ក្រុមហ៊ុនអាកាសចរណ៍ China Eastern នឹងប្រើយន្តហោះចិន C919 ហោះហើរឆ្លងដែនលើកដំបូងក្នុងខែមករា
ក្រុងប៉េកាំង៖យោងតាមទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines នឹងប្រើប្រាស់យន្តហោះ C919 ជាលើកដំបូងសម្រាប់សេវាកម្មហោះហើរពាណិជ្ជកម្មរវាងទីក្រុងសៀងហៃនិងទីក្រុងហុងកុងនៅថ្ងៃទី១ ខែមករា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
បច្ចុប្បន្ន ក្រុមហ៊ុនអាកាសចរណ៍រដ្ឋចិនធំៗចំនួនបីនៅក្នុងប្រទេសចិន សុទ្ធតែដំណើរការយន្តហោះ C919 ដែលជាយន្តហោះតួខ្លួនតូចផលិតក្នុងប្រទេសចិនដោយក្រុមហ៊ុនសាជីវកម្មយន្តហោះពាណិជ្ជកម្មចិន (COMAC) ប៉ុន្តែយន្តហោះទាំងនោះហោះហើរតែក្នុងប្រទេសចិនដីគោកប៉ុណ្ណោះ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា សេវាកម្មហោះហើរថ្មីនេះធ្វើឡើងនៅពេលដែលប្រទេសចិនមានបំណងផ្តល់សេវាជូនអតិថិជនអន្តរជាតិដំបូងដោយប្រើប្រាស់យន្តហោះ C919 ដែលជាយន្តហោះមានសក្តានុពលក្នុងការប្រជែងនឹងយន្តហោះ Boeing 737 MAX និងយន្តហោះ Airbus A320neo ។
ក្រុមហ៊ុនអាកាសចរណ៍ China Eastern ដែលជាក្រុមហ៊ុនដំបូងគេប្រើប្រាស់យន្តហោះ C919 មានយន្តហោះ C919 ចំនួនប្រាំបួនគ្រឿងដែលកំពុងបម្រើសេវាហោះហើរក្នុងស្រុក។
ការបន្ថែមទីក្រុងហុងកុងដែលជាតំបន់រដ្ឋបាលពិសេសរបស់ប្រទេសចិនដែលមានប្រព័ន្ធគ្រប់គ្រងអាកាសចរណ៍ផ្ទាល់របស់ខ្លួនដាច់ដោយឡែកពីប្រទេសចិន ទៅក្នុងទិសដៅហោះហើរនេះ នឹងពង្រីកបណ្តាញរបស់ក្រុមហ៊ុន China Eastern រហូតដល់ទៅ ៩ទីក្រុង។
ក្រុមហ៊ុនផលិតយន្តហោះចិន COMAC បាននិងកំពុងផ្តោតលើការពង្រីកផ្លូវហោះហើរអន្តរជាតិរបស់ខ្លួន ដោយបើកការិយាល័យនៅទីក្រុងហុងកុងក្នុងខែតុលាបន្ទាប់ពីបានបង្កើតការិយាល័យប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ខ្លួននៅប្រទេសសិង្ហបុរី។ ក្រុមហ៊ុន COMAC បានឱ្យដឹងថា ការិយាល័យនៅទីក្រុងហុងកុងគឺជាធាតុផ្សំដ៏សំខាន់នៃយុទ្ធសាស្ត្រសកលរបស់ខ្លួន។
ក្រុមហ៊ុនផលិតយន្តហោះមួយនេះកំពុងស្វែងរកការទទួលបានវិញ្ញាបនបត្រសម្រាប់យន្តហោះ C919 ពីសហភាពអឺរ៉ុប និងបានសម្តែងក្តីសង្ឃឹមថានឹងទទួលបាននៅឆ្នាំ២០២៥។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