ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកការដ្ឋានសាងសង់ជាផ្លូវការរោងចក្រផលិតអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិ អានុភាព ៩០០មេហ្គាវ៉ាត់ នៅខេត្តកោះកុង

8


កោះកុង៖ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ បានបើកការដ្ឋានសាងសង់ជាផ្លូវការរោងចក្រថាមពលអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិ (LNG) អានុភាព ៩០០មេហ្គាវ៉ាត់ ក្នុងតម្លៃទុនវិនិយោគប្រមាណ ១,៣៥ពាន់លានដុល្លារអាម៉េរិក ដែលមានទីតាំងស្ថិតនៅ ស្រុកបុទមសាគរ ខេត្តកោះកុង។ គម្រោងមួយនេះ នឹងក្លាយជារោងចក្រផលិតអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា។
ពិធីបើកការដ្ឋានសាងសង់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដមកែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដោយមានការអញ្ជើញចូលរួមពីលោកស្រី មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ព្រមទាំងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រួមជាមួយភ្ញៀវកិត្តិសចូលរួមជាច្រើនរូបផងដែរ។
រោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិនេះ នឹងផ្តល់ការងារដល់ប្រជាជនចំនួន ២.៦០០នាក់ ក្នុងកំឡុងពេលសាងសង់។ រោងចក្រនេះ នឹងត្រូវបានបំពាក់ដោយទូរប៊ីន ៤៥០មេហ្គាវ៉ាត់ ចំនួនពីរ។ ទូរប៊ីនទីមួយនឹងផលិតថាមពលចាប់ពីខែមេសា ឆ្នាំ ២០២៧ និងទីពីរ នៅខែធ្នូ ឆ្នាំ ២០២៧តទៅ ដោយប្រើរយៈកាលនៃការសាងសង់គឺ ៣៨ ខែ ហើយនឹងប្រើប្រាស់កម្លាំងពលកម្មពេញម៉ោងចំនួន ៣៥០នាក់ ក្រោយពេល សាងសង់រួចរាល់។
បន្ថែមពីលើរោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិ គម្រោងនឹងរួមបញ្ចូលនូវចំណតកំពង់ផែសម្រាប់ផ្ទុកឧស្ម័នធម្មជាតិ (LNG) ចេញពីកប៉ាល់ដែលមានលទ្ធភាពផ្ទុក ១៨៥.០០០ម៉ែត្រគូប ធុងផ្ទុក LNG ដែលមានលទ្ធភាពផ្ទុក ២០ម៉ឺនម៉ែត្រគូប និងខ្សែបញ្ជូន ៣៦គីឡូម៉ែត្រ ២៣០kV។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានឲ្យដឹងថា គម្រោងនេះនឹងក្លាយជារោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិមួយធំជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា ហើយនឹងផ្តល់នូវសន្តិសុខថាមពលសម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត បង្កើតការងាររាប់រយកន្លែង និងជួយជំរុញ កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជាផងដែរ។
អ្នកឧកញ៉ាប្រធាន បានគូសបញ្ជាក់ថា៖ «វាជាឱកាសមួយដ៏មានមោទនភាពមួយសម្រាប់រូបលោកផ្ទាល់ ដែលគម្រោងនេះ នឹងក្លាយរោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិ ដែលបង្កើតឡើងដំណើរការ និងគ្រប់គ្រងផ្ទាល់ដោយកម្ពុជា ១០០%»។
ឆ្លៀតក្នុងឱកាសនេះ អ្នកឧកញ៉ាក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់ ការគាំទ្រកន្លងមក។
គួរបញ្ជាក់ផងដែរថា គម្រោងនេះត្រូវបានអនុម័តដោយទីស្តីការគណៈរដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី២៧ ខែ កញ្ញា ឆ្នាំ២០២៤។
លោក Pianka Thomas Joseph អគ្គនាយកក្រុមហ៊ុន Royal Group Power បានថ្លែងថា បានថ្លែងថា លោកពិតជាមាន មោទនភាព ដែលបានសម្រេចនូវគម្រោងមួយនេះ ហើយក៏សូមថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធ ចំពោះការគាំទ្រកន្លងមក និងបានជួយជំរុញឲ្យគម្រោងនេះលេចរូប រាងឡើង។
លោកបញ្ជាក់ថា រោងចក្ររបស់យើងនឹងរួមចំណែកដល់ពង្រឹងស្ថេរភាពបណ្តាញ ភាពជឿ ទុកចិត្ត និងភាពធន់នៅក្នុងវិស័យអគ្គិសនីកម្ពុជា ព្រមទាំងជួយគាំទ្រដល់ការបង្កើនចំណែកនៃថាមពលស្អាតរហូតដល់ ៧០% របស់កម្ពុជា នៅឆ្នាំ ២០៣០។
