ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមហ៊ុន ម៉ានី ហួសចិត្ត និងខឹងសម្បារក្នុងនាមជាកូន នៅពេលឃើញក្រុមប្រឆាំងតេមកឪពុក ដោយប្រើពាក្យប្រមាថ និងសម្ដីឈ្លើយ

22

ភ្នំពេញ៖ឯកឧត្ដម ហ៊ុន ម៉ានី បានបង្ហាញនូវការហួសចិត្ត និងខឹងសម្បារជាខ្លាំងក្នុងនាមជាកូន ក្រោយពេលស្ដាប់ការសន្ទនាដែលក្រុមប្រឆាំងតេទូរស័ព្ទមកកាន់សម្ដេចតេជោ ហ៊ុន សែន ដោយប្រើប្រាស់ពាក្យសម្ដីឈ្លើយ និងមិនសមរម្យ មិនគោរពចាស់ទុំបែបនេះ។
ឯកឧត្ដម ហ៊ុន ម៉ានី តាមរយៈបណ្ដាញសង្គម នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានរៀបរាប់យ៉ាងដូច្នេះថា៖
«ក្រោយពីបានស្តាប់ការសន្ទនាហើយ ក្នុងនាមជាកូន ដែលមានតែក្តីស្រឡាញ់ និងការគោរពសម្រាប់ព្រះរស់នៃខ្ញុំ គឺពិតជាមានអារម្មណ៍ក្តៅក្រហាយ ពោរពេញដោយកំហឹង តែខ្ញុំមិនលើកនៅក្នុងសារនេះនោះទេ ប៉ុន្តែនិយាយឱ្យសាមញ្ញ កូនណាមិនខឹងពេលដែលអ្នកមានគុណបានត្រូវគេប្រមាថ។
អ្វីដែលខ្ញុំចង់ឱ្យយើងទាំងអស់គ្នាយកពី episode នេះមកពិចារណាគឺ៖
១៖ វិជ្ជាជីវៈសារព័ត៌មាន
២៖ អាកប្បកិរិយាក្នុងការគោរពចាស់ទុំ ដែលជាទំនៀមទម្លាប់ប្រពៃណីជាតិរបស់យើង។
ទោះជាមានចំណុចឬទស្សនៈនយោបាយខុសគ្នា តែព្រំដែនគួរតែមាន។ ជាពិសេស អាកប្បកិរិយាក្នុងការអនុវត្តវិជ្ជាជីវៈរបស់ខ្លួនឱ្យស្របទៅតាមប្រពៃណីរបស់ខ្មែរយើង ដែលមានការគោរពគ្នាទៅវិញទៅមក ជាពិសេស ការគោរពចាស់ទុំ។
គេអាចលើកឡើងថា ក្មេងនេះ ឬបុគ្គលនេះធំនៅក្រៅប្រទេស អញ្ជឹងមិនស្គាល់អ្វីជាប្រពៃណីខ្មែរយើង តើលើកដូចនេះស្មើនឹងការទទួលស្គាល់ថា ឱ្យតែអ្នកណា ទោះជាខ្មែរក្តី បរទេសក្តី មិនបាច់ស្វែងយល់ ឬ/និងគោរពទំនៀមទម្លាប់ប្រពៃណីខ្មែរទេឬយ៉ាងណា?
យើងទៅប្រទេសគេ យើងគោរពច្បាប់គេផង ប្រពៃណីគេផង។ ចុះហេតុអីគ្រាន់តែស្នើឱ្យគេគោរពច្បាប់ និងប្រពៃណីខ្មែរទៅជាបញ្ហាទៅវិញ?
ជារួមក្នុងនាមជាខ្មែរយើងត្រូវចេះឱ្យតម្លៃបន្ថែមមកលើខ្លួនយើង ក្នុងនាមជាប្រជាជាតិមួយដែលមានអធិបតេយ្យ មានទំនៀមទម្លាប់ប្រពៃណីដ៏ពិសិដ្ឋរបស់យើង»៕

អត្ថបទដែលជាប់ទាក់ទង