ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រុស្ស៊ីថា ផែនការរបស់លោក Zelenskiy អាចនាំទៅរកសង្គ្រាមដោយផ្ទាល់រវាងណាតូ និងម៉ូស្គូ

7

ក្រុងមូស្គូ៖រុស្ស៊ីបានរិះគន់យ៉ាងខ្លាំងចំពោះ «ផែនការជ័យជំនះ» របស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ដោយអះអាងថា ផែនការនេះកំពុងជំរុញឱ្យអង្គការណាតូចូលទៅក្នុងជម្លោះដោយផ្ទាល់ជាមួយទីក្រុងម៉ូស្គូ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០២៤។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានព្រមានថា ផែនការនេះនឹងនាំទៅរកគ្រោះមហន្តរាយសម្រាប់ប្រជាជនអ៊ុយក្រែន និងបានរំលឹកឡើងវិញនូវការព្រមានរបស់ប្រធានាធិបតីរុស្ស៉ី លោក Vladimir Putin អំពីផលវិបាកធ្ងន់ធ្ងរ ប្រសិនបើអ៊ុយក្រែនប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយ ដើម្បីវាយប្រហារទឹកដីរុស្ស៊ី។
លោក Zelenskiy បានអំពាវនាវឱ្យសម្ព័ន្ធមិត្តលោកខាងលិច ផ្តល់ជំនួយបន្ថែមដល់អ៊ុយក្រែន ដើម្បីបញ្ចប់ជម្លោះជាមួយរុស្ស៊ីនៅឆ្នាំក្រោយ។ ទោះជាយ៉ាងណាក៏ដោយ រុស្ស៊ីបានចោទប្រកាន់លោកខាងលិចថា កំពុងប្រើប្រាស់អ៊ុយក្រែន ដើម្បីធ្វើសង្រ្គាមប្រូកស៊ីប្រឆាំងនឹងខ្លួន និងបានអះអាងថា លោកខាងលិចមិនខ្វល់ពីសុខទុក្ខរបស់ប្រជាជនអ៊ុយក្រែនឡើយ។
វិមានក្រឹមឡាំងបានបដិសេធមិនធ្វើអត្ថាធិប្បាយលម្អិតអំពីផែនការរបស់ Zelenskiy ប៉ុន្តែបានអំពាវនាវឱ្យអ៊ុយក្រែន «ស្ងប់ស្ងាត់» និងពិចារណាឡើងវិញអំពីគោលនយោបាយបច្ចុប្បន្នរបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង