ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចិន អះអាងពីការបណ្ដេញទូកនេសាទជប៉ុន ចេញពីដែនទឹក ក្បែរទីប្រជុំកោះមានវិវាទ

9

ប៉េកាំង៖ឆ្មាំសមុទ្រចិន នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលានេះ បានឱ្យដឹងថាខ្លួនបានបណ្ដេញទូកនេសាទមួយគ្រឿងរបស់ជប៉ុន ដែលធ្វើដំណើរចូលក្នុងដែនទឹក ស្ថិតនៅក្បែរទីប្រជុំកោះមានវិវាទ Senkaku។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ទីប្រជុំកោះ Senkaku ជាភាសាជប៉ុន ឬចិនហៅថា Diaoyu នៃសមុទ្រចិនខាងកើត គឺជាចំណុចក្ដៅមួយដែលតែងតែបង្កឱ្យទំនាក់ទំនងទ្វេភាគីរវាងចិន និងជប៉ុន តានតឹងនឹងគ្នា។ ទីប្រជុំកោះ នេះកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ជប៉ុ ន តែចិនបានអះអាងពីអធិបតេយ្យរបស់ខ្លួនលើទីប្រជុំកោះគ្មានមនុស្សរស់នៅមួយនេះ។ លោក Liu Dejun ជាអ្នកនាំពាក្យ របស់ឆ្មាំសមុទ្រចិន បាននិយាយថាទូកនេសាទមួយគ្រឿងរបស់ជប៉ុន បានធ្វើដំណើរចូលដោយខុសច្បាប់ក្នុងដែនទឹក ស្ថិតនៅក្បែរទីប្រជុំកោះមានវិវាទចាប់ពីថ្ងៃអង្គារ រហូតដល់ថ្ងៃពុធម្សិលមិញ។
អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ដូច្នេះថា «ឆ្មាំសមុទ្រចិនបានចាត់វិធានការចាំបាច់ អនុលោមតាមច្បាប់ ជាមួយការព្រមាន និងបណ្ដេញទូកនេសាទនោះ»។ លោក Liu បន្ថែមថា Diaoyu និងដែនទឹកជាឧបសម្ព័ន្ធគឺជាទឹកដីរបស់ចិន ដូច្នេះភាគីចិនជំរុញឱ្យភាគីជប៉ុន បញ្ឈប់ជាបន្ទាន់នូវរាលសកម្មភាពខុសច្បាប់នៅក្នុងដែនទឹកនេះ ហើយឆ្មាំសមុទ្រចិននឹងបន្តអនុវត្តសិទ្ធិស្របច្បាប់ដើម្បីការពារដែនសមុទ្ររបស់ខ្លួន និងអនុវត្តច្បាប់។
គួរបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍នេះ ឆ្មាំសមុទ្រជប៉ុន ក៏បានអះអាងដែរថានាវាល្បាតរបស់ខ្លួនបានតាមដានសកម្មភាពរបស់នាវា៤គ្រឿងរបស់ឆ្មាំសមុទ្រចិន នៅក្បែរ ទីប្រជុំកោះ Senkaku៕

អត្ថបទដែលជាប់ទាក់ទង