កឋិនទានដង្ហែមកវត្តខ្មែរក្រោមចំណាយថវិកាជាង ២លានដុល្លារ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់ទុកកឋិនទាននេះ បង្ហាញថា រាជរដ្ឋាភិបាល និងប្រជាជនខ្មែរនៅកម្ពុជា និងខ្មែរនៅគ្រប់ទិសទី តែងនឹករឭកគ្នា និងតែងស្កាត់ជួបជុំគ្នាក្នុង ឱកាស ពិធីបុណ្យទាន
ត្រាវិញ, វៀតណាម៖អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដង្ហែមកកាន់វត្តពោធិគិរីវង្សារាម នៅ ខេត្ត ត្រាវិញ ប្រទេសវៀតណាម បានចំណាយថវិកាសរុបជាង ៦០ប៊ីលានដុង ស្មើនឹងជាង ២លាន ដុល្លារអាមេរិក។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បាន ហៅ អង្គកឋិនទាននេះ ជាការស្តែងឱ្យឃើញថា រាជរដ្ឋាភិបាល និងប្រជាជនខ្មែរនៅកម្ពុជា និងខ្មែរ នៅ គ្រប់ទិសទីតែងតែនឹករឭកគ្នា និងតែងតែស្កាត់ជួបជុំគ្នាក្នុងឱកាសបុណ្យទាន។
បន្ទាប់ពីការប៉ុនប៉ងអស់រយៈពេលប្រមាណជា១២ឆ្នាំ ទីបំផុតបំណងប្រាថ្នារបស់សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ពុទ្ធបរិស័ទប្រកបដោយសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា បានដឹកនាំ ដង្ហែអង្គកឋិនទានឆ្ពោះមកកាន់វត្តខ្មែរក្រោមបានដូចការគួចប៉ងហើយ។ បន្ទាប់ពីបានក្រុងពាលី និងសូត្រមន្តតាមពិធីសាសនារួចរាល់កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤រួចរាល់ហើយនោះ នៅ វេលា ម៉ោងប្រមាណ៥ព្រឹកថ្ងៃទី៤ ខែវិច្ឆិកា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដឹកនាំ ដង្ហែ អង្គកឋិនមហាសាមគ្គីគ្រួសារខ្មែរឆ្ពោះមកកាន់វត្តពោធិគិរីវង្សារាម។
ពិធីដង្ហែអង្គកឋិនទានកើតចេញពីកម្លាំងសាមគ្គីរបស់ខ្មែរទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ក៏មាន ការ អញ្ជើញចូលរួមពីថ្នាក់ដឹកនាំស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អភិបាលរាជធានី-ខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋខ្មែរជាច្រើនរូបទៀត។ បន្ទាប់ពីការធ្វើដំណើរដោយចំណាយថេរវេលា ស រុបប្រមាណជា៦ម៉ោង បូករួមទាំងការផ្លាស់ប្តូររថយន្តនៅព្រំដែនជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាល ផងនោះ នៅវេលាម៉ោងជិត១រសៀល ក្បួនដង្ហែអង្គកឋិនទានបានដង្ហែដល់ទីរួមខេត្តត្រាវិញ។
នៅវេលាម៉ោងជាង២រសៀល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមនិងគណៈប្រតិភូ ក៏បានអញ្ជើញមក ថ្វាយ បង្គំ និងបូជាព្រះរតនត្រ័យ ព្រមទាំងសំណេះសំណាលជាមួយពលរដ្ឋខ្មែរក្រោម នៅវត្តពោធិគិរីវង្សា រាម។ អង្គកឋិនដ៏កម្រលើទឹកដីខ្មែរក្រោម បាននាំឱ្យប្រជាពលរដ្ឋខ្មែរក្រោមពីគ្រប់ទិសទីស្កាត់មក រង់ ចាំទស្សនាក្បួនដង្ហែអង្គកឋិនទាន ក៏ដូចជាចង់ឃើញសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាមួយទឹកចិត្តដ៏ពុះកញ្ជ្រោល។
