ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស សុខា កោតសរសើរដល់អត្តពលិក គ្រូបង្វឹក គ្រូជំនួយនៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលបានខិតខំប្រឹងប្រែងដណ្ដើមមេដាយ ជូនជាតិមាតុភូមិ និងក្រសួងមហាផ្ទៃ

14


ភ្នំពេញឯឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ប្រតិភូ ប្រតិភូរង គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការិនី នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួមហាផ្ទៃ ដែលដណ្តើមបានមេដាយមាស ប្រាក់ សំរឹទ្ធ ពីការប្រកួតកីឡាជាតិ លើកទី៤ ឆ្នាំ២០២៤។
លោក សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានសម្ដែងគារវកិច្ចគោរព ចំពោះអភិសន្តិបណ្ឌិត ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ផ្ដល់កិត្តិយសអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលមួយនេះ ប្រកបដោយអត្ថន័យ។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាល ជំនួសមុខឱ្យថ្នាក់ដឹកនាំ នាយនគរបាល មន្រ្តីនគរបាល ប្រតិភូ ប្រតិភូរង គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការិនីទាំងអស់ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ រដ្ឋលេខាធិការ ក៏បានសម្ដែងការគោរពថ្លែងអំណរគុណ ដឹងគុណគុណូបការៈដ៏ខ្ពង់ខ្ពស់ជូន សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាអតីតប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលកន្លងមក សម្តេចបានខិតខំលះបង់ទាំងកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ព្រមទាំងធនធានយ៉ាងច្រើន ដើម្បីជ្រោមជ្រែងលើកស្ទួយ ដល់អត្តពលិកប្រតិភូកីឡាចំណុះក្រសួងមហាផ្ទៃ ទទួលបានឱកាសបញ្ចេញសមត្ថភាព តាមរយៈការចូលរួមលើកកម្ពស់កិត្យានុភាព ឧត្តមភាព និងកិត្តិយសជូនក្រសួងមហាផ្ទៃ ទាំងនៅថ្នាក់ជាតិ និងអន្តរជាតិផងដែរ។
លោក សរ សិទ្ធិ រដ្ឋលេខាធិការ ទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ក៏បានគោរពជម្រាបជូនដល់អង្គពិធីទាំងមូល ពីប្រវត្តិជោគជ័យមួយចំនួន ពាក់ព័ន្ធនឹងការចូលរួមប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍នៅក្រៅស្រុក ជាពិសេសពាក់ព័ន្ធជាមួយសមិទ្ធផលក្នុងព្រឹត្តិការណ៍អាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ កន្លងទៅដែល អត្តពលិកនៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ រួមចំណែកសម្រេចបាន។
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានសម្ដែងក្ដីសោមនស្សរីករាយ ដែលបានចូលរួមពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។
យោងតាមរបាយការណ៍របស់លោក សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ, អភិសន្តិបណ្ឌិតរដ្ឋមន្ត្រី បានចាត់ទុកលទ្ធផលកីឡាជាតិ លើកទី៤ ឆ្នាំ២០២៤ ថា ជាមោទកភាពដ៏ធំធេងមួយ ដោយមិនមែនសម្រាប់តែក្រសួងមហាផ្ទៃប៉ុណ្ណោះនោះទេ ប៉ុន្តែវាជាកិត្តិយសរបស់ជាតិទាំងមូល ដែលកីឡាករ-កីឡាការិនីក្រសួងមហាផ្ទៃ ចូលរួមប្រកួត និងដណ្ដើមបានមេដាយជាមួយកំណត់ត្រាមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។
ឯកឧត្ដមអភិសន្តិបណ្ឌិត ក៏បានសម្ដែងការដឹងគុណដល់ សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាអតីតប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បច្ចុប្បន្នជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានកសាងស្នាដៃដ៏គួរជាទីមោទក ជាពិសេសវិស័យកីឡាក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ដោយអត្តពលិកនៃក្រសួងមហាផ្ទៃ បានរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់មុខមាត់ជាតិ ទាំងក្នុង និងក្រៅប្រទេស ហើយបន្សល់ទុកដល់អ្នកជំនាន់ក្រោយ បន្តពង្រឹង ពង្រីក និងអភិវឌ្ឍន៍ឱ្យកាន់តែរីកចម្រើន។
បន្ថែមលើសនេះ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានវាយតម្លៃខ្ពស់ និងកោតសរសើរ ដល់អត្តពលិក គ្រូបង្វឹក គ្រូជំនួយទាំងអស់ ដែលបានខិតខំប្រឹងប្រែងដណ្ដើមមេដាយជូនជាតិមាតុភូមិ និងក្រសួងមហាផ្ទៃ និងបានជូនពរអត្តពលិកទាំងអស់ បន្តជួបតែសុខភាពល្អ ដើម្បីបន្តប្រជែងយកមេដាយជូនជាតិនៅការប្រកួតក្រោយៗទៀត។
អភិសន្តិបណ្ឌិត ក៏បានផ្តល់ជូននូវអនុសាសន៍ ដល់អត្តពលិក នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ត្រូវរៀបចំខ្លួនឱ្យបានល្អប្រសើរ ដើម្បីចូលរួមប្រជែងដណ្តើមមេដាយ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅនៅព្រះរាជាណាចក្រថៃ ក្នុងនាមកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា។
គួរបញ្ជាក់ដែរថា៖នាយប់ថ្ងៃ​ចន្ទ​ថ្ងៃ​ទី២៣​ ខែធ្នូ​ ឆ្នាំ​២០២៤ពិធី​បិទ​ការប្រកួត​កីឡា​បាល់ទះជ្រេីសរេីសជេីងឯក​ថ្នាក់ជាតិ​ និង​ដណ្ដើម​ពានរង្វាន់​ សម្ដេច​ក្រឡា​ហោម​ ស​ ខេង​ ឆ្នាំ២០២៤​ ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​អភិសន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ និង​ជា​ប្រធានសហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​ និង​លោកជំទាវ​ កែ​ សួន​សុភី​ ស​ សុខា៕

អត្ថបទដែលជាប់ទាក់ទង