កម្ពុជាទទួលអ្នកដំណើរតាមផ្លូវអាកាសបាន ៥.៥៩លាននាក់ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤
ភ្នំពេញ៖នៅរយៈពេល១១ ខែឆ្នាំ២០២៤នេះ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសចំនួន ៥.៥៩លាននាក់ មានកំណើនជាង ២២ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២៣។
ព្រឹកថ្ងៃទី២៣ ខែធ្នូនេះ ឯកឧត្ដមស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា គិតចាប់ពីខែមករា ដល់ ខែវិច្ឆិកា ឆ្នាំ២០២៤ (រយៈពេល ១១ខែ) ការដឹកជញ្ជូនតាមផ្លូវអាកាស សម្រាប់អាកាសយានដ្ឋានអន្តរជាតិទាំង ៣របស់កម្ពុជា ទទួលបានជើងហោះហើរចេញ-ចូល (ទ្វេទិស) មានចំនួនជាង ៥ម៉ឺនជើង (៥២,៧៣២ជើង) មានការកើនឡើងជិត ១៤% បើធៀបទៅនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៣។
សម្រាប់អ្នកដំណើរចេញ-ចូលវិញ មានចំនួនជាង ៥លាននាក់ (៥,៥៩៩,៨៣១ នាក់) មានការកើនឡើងជាង ២២ %។ ចំពោះទំនិញតាមផ្លូវអាកាស មានចំនួនជាង ៧ម៉ឺនតោន (៧០,៨៤៥ តោន) មានការកើនឡើងជិត៤០%។
បើតាមឯកឧត្ដម ស៊ីន ចាន់សិរីវុត្ថា សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (AITA) វាយតម្លៃថា ការដឹកជញ្ជូនតាមផ្លូវអាកាសរបស់កម្ពុជា នៅឆ្នាំ២០២៤នេះ អាចសម្រេចប្រហែល៦៧ភាគរយ បើធៀបនឹងឆ្នាំ២០១៩ មុនវិបត្តិនៃជំងឺកូវីដរាតត្បាត ហើយថា កម្ពុជានឹងសម្រេចបានកំណើនអ្នកដំណើរស្មើនឹងមុនកូវីដ១៩ នៅឆ្នាំ២០២៦ខាងមុខ៕