ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងនិងរុស្ស៉ី បញ្ជាក់ជាថ្មីនូវការប្តេជ្ញាអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូ ដែលសម្រេចបានរវាងលោក គីម ជុងអ៊ុន និង លោក ពូទីន

23

ព្យុងយ៉ាង៖កាលពីថ្ងៃសៅរ៍ ទី២ ខែវិច្ឆិកា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា រដ្ឋមន្រ្តីការបរទេសរបស់ កូរ៉េខាងជើងនិងរុស្ស៉ី បានរួមគ្នាបញ្ជាក់ជាថ្មីនូវការប្តេជ្ញា ដើម្បីអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូ ដែលសម្រេចបានរវាងមេដឹកនាំនៃប្រទេសទាំងពីរ កាលពីខែមិថុនា ឆ្នាំនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

រដ្ឋមន្រ្តីការបរទេសនៃប្រទេសកូរ៉េខាងជើង លោកស្រី Choe Son Hui និងរដ្ឋមន្រ្តីការបរទេសនៃប្រទេសរុស្ស៉ី លោក Sergei Lavrov បានជួបពិភាក្សាគ្នានៅទីក្រុងមូស្គូ ចំពោះមុខការកើនឡើងនៃក្តីបារម្ភ ក្នុងចំណោមក្រុមលោកខាងលិច ស្តីពីការពាក់ព័ន្ធ របស់ទីក្រុងព្យុងយ៉ាង ក្នុងសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន។

NATO បានចូលរួមជាមួយរដ្ឋាភិបាលកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងអ៊ុយក្រែន ក្នុងការអះអាងថា កូរ៉េខាងជើងបានបញ្ជូនទ័ព ទៅកាន់ប្រទេសរុស្ស៉ី។ បើតាមការអះអាងរបស់ពួកគេ កងទ័ពកូរ៉េខាងជើង ត្រូវបានដាក់ពង្រាយទៅកាន់តំបន់ Kursk របស់រុស្ស៉ី ដែលស្ថិតនៅជាប់ព្រំប្រទល់អ៊ុយក្រែន។

គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានយល់ស្របជាមួយគ្នាថា ប្រទេសទាំងពីរនឹងផ្តល់ការជួយជ្រោមជ្រែងផ្នែកយោធា និងក្នុងទម្រង់ផ្សេងៗទៀត ប្រសិនបើភាគីណាមួយ ត្រូវរងការវាយប្រហារ ក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្ត ដែលសម្រេចបានរវាងមេដឹកនាំទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង