ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហ្វីលីពីន ថានឹងទិញប្រព័ន្ធមីស៉ីល Typhon ពីសហរដ្ឋអាមេរិក

10

ក្រុងម៉ានីល៖នៅថ្ងៃចន្ទ ទី២៣ ខែធ្នូ យោធាហ្វីលីពីន បាននិយាយថា ខ្លួនមានផែនការទិញប្រព័ន្ធមីស៉ីលរបស់សហរដ្ឋអាមេរិក Typhon ដើម្បីយកមកការពារផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន ក្នុងនោះរួមមានទាំងនៅសមុទ្រចិនខាងត្បូង ដែលមាន ជាប់ពាក់ព័ន្ធបញ្ហាវិវាទជាមួយចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
យោធាអាមេរិក បានដាក់ពង្រាយប្រព័ន្ធមីស៉ីល Typhon នៅភាគខាងជើងប្រទេសហ្វីលីពីន ក្នុងឆ្នាំនេះ សម្រាប់ការធ្វើសមយុទ្ធ រួមគ្នាជាមួយទីក្រុងម៉ានីល ប៉ុន្តែបានសម្រេចចិត្តបន្តទុក ប្រព័ន្ធនោះនៅហ្វីលីពីន មកទល់ឥឡូវ ទោះបីទីក្រុងប៉េកាំង បានចេញមុខ រិះគន់ថា វាបង្កអស្ថិរភាពក្នុងតំបន់ក៏ដោយ។
Typhon គឺជាប្រព័ន្ធមីស៉ីលបាញ់ចេញពីដីគោក មានរយៈចម្ងាយមធ្យម ដែលត្រូវបានអភិវឌ្ឍឡើងដោយ ក្រុមហ៊ុនអាមេរិក Lockheed Martin សម្រាប់កងទ័ពអាមេរិក។ វាមានសមត្ថភាពបាញ់ បានចម្ងាយ៣០០គីឡូម៉ែត្រ ប៉ុន្តែក៏មានស៊េរី ដែលអាច បាញ់បានឆ្ងាយជាងនេះទៀត កំពុងស្ថិតក្រោមការអភិវឌ្ឍផងដែរ។
គួរបញ្ជាក់ថា រយៈពេលប្រហែលជាង១ឆ្នាំមកនេះ ចិននិងហ្វីលីពីន បានប្រឈមមុខដាក់គ្នាយ៉ាងញឹកញាប់ ពាក់ព័ន្ធបញ្ហាវិវាទ ជុំវិញទីប្រជុំកោះនិងថ្មប៉ប្រះទឹក នៅឯសមុទ្រចិនខាងត្បូង។ កាលពីខែមិថុនា រដ្ឋមន្រ្តីការពារជាតិចិន លោក Dong Jun បាននិយាយថា ការដាក់ពង្រាយប្រព័ន្ធមីស៉ីល Typhon របស់អាមេរិក នៅហ្វីលីពីន បង្កការប៉ះពាល់ជាខ្លាំងដល់សន្តិសុខ ក៏ដូចជាស្ថិរភាពក្នុងតំបន់៕

អត្ថបទដែលជាប់ទាក់ទង