ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃនេះខួប១ឆ្នាំនៃការដាក់ឱ្យប្រើប្រាស់ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ, ១ឆ្នាំមកនេះ ទទួលបានអ្នកដំណើរជាង ១.៣លាននាក់

10

សៀមរាប៖ឯកឧត្ដមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុង «ពិធីអបអរសាទរគម្រប់ខួប១ឆ្នាំ នៃការដាក់ឱ្យប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI)»។
ពិធីនេះ ដោយមានការអញ្ជើញចូលរួមពីលោក Weng Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា, លោក Liu Minglin អគ្គនាយកក្រុមហ៊ុនវិនិយោគខេត្តយុនណាន Yunnan Investment Group) និងលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ព្រមទាំងមានការចូលរួមពីតំណាង ក្រសួង-ស្ថាប័ន ក្រុមហ៊ុន អាជ្ញាធរដែនដី គណៈកម្មាធិការ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ អ្នកសារព័ត៌មាន និងបងប្អូនប្រជាពលរដ្ឋ ប្រមាណជាង៥០០នាក់។
ការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាការវិនិយោគក្នុងទម្រង់សាងសង់ អាជីវកម្ម-ផ្ទេរ/ BOT និងមានទុនវិនិយោគ ចំនួន១១០០លានដុល្លារអាមេរិក ដោយកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីសុទ្ធសាធ (greenfield) លើផ្ទៃដីទំហំ ៧០០.០៦ហិកតា និងមានដីបំរុងប្រមាណ ១០០០ហិកតា សម្រាប់ការកសាង តំបន់អភិវឌ្ឍពហុបំណង (សេដ្ឋកិច្ច-ទេសចរណ៍-កសិកម្ម-ឧស្សាហកម្ម) រណបឱ្យ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលយើងអាចហៅថា «ទីក្រុងអាកាសយានដ្ឋាន/ Airport City» នាពេលដ៏ឆាប់ខាងមុខ។
អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ (SAI)នេះ ក៏ជាសមិទ្ធផលមួយ ដែលកើតចេញពី «គំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ» ក្រោមកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន បានកំពុងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសបានពង្រីកយ៉ាងលឿន នូវកិច្ចសហការទៅលើវិស័យសំខាន់ៗ សម្រាប់ជាប្រយោជន៍ ដល់ការកែលម្អការអភិវឌ្ឍសេដ្ឋកិច្ច នៃប្រទេសទាំងពីររួមមានការពង្រឹងផលិតភាពសេដ្ឋកិច្ច, ការបង្កើនពាណិជ្ជកម្មឧស្សាហកម្ម, ទេសចរណ៍, ការវិនិយោគវិស័យកសិកម្ម និងវិស័យដឹកជញ្ជូនទំនាក់ទំនងគ្នាទៅវិញទៅមករវាងប្រជាជន និងប្រជាជន។
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) បច្ចុប្បន្នមាន៖
-សមត្ថភាពអាចទទួលបាន យន្តហោះរហូតដល់កូដអី (Code E: A-340-300, A350-900 and B777-200/300ER, B747-300/400..) មានចំណតយន្ដហោះចំនួន៣៨
-សមត្ថភាពអាចទទួលបាន អ្នកដំណើរប្រចាំឆ្នាំ សម្រាប់រយៈពេលខ្លី-មធ្យម ៧លាននាក់/ឆ្នាំ និងរយៈពេលវែង២០លាននាក់/ឆ្នាំ
-សមត្ថភាពអាចទទួលបាន ទំនិញប្រចាំឆ្នាំ សម្រាប់រយៈពេលខ្លី-មធ្យម ១០,០០០តោន/ឆ្នាំ និងរយៈពេលវែង ៦០,០០០តោន/ឆ្នាំ