គ្រាន់តែសម្តេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញដល់ភ្លេងឆៃយាំុក៏ចាប់បន្លឺឡើង យុវជនខ្មែរក្រោមក្នុង សម្លៀក បំពាក់ ប្រពៃណីដ៏សមសោភា រួមជាមួយប្រជាពលរដ្ឋខ្មែរក្រោម យ៉ាងច្រើនកុះករបាន ស្វាគមន៍ ចំពោះដំណើរអញ្ជើញដល់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ ពលរដ្ឋខ្លះបានរំភើបរហូត ដល់ស្រក់ ទឹកភ្នែក នៅពេលបានឃើញសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងអង្គកឋិនទានដង្ហែដល់វត្ត។
ក្នុងកិច្ចសំណេះសំណាលជាមួយប្រជាពលរដ្ឋ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបង្ហាញ ក្តីរំភើប និងសោមនស្សរីករាយក្រែលែង ដោយបានចូលរួមក្នុងពិធីដង្ហែ អង្គកឋិន ទានមហាសាមគ្គីគ្រួសារខ្មែរ ដើម្បីនាំយកមកវេរប្រគេនព្រះភិក្ខុសង្ឃ ដែលបានគង់ចាំព្រះវស្សា អស់កាលត្រីមាសនៅវត្តពោធិគិរីវង្សារាមនេះ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានគូសរំលេចថា ការគិតគូរពីការដង្ហែ «អង្គកឋិនទានមហា សាមគ្គី គ្រួសារ ខ្មែរ» មកកាន់វត្តខ្មែរក្រោមនេះ មិនមែនទើបតែមានថ្មីៗនេះទេ សម្តេចតេជោ ហ៊ុន សែន និងសម្តេច បានគិតគូរយូរណាស់មកហើយ ប៉ុន្តែគម្រោង នេះ ត្រូវបានផ្អាកជាច្រើនឆ្នាំ ដោយសារ តែមានធុរៈគ្រួសារ។ ក្នុងនោះ លោកឱពុកក្មេករបស់សម្តេចកិត្តិ បានទទួលមរណភាពនៅឆ្នាំ ២០១៣ និងអ្នកម្តាយបង្កើតរបស់សម្តេចកិត្តិ បានទទួលមរណភាពនៅឆ្នាំ២០២០ ជាហេតុធ្វើឱ្យ គម្រោងរៀបចំអង្គកឋិនទានដង្ហែមកវត្តខ្មែរក្រោមនេះ ត្រូវបានពន្យារពេល។
«នៅឆ្នាំនេះ ជាពេលវេលាដ៏សមស្រប ដែលនាងខ្ញុំ រួមនឹងសម្តេចតេជោ ហ៊ុន សែន និងកូនៗ ចៅៗ បានផ្តួចផ្តើមសាជាថ្មីលើការធ្វើអង្គកឋិនទានដង្ហែ មកកាន់វត្តខ្មែរក្រោម ហើយក៏បានឯកភាព គ្នា រៀបចំអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរនេះឡើងដង្ហែមក កាន់វត្តពោធិគិរីវង្សារាម នៅខេត្ត ត្រា វិញនេះ»។ នេះជាការគូសរំលេចបន្ថែមរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាតក្រហមកម្ពុជា បានលើកទៀតថា អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរនាពេលនេះ ត្រូវបានចូលរួមយ៉ាងទូលំទូលាយពីសំណាក់ សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ គណៈសង្ឃនាយកទាំងពីរគណៈ គណបក្សប្រជាជន កម្ពុជា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិផ្សេងទៀត ដើម្បីបង្ហាញ ពីការរួបរួមមហាសាមគ្គីគ្រួសារខ្មែរគ្រប់ទិសទី គឺយើងទាំងអស់គ្នា សុទ្ធសឹង ជាអ្នកគោរពប្រតិបត្តិប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនាដូចគ្នា។ នេះជាហេតុផល ដែលអង្គកឋិនទាននេះ ត្រូវបានប្រសិទ្ធនាមថា «អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ» ពោល គឺបងប្អូនខ្មែរ នៅគ្រប់ទីកន្លែង គ្រប់និន្នាការនយោបាយ អាចចូលរួមបានទាំងអស់គ្នា។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានលើកបង្ហាញពីគុណតម្លៃនៃអង្គកឋិននេះយ៉ាងដូច្នេះ «ជាងនេះទៅទៀត អង្គកឋិនទាននេះ ក៏បានបង្ហាញផងដែរថា រាជរដ្ឋាភិបាល និងប្រជាជនខ្មែរ នៅកម្ពុជា និងបងប្អូនខ្មែរនៅគ្រប់ទិសទី តែងតែនឹករឭកគ្នា និងតែងស្កាត់ជួបជុំគ្នានៅក្នុង ឱកាស ពិធីបុណ្យទាន ជាពិសេសពិធីបុណ្យធំៗ ដូចជាបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ បុណ្យភ្ជុំបិណ្ឌ និង បុណ្យកឋិនទាននេះជាដើម។ យើងអាចនិយាយបានថា នេះជាអង្គកឋិនទានជាប្រវត្តិសាស្រ្ត ដែលប្រព្រឹត្តទៅ ដើម្បីភាតរភាព មិត្តភាព និងសាមគ្គីភាព ក្នុងចំណោមមហាពុទ្ធបរិស័ទ, និយាយ ជារួម និងនិយាយដោយឡែក, ក្នុងចំណោមបងប្អូនខ្មែរយើង ក្រោមដំបូលនៃសុខសន្តិភាព និង ក្រោម ម្លប់ព្រះពុទ្ធសាសនាដ៏ត្រជាត់ត្រជុំ និងថ្កុំថ្កើងរុងរឿង»។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឱ្យដឹងផងដែរថា អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរនៅពេលនេះ កើតចេញពីសទ្ធាជ្រះថ្លារបស់គ្រប់ក្រសួងស្ថាប័ន នៃព្រះរាជាណាចក្រកម្ពុជា វិស័យឯកជន និងមហាពុទ្ធបរិស័ទគ្រប់ទិសទី ពិតជាមានអត្ថន័យដ៏ធំធេងទាំងក្នុងអត្ថន័យពុទ្ធចក្រ និងអាណាចក្រ ជាពិសេសគឺការវេរប្រគេនដល់ព្រះភិក្ខុសង្ឃដែលគង់ចាំព្រះវស្សានៅក្នុង «វត្តពោធិគិរីវង្សារាម» ក្នុងខេត្តត្រាវិញនៅពលនេះ។ ជាមួយគ្នានេះ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ក៏បានប្រទានព្រះរាជទ្រព្យ ចូលរួមបុណ្យអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរចំនួន ១ម៉ឺនដុល្លារអាម៉េរិកស្មើនឹង ២៥១ លាន
ដុង និង សម្តេចម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរ ពសក្ការៈដ៏ខ្ពង់ខ្ពស់ក៏បានសព្វព្រះរាជហឫទ័យ ប្រទានព្រះរាជទ្រព្យ ចូលរួមអង្គកឋិនទាននេះ ចំនួន ១ ម៉ឺនដុល្លារអាម៉េរិកស្មើនឹង ២៥១លានដុងផងដែរ។
បច្ច័យរបស់សម្តេចតេជោ ហ៊ុន សែន និង នាងខ្ញុំ ព្រមទាំងក្រុមគ្រួសារ និងបច្ច័យទទួលបានពីសទ្ធាជ្រះថ្លារបស់មហាពុទ្ធបរិស័ទខ្មែរពីគ្រប់ទិសទី ដែលនឹងនាំមកសង្កត់
ត្រៃ នៃអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែររបស់យើង នាពេលនេះ នឹងត្រូវប្រគេនដល់ព្រះសង្ឃ និងវត្តនានា ដើម្បីព្រះចៅអធិការ និងគណៈកម្មការវត្ត ប្រើប្រាស់ជាប្រយោជន៍ ក្នុងវិស័យព្រះពុទ្ធ សាសនារួមមាន៖ ទី១) ប្រគេនបច្ច័យសង្កត់ត្រៃអង្គកឋិនទានដង្ហែមកវត្តពោធិគិរីវង្សារាម ២៣ប៊ីលាន ៨៤២លានដុង, ទី២) បច្ច័យសង្កត់ត្រៃធំ ៥០លានដុង (ហាសិនលានដុង), ទី៣) បច្ច័យសង្កត់ត្រៃសូត្រស្តាំ ២៥លានដុង, ទី៤) បច្ច័យសង្កត់ត្រៃសូត្រឆ្វេង ២៥លានដុង, ទី៥) ប្រគេនបច្ច័យព្រះសង្ឃចំនួន ៥៧អង្គ គង់នៅវត្តេពោធិគិរីវង្សារាម ក្នុងមួយអង្គបច្ច័យចំនួន ១២លាន ៥សែនដុង, ទី៦) ជូនគណៈកម្មការ អាចារ្យ យាយជីតាជីចំនួន១០៤នាក់ក្នុងម្នាក់ៗ ២លាន ៥សែនដុង, ទី៧) ប្រគេនបច្ច័យដល់វត្តចំនួន ១៤២វត្ត ក្នុងខេត្តត្រាវិញ ក្នុង ១វត្ត បច្ច័យចំនួន ២៥១លានដុង។
សរុបថវិកា ដែលត្រូវចំណាយក្នុងអង្គកឋិនទាំងមូលចំនួន ៦០ប៊ីលាន ៥៥៦លាន ៥សែនដុង ស្មើនឹងជាង ២លាន ៣០ម៉ឺនដុល្លារអាមេរិក៕