ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចិនធ្វើសមយុទ្ធតម្រៀបក្បួន នាវាផ្ទុកយន្តហោះចម្បាំង២គ្រឿងទន្ទឹមគ្នា ជាលើកដំបូង នៅសមុទ្រចិនខាងត្បូង

10

ក្រុងប៉េកាំង៖កងទ័ពជើងទឹកនៃប្រទេសចិនបានឱ្យដឹងថា នាវាផ្ទុកយន្តហោះចម្បាំង Liaoning និង Shandong ទើបតែបានធ្វើលំហាត់សមតម្រៀបក្បួនរួមគ្នា ជាលើកដំបូងបំផុត នៅសមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៤។

ទ័ពជើងទឹកចិន បាននិយាយថា អំឡុងការធ្វើសមយុទ្ធខាងលើ ក្បួននាវាផ្ទុកយន្តហោះចម្បាំង Liaoning និង Shandong បានធ្វើដំណើរទៅកាន់សមុទ្រលឿង សមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង មុនពេលត្រឡប់ចូលមកកាន់កំពង់ផែ នៅប្រទេសចិនវិញ ដោយសុវត្ថិភាព។

យោធាចិនបានបន្តថា នៅសមុទ្រចិនខាងត្បូង ក្រុមនាវាផ្ទុកយន្តហោះចម្បាំង Liaoning និងក្រុមនាវាផ្ទុកយន្តហោះចម្បាំង Shandong បានរួមបញ្ចូលគ្នាតម្រៀបជាក្បួនតែមួយ ក្នុងលំហាត់សមធ្វើបែបនេះលើកដំបូងបំផុត ដើម្បីដុះខាត់និងពង្រឹងសមត្ថភាពប្រយុទ្ធ នៃប្រព័ន្ធក្បួននាវាផ្ទុកយន្តហោះចម្បាំង។ ការធ្វើប្រតិបត្តិការនាវាផ្ទុកយន្តហោះចម្បាំង២គ្រឿង រួមជាមួយ នាវាគាំទ្រដទៃទៀតរបស់ពួកវា នៅក្នុងក្បួនតែមួយ គឺទាមទារឱ្យមានភាពបត់បែនក្នុងកម្រិតខ្ពស់។

គួរបញ្ជាក់ថា សព្វថ្ងៃ កងទ័ពជើងទឹកចិន មាននាវាផ្ទុកយន្តហោះចម្បាំង២គ្រឿង ដែលអាចធ្វើប្រតិបត្តិការបានពេញលេញ គឺ Liaoning និង Shandong។ នាវាផ្ទុកយន្តហោះចម្បាំង គ្រឿងទី៣ ឈ្មោះថា Fujian ត្រូវបានសាងសង់រួចរាល់ កាលពី ឆ្នាំ២០២២ ប៉ុន្តែមកទល់ពេលនេះ វាកំពុងបន្តឆ្លងកាត់ការធ្វើតេស្តលើផ្ទៃសមុទ្រ នៅឡើយ៕

អត្ថបទដែលជាប់ទាក់ទង