-មន្ត្រីបុគ្កលិកសមត្ថកិច្ចចម្រុះពាក់ព័ន្ធ ចំនួន ១,០៣៣ នាក់ (រដ្ឋ និងឯកជន) ដែលកំពុងបម្រើការនៅក្នុងអាកាសយានដ្ឋាននេះ។
ចាប់តាំងពីបើកដំណើរការបានជិត ១ឆ្នាំកន្លងមកនេះ (ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ដល់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤) អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបាន៖
-ជើងហោះហើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ១៤,៥៥៦ជើង
-អ្នកដំណើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ១,៣០០,០៤៨នាក់
-ទំនិញតាមផ្លូវអាកាស ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ៨២តោន ហើយរំពឹងថា នឹងមានអ្នកដំណើរ (ចេញ-ចូល) កើនដល់១លាន៥០ម៉ឺននាក់នៅដំណាច់ឆ្នាំ២០២៤ (ប្រភពALAI)។
ដោយឡែកសម្រាប់រយៈពេល ៩ខែ (មករា-កញ្ញា) ឆ្នាំ២០២៤ ស្ថានភាពដឹកជញ្ជូនតាមផ្លូវអាកាសនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្អរ (SAI) មាន៖
-ជើងហោះហើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ១ម៉ឺនជើង (១០,៩៨៩ ជើង) មានការកើនឡើងប្រមាណ ២៤% បើធៀបរយៈពេលទៅនឹងរយៈពេលដូចគ្នា (៩ខែ) ឆ្នាំ២០២៣
-អ្នកដំណើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ៩សែននាក់ (៩៧៤,២០៣ នាក់) មានការកើនឡើងប្រមាណ ៣១% បើធៀបរយៈពេលទៅនឹងរយៈពេលដូចគ្នា (៩ខែ) ឆ្នាំ២០២៣
-ទំនិញតាមផ្លូវអាកាស ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ៧៦តោន (៧៦,០០០គីឡូក្រាម) មានការថយចុះប្រមាណ (៤៦%) បើធៀបរយៈពេលទៅនឹងរយៈពេលដូចគ្នា (៩ខែ) ឆ្នាំ២០២៣។
គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាបអង្គរ (គ.អ.ទ.ស) បានធ្វើបច្ចុប្បន្នភាពផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥-២០២៨ ឱ្យកាន់តែមានសង្គតិភាពទាំងលើទិដ្ឋភាពខ្លឹមសារ និងយន្តការអនុវត្ត សំដៅធានាប្រសិទ្ធភាព នៅពេលដែលផែនការនេះត្រូវបានអនុម័ត នាពេលខាងមុខ។
ផែនការអភិវឌ្ឍន៍ សម្រាប់រយៈពេល៤ឆ្នាំនេះ នឹងចូលរួមចំណែកឆ្លើយតបទៅនឹងបំណងប្រាថ្នានានា របស់រាជរដ្ឋាភិបាល ឧស្សាហកម្មទេសចរណ៍ ឧស្សាហកម្មអាកាសចរណ៍ និងប្រជាពលរដ្ឋ ដូចដែលមានចែងក្នុងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥។
តាមរយៈកិច្ចសហការក្នុងការអនុវត្តផែនការនេះ ខេត្តសៀមរាបនឹងក្លាយជាគោលដៅទេសចរណ៍ស្នាក់នៅយូរ និងចំណាយច្រើន គ្រប់រដូវកាល ប្រកបដោយគុណភាព ភាពធន់ និរន្តរភាព និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧.៥លាននាក់ និងភ្ញៀវទេសចជាតិ ប្រមាណជាង ១០លាននាក់ ដោយបង្កើតការងារសរុបប្រមាណ ១.៦លាននាក់ ក្នុងនោះការងារដោយផ្ទាល់ ក្នុងវិស័យទេសចរណ៍ប្រមាណ ៩៤ម៉ឺននាក់ និងនាំមកនូវចំណូលសេដ្ឋកិច្ចជាតិប្រមាណ ៥.៩ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០៣៥៕

អត្ថបទដែលជាប់ទាក់ទង