ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាលជាមួយសហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា (ក្រុម២២)

19

ភ្នំពេញ៖ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គី ជាមួយសហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា (ក្រុម២២)។
ឯកឧត្ដម ចាន់ សុវុឌ្ឍ ប្រធានសហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា (ក្រុម២២) បានលើកឡើងថា ពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គី ដើម្បីបង្កនូវឱកាសជូនថ្នាក់ដឹកនាំយុវជន សមាជិក សមាជិកា បញ្ញវ័ន្ត និស្សិតមកពីតាមបណ្តាសមាគមនិស្សិតនៃគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សា បច្ចេកទេសរបស់រដ្ឋទាំង១២ ទាំងជំនាន់មុន និងជំនាន់ក្រោយ បានជួបជុំនិងសំណេះសំណាលរឹតចំណងមិត្តភាព សាមគ្គីភាព។
ក្នុងឱកាសនោះទទួលបាននូវអនុសាសន៍ និងការណែនាំពីសំណាក់ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីថ្នាក់ដឹកនាំ គណៈកម្មាធិការនាយក សមាជិក សមាជិកា និងនិស្សិត ដែលមកពីតាមបណ្តាសមាគមនិស្សិតរបស់គ្រឹះស្ថានឧត្តមសិក្សា និងមធ្យម សិក្សា បច្ចេកទេសរបស់រដ្ឋទាំង១២ ត្រងត្រាប់ អនុវត្តការងារជាបន្តបន្ទាប់ឲ្យទទួលបានជោគជ័យ ក្នុងន័យដើម្បីបន្តស្មារតី សាមគ្គី រួបរួមគ្នា វេញជាធ្លុងមួយ បំពេញការងារស្ម័គ្រចិត្តជួយដល់និស្សិត ប្រជាជន និងសង្គមជាតិ។
ឯកឧត្ដម ចាន់ សុវុឌ្ឍ បានឲ្យដឹងថា សហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា( ក្រុម២២) ជាអង្គការក្រៅរដ្ឋាភិបាល ទទួលបាន ការឯកភាពទទួលស្គាល់ពីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០០២ ហៅថា «សមាគមសហ ព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា»។
ឯកឧត្ដមបន្ដថា បច្ចុប្បន្នរចនាសម្ព័ន្ធនៃការដឹកនាំ មាន ប្រធាន អនុប្រធាន អគ្គលេខាធិការ គណៈអចិន្រ្តៃយ៍ អគ្គលេខាធិការរង គណៈកម្មាធិការនាយក គណៈកម្មការប្រតិបត្តិ ការិយាល័យចំនួន៦ និងសមាគមនិស្សិត នៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សា បច្ចេកទេសរបស់រដ្ឋចំណុះចំនួន១២ ដោយផ្តោតលើសកម្មភាពជួយដល់និស្សិតក្រីក្រ ដែលមានជីវភាពខ្វះខាតក្នុងការសិក្សា ប្រកាន់ភ្ជាប់នូវពាក្យ ស្លោកមួយថា «មិនឲ្យនិស្សិតណាម្នាក់បោះបង់ចោលការសិក្សា ដោយសារកត្តាជីវភាព ដែលយើងមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ» ដោះស្រាយផ្ទាល់ និងនាំនូវរាល់ទុក្ខលំបាករបស់និស្សិត ជូនប្រមុខរាជរដ្ឋាភិបាលជ្រាបដើម្បីជួយដោះស្រាយ ទាន់ពេលវេលា។
បន្ថែមពីនេះ បានបង្កឱកាសឲ្យនិស្សិតបានចូលរួមការងារសង្គម និងការងារមនុស្សធម៌ ក្រោមការដឹកនាំរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ដូចជាព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលទើបកន្លងទៅថ្មីៗនេះ និងព្រឹត្តិការណ៍ធំៗជាច្រើនទៀត។ បានចូលរួមជួយសង្គ្រោះ ជួយផ្តល់អំណោយ ដែលជាការឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ដល់ប្រជាពលរដ្ឋក្រីក្រ និងរងគ្រោះដោយ គ្រោះធម្មជាតិផ្សេងៗ ដូចជាទឹកជំនន់ជាដើម ហើយជាងនេះទៅទៀត ក្នុងនាមកែវភ្នែកយុត្តិធម៌ សមាជិក សមាជិកា សហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា (ក២២) បានចូលរួមជាអ្នកសង្កេតការណ៍ជាតិ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ចាប់តាំងពីអាណត្តិទី២ ដល់អាណត្តិទី៧ និងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ចាប់តាំងពីអាណត្តិទី១ ដល់អាណត្តិទី៥៕

អត្ថបទដែលជាប់ទាក់ទង