អាជ្ញាធរខណ្ឌច្បារអំពៅ បន្តចាត់វិធានការទៅលើអាជីវករដែលមិនស្តាប់តាមការណែនាំរបស់រដ្ឋបាលខណ្ឌ
ភ្នំពេញ ៖ ដើម្បីរក្សាបាននៅសណ្តាប់ធ្នាប់សាធារណៈល្អ ព្រឹកព្រលឹមថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ លោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅ បានដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ និងមានវិធានការចំពោះអាជីវករមួយចំនួន ដែលលក់ដូរលើផ្លូវ និងចិញ្ចើមផ្លូវ តាមបណ្តោយផ្លូវព្រែកបារាំង ក្រោយវត្តនិរោធ នៅព្រំប្រទល់សង្កាត់និរោធ, សង្កាត់ច្បារអំពៅទី១ និងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ឲ្យបញ្ឈប់នូវការលក់ដូរទាំងឡាយនៅលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈ។
លោកអភិបាលរងខណ្ឌ បានឱ្យដឹងថា កន្លងមករដ្ឋបាលខណ្ឌតែងតែចុះណែនាំ និងចែកលិខិតជូនដំណឹងលេខ.៥៣៧/២៤ សជណ.ចអព ដល់អាជីករ ក្នុងន័យមិនអនុញ្ញាតឱ្យដាក់តាំងលក់ទំនិញ និងសម្ភារផ្សេងៗលើផ្លូវនិងចិញ្ចើមផ្លូវសាធារណៈ។ បន្ទាប់ពីទទួលបានការណែនាំ និងលិខិតជូនដំណឹងរួចហើយ ឃើញថា អាជីវករភាគច្រើនគោរព និងអនុវត្តតាមការណែនាំ ជាមួយគ្នានេះ ក៏នៅមានអាជីវករមួួយចំនួនតូចប៉ុណ្ណោះ ដែលនៅតែបំពានដោយដាក់តាំងលក់ទំនិញ និងសម្ភារផ្សេងៗលើផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ដែលបង្កឱ្យបាត់សោភ័ណភាពនិងបង្កការកកស្ទះចរាចរណ៍។
រដ្ឋបាលខណ្ឌច្បារអំពៅ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចអាជីករទាំងអស់ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ សូមបញ្ឈប់ការដាក់តាំងលក់ទំនិញ ឬសម្ភារៈផ្សេងៗលើផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ដើម្បីលទ្ធភាពយានយន្តគ្រប់ប្រភេទធ្វើចរាចរណ៍ និងសម្រាប់ថ្មើរជើងរបស់បងប្អូនប្រជាពលរដ្ឋយើង៕