ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេច បវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងយុត្តិធម៌ពិនិត្យលទ្ធភាពធ្វើវិសោធនកម្មច្បាប់ ដាក់ទោសឱ្យធ្ងន់ទៅលើក្រុមក្មេងទំនើង

17

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន ណែនាំដល់ក្រសួងយុត្តិធម៌ ធ្វើវិសោធនកម្មច្បាប់ ដើម្បីដាក់ទោសឱ្យធ្ងន់ទៅលើក្រុមក្មេងទំនើង ដែលតែងតែបង្ករឿងកាប់ចាក់គ្នា។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញចែកសញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យធនធានមនុស្សជាង១ពាន់នាក់ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤។
សម្តេចមហាបវរធិបតី មានប្រសាសន៍ថា ការអនុវត្តច្បាប់តឹងរ៉ឹង នឹងអាចបង្ការបាននូវករណីក្មេងទំនើបដែលកាប់ចាក់គ្នា ដែលនឹងជួយទៅដល់ទៅឪពុកម្តាយ និងក្មេងទាំងនោះ ព្រមទាំងប្រជាពលរដ្ឋផងដែរ។ ហេតុដូច្នេះហើយក្រសួងយុត្តិធម៌ គួរតែពិនិត្យមើលច្បាប់ឡើងវិញ ជាពិសេសករណីក្មេងទំនើងដែលដាក់ដាវសាម៉ូរៃនៅតាមខ្លួន និងអួត ដាក់គ្នានៅលើបណ្តាញសង្គមហ្វេសប៊ុកជាដើម កុំចាំទាល់តែមានករណីកាប់គ្នាហើយបានប្រមូល និងចុះចាប់។
សម្តេចធិបតីបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំឱ្យមើលច្បាប់ឱ្យមែនទែន ខ្លះទាញមកអួត កន្លែងខ្លះបបួលគ្នាកាប់គេ តើអាហ្នឹងស្មើនឹងគម្រាមប្រមាថជីវិតដែរឬទេ។ អ៊ឺចឹងឱ្យពិនិត្យមើលច្បាប់ បើច្បាប់នៅស្រាលពេក សូមឱ្យធ្វើវិសោធនកម្ម ដើម្បីដាក់មុខព្រួញនេះកាន់តែខ្លាំងតែម្តង ។ បើយើងត្រឹមតែអប់រំគាត់ យើងអាណិតគាត់ម្នាក់ឯង ប៉ុន្តែយើងមិនបានអាណិតឪពុកម្តាយគាត់ ដែលកូនមិនរៀន កូនចេញទៅកាន់តែអឿលើសដើម»។
សម្តេចមានប្រសាសន៍ថា បើមិនដាក់វិធានការច្បាប់ធ្ងន់ធ្ងរនោះទេ នឹងធ្វើឱ្យក្មេងខូចអនាគត ព្រោះប្រសិនបើអប់រំរដ្ឋបាល ពេលចេញទៅវិញ ពួកគេនឹងប្រព្រឹត្តិអំពើដដែល ហើយករណីនេះ ក៏នឹងធ្វើឱ្យអ្នកផ្សេងទៀតមិនខ្លាចញញើតដែរ។ ជាក់ស្តែង ករណីក្មេងទំនើងដែលកាប់គ្នាយ៉ាងសាហាវនៅខេត្តតាកែវនាពេលថ្មីៗ គឺត្រូវតែមានការចាត់វិធានការខ្លាំង ដោយមិនឱ្យរួចខ្លួននោះទេ។
សម្តេចសង្ឃឹមថា ការដាក់ចេញនូវវិធានការម៉ឺងម៉ាត់នេះ នឹងជួយដាស់តឿនដល់ ក្លេងផ្សេងកុំឱ្យប្រព្រឹត្តិ អំពើកាប់ចាក់នេះ។
ជាមួយគ្នានេះ សម្តេចធិបតី បានអំពាវនាវដល់អាណាព្យាបាល លោកគ្រូ អ្នកគ្រូ យកចិត្តទុកដាក់អប់រំកូន និងសិស្ស ឱ្យពួកគេក្លាយជាក្មេងល្អ។ ទន្ទឹមគ្នានេះ សម្តេចក៏បានណែនាំដល់អាជ្ញាធរខេត្ត រាជធានី ក៏ដូចជាស្នងការនគរបាលរាជធានីខេត្ត និងកងរាជអាវុធហត្ថពង្រឹងការអនុវត្តទៅលើមុខសញ្ញាក្មេងទំនើងទាំងនេះ។
យោងតាមរបាយការណ៍ក្រសួងយុត្តិធម៌ រយៈពេលជាង៧ខែ ក្រោយដាក់ចេញយុទ្ធនាការបង្ក្រាបក្មេងទំនើងតាំងពីខែឧសភា ឆ្នាំ២០២៤មក បានបង្រ្កាបសំណុំរឿងក្មេងទំនើងសរុប ៧២០សំណុំរឿង ដោយបានឃាត់ខ្លួនជនសង្ស័យ៣,៣០០នាក់ ៕

អត្ថបទដែលជាប់ទាក់ទង