ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមយន្តហោះទម្លាក់គ្រាប់បែកអាមេរិក B-52 ទៅដល់តំបន់មជ្ឈិមបូព៌ា

25

វ៉ាស៉ីនតោន៖កាលពីថ្ងៃសៅរ៍ ទី២ ខែវិច្ឆិកា យោធាអាមេរិកបាននិយាយថា ក្រុមយន្តហោះទម្លាក់គ្រាប់បែក B-52 បានទៅដល់ តំបន់មជ្ឈិមបូព៌ាហើយ ពោលគឺមួយថ្ងៃ បន្ទាប់ពីទីក្រុងវ៉ាស៉ីនតោន បានប្រកាសពីការបញ្ជូនពួកវា ដើម្បីជាសារព្រមានចំពោះអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

កាលពីថ្ងៃសុក្រសប្តាហ៍នេះ សហរដ្ឋអាមេរិក បានប្រកាសថា ខ្លួននឹងដាក់ពង្រាយយន្ដហោះទម្លាក់គ្រាប់បែក យន្ដហោះចម្បាំង យន្ដហោះចាក់សាំង និងនាវាពិឃាដបន្ថែម ទៅកាន់មជ្ឈិមបូព៌ា។ ក្នុងសេចក្តីប្រកាសនោះ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Pat Ryder បានគូសបញ្ជាក់ថា «ប្រសិនបើអ៉ីរ៉ង់ ដៃគូ ឬក្រុម proxies របស់ពួកគេ ឆ្លៀតឱកាសវាយប្រហារលើកងទ័ពអាមេរិក ឬផលប្រយោជន៍របស់អាមេរិកនៅក្នុងតំបន់ នោះសហរដ្ឋអាមេរិកនឹងប្រើប្រាស់ គ្រប់វិធានការចំាបាច់ទាំងអស់ ដើម្បីការពារមនុស្សរបស់យើង»

គួរបញ្ជាក់ថា អ៉ីស្រាអែល កាលពីថ្ងៃទី២៦ ខែតុលាកន្លងទៅ បានបើកការវាយប្រហារតាមផ្លូវអាកាសលើ មូលដ្ឋានយោធានៅលើទឹកដីអ៉ីរ៉ង់ ជាការសងសឹកទៅនឹងអ៉ីរ៉ង់ សម្រាប់ការបាញ់ស្រោចមីស៊ីលបាលិស្ទីគលើអ៉ីស្រាអែល កាលពីថ្ងៃទី១ ខែតុលា។ កាលពីថ្ងៃសៅរ៍ មេដឹកនាំកំពូលអ៉ីរ៉ង់ ក៏បានចេញមុខប្តេជ្ញាផងដែរថា នឹងមានការសងសឹកវិញ ចំពោះការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល ហើយវានឹងធ្វើឡើងទាំងទៅលើអ៉ីស្រាអែលផ្ទាល់ និងទាំងទៅលើ សម្ព័ន្ធមិត្តរបស់អ៉ីស្រាអែល គឺអាមេរិក៕

អត្ថបទដែលជាប់ទាក់ទង