង បានបដិសេធដូចគ្នា ចំពោះការអះអាងនោះ ប៉ុន្តែបានប្តេជ្ញាថា នឹងបង្កើនចំណងទាក់ទងផ្នែកយោធា។
គួរបញ្ជាក់ថា អំឡុងទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង កាលពីខែមិថុនា ឆ្នាំនេះ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានចុះសន្ធិសញ្ញាមួយ ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងនោះរួមមានទាំងលក្ខខណ្ឌតម្រូវឱ្យជួយគ្នាទៅវិញទៅមក ក្នុងករណីភាគីណាមួយ រងការវាយប្រហារប្រដាប់អាវុធ៕

អត្ថបទដែលជាប់ទាក់ទង