ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ អ្នកបារម្ភបាត់បង់ទឹកដីពីកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ មិនមែនជាអ្នកខេត្តមណ្ឌលគិរីទេ ព្រោះអ្នកមណ្ឌលគិរីបានយល់ច្បាស់

12

មណ្ឌលគិរី៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា អ្នកដែលព្រួយបារម្ភបាត់បង់ទឹកដីព្រោះកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV-DTA) គឺមិនមែនជាអ្នកខេត្តមណ្ឌលគិរីនោះទេ ពីព្រោះអ្នកមណ្ឌលគិរីបានយល់ច្បាស់ ស្ថានភាពរីកចម្រើន ការគ្រប់គ្រង និងដឹកនាំនៅក្នុងខេត្តដែលពួកគាត់កំពុងរស់នៅ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា នៅរយៈពេល២៥ឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ មិនបានធ្វើឱ្យបាត់បង់បូរណភាពទឹកដី ឬយកច្បាប់ប្រទេសណាមកអនុវត្តន៍នៅលើទឹកដីកម្ពុជានោះឡើយ។
ការថ្លែងបែបនេះរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ទំនប់អូរតេធិបតី ជាសមិទ្ធផលថ្មីមួយទៀតលើទឹកដី នៃខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ។
ជាមួយគ្នានេះដែរ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ទោះបីជាកម្ពុជា ដកខ្លួនចេញកិច្ចសហប្រតិបត្តិការ CLV ក៏ដោយ តែក្រុមនិន្នាការប្រឆាំងនៅក្រៅប្រទេស នៅតែបន្តឃោសនាញុះញង់ បំភ្លៃការពិត ដើម្បីកេងចំណេញផ្នែកនយោបាយ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «តាមពិតអ្នកដែលខ្លាចបាត់ខេត្តមណ្ឌលគិរី មិនមែនអ្នកមណ្ឌលគិរី ទេ អ្នកដែលរស់នៅឆ្ងាយពីព្រោះអ្នកមណ្ឌលគិរី គេឃើញខេត្តរបស់គេ គឺឃើញការគ្រប់គ្រង ប៉ុន្តែ អ្នកនៅកាន់តែឆ្ងាយ ភ័យកាន់តែខ្លាំង លឺគេបំផុស អ៊ឹចឹងកុំឱ្យមានបញ្ហា នៅក្នុងការសាមគ្គី ការឯកភាព ការមន្ទិលសង្ស័យ កុំឱ្យពិបាក […] អ្នកនយោបាយខ្លះនៅបន្តអុចអាល់អ៊ឹចឹង ហានបបួលបងប្អូនយើងនៅក្រៅប្រទេសធ្វើបាតុកម្មរបស់រហូត»។
សម្ដេចបវរធិបតី នាយករដ្ឋមន្ដ្រី បានឱ្យដឹងថា តាមពិតកម្ពុជា នឹងត្រូវជាធ្វើម្ចាស់ផ្ទះនូវកិច្ចប្រជុំ CLV-DTA នៅខែធ្នូ ឆ្នាំ២០២៤ ប៉ុន្ដែដោយសារកម្ពុជា សម្រេចបញ្ចប់នូវកិច្ចសហប្រតិបត្តិការ CLV-DTA នេះ ទើបមិនមានប្រជុំបែបនេះទេ។ ការបញ្ចប់កិច្ចសហប្រតិបត្តិការនេះ ដើម្បីបញ្ចប់ភាពហ្មងសៅរវាងប្រជាជន និងប្រជាជន។ ជាពិសេស ការដុតបំពេញបន្ថែម ពីក្រុមប្រឆាំងជ្រុលនិយម។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា រាជរដ្ឋាភិបាល មិនដែលមានគំនិតលក់បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិឱ្យបរទេសឡើយ។ ការអ្នកនយោបាយនៅក្រៅប្រទេសនៅបន្តអុចអាលរឿងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ CLV នឹងក្លាយជាការបែកបាក់ផ្ទៃក្នុងជាតិ បង្កើតការភាន់ច្រឡំរវាងខ្មែរ និងខ្មែរ។
ត្រង់ចំណុចនេះ ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចោទជាសំណួរថា គ្រានោះក្រុមប្រឆាំងដែលដើរអុចអាល់ប្រជាពលរដ្ឋខ្មែរ ធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាលចំពោះគម្រោងអភិវឌ្ឍន៍ត្រីកោណ គឺបានអង្គុយក្នុងសភា គ្រានោះគឺអតីតគណបក្ស សម រង្ស៉ី និងក្រោយមក អតីតគណបក្សសង្គ្រោះជាតិ ហើយពេលរដ្ឋាភិបាលអនុវត្តកិច្ចព្រមព្រៀងនេះ ហេតុអ្វីមិនសើររើនៅពេលនោះ ជាពិសេសមានតំណាងរាស្ត្រមកពីតំណាងគណបក្សប្រឆាំងបានចូលរួមក្នុងកិកច្ចប្រជុំ CLV នេះទៀត។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមិទ្ធផលដែលមានមិនទាន់ឆ្លើយតបគ្រប់តម្រូវការរបស់ប្រជាពលរដ្ឋនោះទេ ដូច្នេះត្រូវបន្តប្រឹងប្រែងជាបន្តទៀត ដើម្បីប្រជាពលរដ្ឋ។ ជោគជ័យនៃគោលនយោបាយអភិវឌ្ឍន៍ មិនមែនត្រឹមតែផែនការនោះទេ គឺសមិទ្ធផលជាក់ស្តែងនៅលើដី។ បើស្រឡាញ់ និងបារម្ភពីប្រទេសជាតិ ត្រូវរៀនសូត្រឈ្វេងយល់ ឱ្យបានច្បាស់ពីតំបន់នីមួយៗនៅក្នុងប្រទេស។
សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីកិច្ចសហប្រតិបត្តិការ ដែលផ្តួចផ្តើមដោយកម្ពុជានេះ ត្រូវបានអនុវត្តរយៈពេល ២៥ឆ្នាំកន្លងមក។ ការដកខ្លួនេះ ដើម្បី «ដកអាវុធចេញ ពីដៃពួកជ្រុលនិយម» កុំឱ្យមានលទ្ធភាព ប្រើប្រាស់ CLV-DTA បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត៕

អត្ថបទដែលជាប់ទាក់ទង