តុលាការបានសម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ដែលបាញ់សម្លាប់២នាក់គូដណ្តឹងចំនួន៣១ឆ្នាំ និងបង្គាប់ឲ្យសងសំណង២លានដុល្លារដល់ជនរងគ្រោះ រួមជាមួយសំណង៥០ម៉ឺនដុល្លារផ្សេងទៀតដល់អ្នករងរបួស
ភ្នំពេញ៖សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានប្រកាសថា តុលាការបានសម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ដែលបាញ់សម្លាប់២នាក់គូដណ្តឹងចំនួន៣១ឆ្នាំ និងបង្គាប់ឲ្យសងសំណង២លានដុល្លារដល់ជនរងគ្រោះ រួមជាមួយសំណង៥០ម៉ឺនដុល្លារផ្សេងទៀតដល់អ្នករងរបួស។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបួងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះលើ សំណុំរឿងព្រហ្មទណ្ឌចំនួន៣ ពាក់ព័ន្ធនឹងជនជាប់ចោទឈ្មោះ ស្រី ស៊ីណា គឺ៖ សំណុំរឿងទី១ ពីបទឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត, សំណុំរឿងទី២ ពីបទ ប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយ គ្មានការអនុញ្ញាត និងសំណុំរឿងទី៣ ពីបទរំលោភលើលំនៅឋាន។
ក្រោយពីបានធ្វើកិច្ចពិភាក្សាដេញដោលលើ ជនជាប់ចោទ ភាគីពាក់ព័ន្ឋ និងបានពិនិត្យភស្តុតាង អង្គហេតុ និងអង្គច្បាប់ ក្រុមប្រឹក្សាជំនុំជម្រះបានប្រកាសជាសាធារណៈនូវសាលក្រមព្រហ្មទណ្ឌ នៃសំណុំរឿងទាំង ០៣ ខាងលើ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ មានដូចខាងក្រោម៖
*១៖ សាលក្រមព្រហ្មទណ្ឌលេខ ១៣៥២ ក្រ៦ “ជ១” បានសម្រេចផ្ដន្ទាទោសលើជនជាប់ចោទឈ្មោះ ស្រី ស៊ីណា ភេទប្រុស អាយុ៥១ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល ១៥ (ដប់ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ ចំនួន ២ ០០០ ០០០ (ពីរលាន) រៀល ពីបទ ឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត បទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ១៩៩ ក្រមព្រហ្មទណ្ឌ និងមាត្រា២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធ ជាតិផ្ទុះ និងគ្រាប់រំសេវ និងបានបង្គាប់ឲ្យឈ្មោះ ស្រី ស៊ីណា សងសំណងជំងឺចិត្តចំនួន ១ ០០០ ០០០ (មួយលាន) ដុល្លារអាមេរិក ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ម៉ាំង បូណា ត្រូវជាឪពុកជនរងគ្រោះឈ្មោះ យីន កញ្ចនា ដែលបានស្លាប់ និងបង្គាប់ឲ្យសងសំណងជំងឺចិត្តចំនួន ១ ០០០ ០០០ (មួយលាន) ដុល្លារអាមេរិក ទៀតទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ជា អញ្ជលី ត្រូវជាម្តាយជនរងគ្រោះឈ្មោះ ឡុង លីសុង ដែលបានស្លាប់។
*២៖ សាលក្រមព្រហ្មទណ្ឌលេខ ១៣៥៣ ក្រ៦“ជ១” បានសម្រេចផ្ដន្ទាទោសលើជនជាប់ចោទឈ្មោះ ស្រី ស៊ីណា ភេទប្រុស អាយុ៥១ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល ១៥ (ដប់ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២ ០០០ ០០០ (ពីរលាន) រៀល ពីបទ ប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត បទល្មើស ព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ២៧ មាត្រា ១៩៩ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធជាតិផ្ទុះ និងគ្រាប់រំសេវ និងបានបង្គាប់ឲ្យឈ្មោះ ស្រី ស៉ីណា សងសំណងជំងឺចិត្តចំនួន ៣០០០០០ (សាមសិបម៉ឺន)ដុល្លារអាមេរិក ទៅដើមបណ្តឹងរដ្ឋប្បវេណី ដែលជាអ្នករងរបួស និងចំនួន ២០០ ០០០ (ម្ភៃម៉ឺន) ដុល្លារអាមេរិក ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ហុង រិទ្ធារ័ក្ស ដែលជាអ្នករងរបួស។
*៣៖ សាលក្រមព្រហ្មទណ្ឌលេខ ៥២៣០ “ជ១” បានសម្រេចផ្ដន្ទាទោសលើជនជាប់ចោទឈ្មោះ ស្រី ស៊ីណា ភេទប្រុស អាយុ៥១ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល០១ (មួយ) ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២ ០០០ ០០០ (ពីរលាន) រៀល ពីបទ រំលោភលើលំនៅឋាន បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោស តាមមាត្រា២៩៩ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងបានបង្គាប់ឲ្យឈ្មោះ ស្រី ស៊ីណា សងសំណង ជំងឺចិត្តចំនួន ៥០០០០ (ប្រាំម៉ឺន) ដុល្លារអាមេរិក ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ជា អញ្ជលី ត្រូវជាម្តាយ ម្ចាស់ផ្ទះ។ ប្រព្រឹត្តនៅចំណុចបុរីប៉េងហួតបឹងស្នេ ផ្ទះលេខ២៦ ផ្លូវលេខP-10 ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ សូមបញ្ជាក់បន្ថែមទៀតថា ការផ្តន្ទាទោសរបស់ក្រុមប្រឹក្សា ជំនុំជម្រះលើជនជាប់ចោទឈ្មោះ ស្រី ស៊ីណា ក្នុងសំណុំរឿងទាំង០៣ខាងលើ គឺជាការផ្ដន្ទាទោសក្នុងកម្រិតអតិបរមានៃទោស៕
ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ៖