ពេលធនធានមនុស្សខេត្តព្រៃវែង៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយ
ព្រៃវែង៖ខេត្តព្រៃវែង មានសិស្ស និស្សិត រួមទាំងព្រះសង្ឃចំនួន៥៧២អង្គ/នាក់ទៀតហើយ បានបញ្ចប់ដោយបណ្តុះបណ្តាលជំនាញរដ្ឋបាលលើកុំព្យូទ័រ កាត់តវីដេអូលើកុំព្យូទ័រ និងទូរស័ព្ទដៃ។
វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ស្របតាមទស្សនវិស័យដឹកនាំដ៏ត្រឹមត្រូវ និងជឿនលឿនរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលជំនាន់ទី២ និងបើកវគ្គបន្តជំនាន់ទី៣ រៀបចំនៅសាលាខេត្តព្រៃវែង នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានបង្ហាញក្ដីត្រេកអរ និងរំភើបរីករាយចំពោះលទ្ធផលជោគជ័យនៃវគ្គបណ្ដុះបណ្ដាលជំនាន់ទី២ នេះ និងបានជំរុញឱ្យក្រុមការងារពង្រឹងគុណភាពនៃបណ្ដុះបណ្ដាលបន្ថែមទៀត ស្របតាមតម្រូវការ និងឱកាសទីផ្សារការងារ។
ឯកឧត្ដមអភិសន្តិបណ្ឌិត វគ្គបណ្តុះបណ្តាលដែលប្រកបទៅដោយគុណភាព និងគ្រូឧទ្ទេសពោរពេញទៅដោយចំណេះជំនាញ ប៉ិនប្រសប់ក្នុងការពន្យល់ ជាក់ស្តែងដូចដែលក្រុមការងារបានរៀបចំនេះ គឺពិតជាមានសារសំខាន់ណាស់ ហើយសិក្ខាកាមដែលបញ្ចប់វគ្គសិក្សា ក៏នឹងពិតជាទទួលបានចំណេះជំនាញពិតយកទៅអនុវត្ត និងជាស្ពានក្នុងការកសាងគ្រួសារ និងសង្គមជាតិ។
ឯកឧត្ដមបន្តថា អ្នកដែលចេះពិតប្រាកដ រមែងទទួលបាននូវផ្លែផ្កា។ ដូចនេះសម្រាប់ជំនាន់ទី៣ សិក្ខាកាមគប្បីយកចិត្តទុកដាក់សិក្សាឈ្វេងយល់លើជំនាញទាំងអស់នេះឱ្យអស់សក្ដានុពល។
សូមបញ្ជាក់ថា សិស្ស-និស្សិតដែលទទួលបានជ័យលាភីជំនាន់ទី២ សរុបចំនួន៥៧២អង្គ/នាក់ មានការកើនឡើង៩៦អង្គ/នាក់ បើធៀបទៅនឹងជំនាន់ទី១ ខណៈដែលជំនាន់ទី៣ មានចំនួនរហូតទៅដល់៨៣៤អង្គ/នាក់។
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក៏បានផ្ដល់អនុសាសន៍ឱ្យក្រុមការងារ សិក្សាបញ្ជូលបន្ថែមនូវជំនាញឌីហ្សាញផុសស្ទ័រ ប៉ាណូ គំនូរជីវចល ជាពិសេសបញ្ញាសប្បនិម្មិត ដោយភ្ជាប់នឹងតម្លៃវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងអត្តសញ្ញាណ ពោលគឺត្រូវគិតពីមុខវិជ្ជាច្បាប់ ក្រមសីលធម៌នៃការប្រើបច្ចេកវិទ្យា និងអនឡាញ៕