ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទេសចិននឹងបង្ហាញយន្តហោះចម្បាំងបំបាំងកាយស៊េរីថ្មីចុងក្រោយ ក្នុងពិព័រណ៍យន្តហោះធំបំផុតរបស់ខ្លួន នាសប្តាហ៍ក្រោយ

36


ក្រុងប៉េកាំង៖យន្តហោះចម្បាំងប្រើប្រាស់បច្ចេកវិទ្យាបំបាំងកាយ (stealth technology) ស៊េរីថ្មីចុងក្រោយបង្អស់របស់ប្រទេសចិន ហៅថា J-35A នឹងត្រូវដាក់បង្ហាញឱ្យ សាធារណជនបានឃើញជាលើកដំបូង អំឡុងពិព័រណ៍យន្តហោះយោធា និងស៉ីវិលធំបំផុត របស់ចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤។
ពិព័រណ៍ China International Aviation & Aerospace Exhibition ដែលមានរយៈពេលសរុប៦ថ្ងៃ នឹងចាប់ផ្តើមប្រព្រឹត្តទៅ នា ថ្ងៃអង្គារសប្តាហ៍ក្រោយ ក្នុងទីក្រុង Zhuhai។ បើតាមក្រុមអ្នករៀបចំ ពិព័រណ៍នេះ កាលពីឆ្នាំ២០២២ បាននាំឱ្យមានការសម្រេច បាន កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ គិតជាទឹកប្រាក់ស្មើនឹងប្រហែល ៤០ពាន់លានដុល្លារអាមេរិក។
អំឡុងពិព័រណ៍ខាងលើ កងទ័ពអាកាសចិន ត្រូវបានរំពឹងថា នឹងបង្ហាញជាសាធារណៈ នូវយន្តហោះចម្បាំង J-35A អភិវឌ្ឍដោយ ក្រុមហ៊ុន Shenyang Aircraft Corporation។ គេមិនដឹងព័ត៌មានលម្អិតច្រើនឡើយ អំពីយន្តហោះចម្បាំងនេះ ពោលគឺត្រឹមថា J-35A គឺជាស៊េរីមួយ នៃត្រកូលយន្តហោះចម្បាំង J-35 ជាយន្តហោះចម្បាំងបំបាំងកាយ ដែលចិនកំពុងអភិវឌ្ឍ ដើម្បីប្រើប្រាស់ ជាចម្បង នៅលើនាវាផ្ទុកយន្តហោះចម្បាំង។ យន្តហោះចម្បាំង J-35 ស៊េរី A នេះ គឺប្រើប្រាស់ផ្លូវរត់នៅលើដីគោក ដើម្បីហោះឡើង និងចុះចត ជាធម្មតា។
អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺយន្តហោះចម្បាំងចិន J-35 មានរូបរាងស្រដៀងយ៉ាងខ្លាំង ទៅនឹងយន្តហោះចម្បាំងបំបាំងកាយ របស់ សហរដ្ឋអាមេរិក F-35 ដែលផលិតដោយក្រុមហ៊ុន Lockheed Martin។ យន្តហោះចម្បាំង F-35 មាន៣ស៊េរី គឺ A, B និង C ដោយស៊េរី A ធ្វើប្រតិបត្តិការដូចជាយន្តហោះធម្មតា ខណៈស៊េរី B អាចហោះឡើងនិងចុះចតដូចឧទ្ធម្ភាគចក្រ ចំណែកស៊េរី C ត្រូវបានរចនាឡើង ដើម្បីប្រើប្រាស់ជាចម្បង នៅលើនាវាផ្ទុកយន្តហោះចម្បាំង។
គួរបញ្ជាក់ថា កម្មវិធីអភិវឌ្ឍន៍យន្តហោះចម្បាំង J-35 គឺបន្តមកពីកម្មវិធីយន្តហោះចម្បាំង J-31 របស់ចិន ដែលធ្លាប់បានបង្ហាញខ្លួន ក្នុងពិព័រណ៍ Zhuhai ឆ្នាំ២០១៤ ប៉ុន្តែមិនដែលត្រូវបានប្រើប្រាស់ដោយយោធាចិន ឬមួយក៏លក់ទៅឱ្យអតិថិជនបរទេសឡើយ៕

អត្ថបទដែលជាប់ទាក់ទង