ឯកឧត្ដម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា ការអភិវឌ្ឍវិស័យអគ្គិសនីនៅតែជារបៀបវារៈដ៏សំខាន់ នៃនយោបាយសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ ព្រោះថាមពលអគ្គិសនី មិនមែនត្រឹមតែជាផលិតផលមួយដែលត្រូវការសម្រាប់បម្រើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ តែក៏ជា ផលិតផលមួយដែលត្រូវការចាំបាច់សម្រាប់ជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម សិប្បកម្ម ពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ និងវិស័យផ្សេងៗទៀតក្នុងផ្នែកសេដ្ឋកិច្ចផងដែរ។
ឯកឧត្ដមរដ្ឋមន្រ្តីបានលេីកឡេីងថា ថាមពលអគ្គិសនីប្រេីប្រាស់ឧស្ម័នធម្មជាតិនេះ គឺបៃតងជាងការផលិតអគ្គិសនីដោយដុតធ្យូងថ្មរហូតដល់ ៥០ភាគរយ។ ដូច្នេះរោងចក្រនេះ នឹងដេីរតួនាទីយ៉ាងសំខាន់ក្នុងការជួយរក្សាស្ថិរភាពអគ្គិសនីនៅកម្ពុជា និងបង្កេីនការទាក់ទាញការវិនិយោគថ្មីៗ ពិសេសក្នុងឧស្សាហកម្មបៃតង។
ទន្ទឹមនឹងនេះឯកឧត្ដមរដ្ឋមន្ត្រី បានកើតសរសើរចំពោះក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង ដែលបានបង្កើតគម្រោងវិនិយោគលើវិស័យថាមពលជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ជាលើកទីពីរនេះ ដែលដើរដោយឧស្ម័នធម្មជាតិដំបូងគេ និងធំជាងគេនៅកម្ពុជា បន្ទាប់ពីជោគជ័យលើ គ្រោងវិនិយោគជាប្រវត្តិសាស្ត្រលើកទី១ គឺវារីអគ្គិសនីសេសានក្រោម ២កម្លាំង ៤០០មេហ្គាវ៉ាត់ ដែលជាប្រភពថាមពលស្អាតធំជាងគេបំផុតនៅកម្ពុជា នាពេលបច្ចុប្បន្ន។
ឯកឧត្ដមរដ្ឋមន្ត្រី បន្ថែមទៀតថា ការជំរុញការអភិវឌ្ឍវិស័យថាមពលអគ្គិសនីឱ្យ បានត្រឹមត្រូវ រីកចម្រើនឆាប់រហ័សដើម្បីឈានទៅសម្រេចបាន “ការផ្គត់ផ្គង់ថាមពលមួយគ្រប់គ្រាន់ប្រកបដោយ ចីរភាព ស្ថិរភាព គុណភាព និងមានថ្លៃកាន់តែសមរម្យ នៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា” គឺជាគន្លឹះដ៏ សំខាន់ក្នុងការជួយជំរុញឱ្យមានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់ប្រទេស និងជួយបង្កើនសុខដុមនីយភាព នៃការរស់នៅរបស់ប្រជាពលរដ្ឋ។
រ៉ូយ៉ាល់ គ្រុប គឺជាក្រុមហ៊ុនដើរតួនាទីយ៉ាងសកម្មក្នុងការផ្លាស់ប្តូរថាមពលរបស់កម្ពុជា។ នៅក្នុងឆ្នាំ ២០១៧ រោងចក្រវារីអគ្គិសនីសេសានក្រោមពីរ ដែលមានអនុភាព ៤០០មេហ្គាវ៉ាត់ នៅខេត្តស្ទឹងត្រែងបាន ចាប់ផ្តើមដំណើរការ។ ហើយមកទល់នឹងថ្ងៃនេះ រោងចក្រនោះនៅតែជាប្រភព ថាមពលស្អាតដ៏ធំបំផុត របស់កម្ពុជា។
រោងចក្រថាមពល ៤០០មេហ្គាវ៉ាត់ គឺជាផលិតផលនៃការបណ្តាក់ទុនរួមគ្នាដ៏ជោគជ័យជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ប្រទេសចិន Huaneng Hydrolancang International Energy Co., Ltd.។ បច្ចុប្បន្ននេះ ក្រុមហ៊ុនទាំងពីរ កំពុងសហការ គ្នាបង្កើតរោងចក្រថាមពល Hybrid Hydro-Solar កម្លាំង ៩៤០មេហ្គាវ៉ាត់ នៅភាគឦសាននៃប្រទេសកម្ពុជា។
លើសពីនេះ រ៉ូយ៉ាល់គ្រុប កំពុងសិក្សារួមគ្នាលើគម្រោង VRE ចំនួន ៣០០មេហ្គាវ៉ាត់ ដែលគាំទ្រដោយ BESS ជិត ១០០មេហ្គាវ៉ាត់។ ក្រៅពីនេះក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ក៏ធ្វើការយ៉ាងសកម្មផងដែរជាមួយដៃគូថាមពលអន្តរជាតិផ្សេងៗទៀត ជាពិសេសក្រុមហ៊ុន The Blue Circle ដែលបានទទួលការអនុញ្ញាតកាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៤ ដើម្បីបណ្តាក់ទុនរួមគ្នានូវគម្រោងថាមពលខ្យល់ពីរដំណាក់កាល នៅក្នុងខេត្តមណ្ឌលគិរី ដែលមានសមត្ថភាពសរុប ២៥០មេហ្គាវ៉ាត់ ហើយយើងក៏កំពុងស្វែងរកការអភិវឌ្ឍរួមគ្នាផលិតថាមពលដើរ ដោយពន្លឺព្រះអាទិត្យ អានុភាព ២០០មេហ្គាវ៉ាត់ ដោយសហការជាមួយក្រុមហ៊ុន TotalEnergies។
នៅដើមទសវត្សរ៍ឆ្នាំ ២០៣០ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ទំនងនឹងអភិវឌ្ឍ ឬសហការអភិវឌ្ឍលើសពី 3GW នៃសមត្ថភាពផលិត ដែលធានាបាននូវជំហររបស់ខ្លួនជាអ្នកផលិតអគ្គិសនីក្នុងស្រុកធំជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង