លោក ពូទីន ចេញមុខសុំទោសអាស៊ៃបៃហ្សង់ ជុំវិញករណីធ្លាក់យន្តហោះ ក្នុងដែនអាកាសរុស្ស៉ី
ក្រុងមូស្គូ៖នៅថ្ងៃសៅរ៍ ទី២៨ ខែធ្នូនេះ ប្រធានាធិបតីរុស្ស៉ីលោក វ្ល៉ាឌីមៀ ពូទីន បានសុំទោសប្រធានាធិបតីអាស៊ែបៃហ្សង់ សម្រាប់ឧប្បត្តិហេតុធ្លាក់យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន Azerbaijan Airlines ក្នុងដែនអាកាសរុស្ស៉ី និងនៅបន្ទាប់ពីប្រព័ន្ធការពារដែនអាកាសរុស្ស៉ី កំពុងបាញ់ស្ទាក់យន្តហោះដ្រូនអ៊ុយក្រែន។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
វិមានក្រឹមឡាំងបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា «លោកប្រធានាធិបតី ពូទីន សុំទោសចំពោះឧប្បត្តិហេតុសោកនាដកម្ម ដែលកើតឡើងនៅក្នុងដែនអាកាសរុស្ស៉ីហើយជាថ្មីម្តងទៀតសូមសម្តែងការរំលែកទុក្ខចំពោះក្រុមគ្រួសារជនរងគ្រោះ និងសូមជូនពរឱ្យអ្នករបួសឆាប់ជាសះស្បើយឡើងវិញ»។ សេចក្តីថ្លែងការណ៍ដដែលបន្ថែមថា « នៅពេលនោះ ទីក្រុង Grozny, Mozdok និង Vladikavkaz កំពុងរងការវាយប្រហារដោយដ្រូនអ៊ុយក្រែន ហើយប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានដំណេីរការបាញ់ស្ទាក់ដ្រូនទាំងនោះ»។
ការិយាល័យប្រធានាធិបតីអាស៊ៃបៃហ្សង់ បានឱ្យដឹងថា លោកប្រធានាធិបតី Ilham Aliyev បានកត់សម្គាល់ថា យន្តហោះនេះទទួលរងការប៉ះទង្គិតផ្នែកខាងក្រៅ និងបច្ចេកទេសនៅក្នុងដែនអាកាសរុស្ស៉ី ទេីបបណ្តាលឱ្យបាត់បង់ការគ្រប់គ្រងទាំងស្រុង ហេីយត្រូវប្តូរទិសដៅទៅកាន់ទីក្រុង Aktau របស់កាហ្សាក់ស្ថាន។
គួរបញ្ជាក់ថា ជើងហោះហើរលេខ J2-8243 បានធ្លាក់កាលពីថ្ងៃពុធកន្លងទោ នៅជិតទីក្រុង Aktau របស់កាហ្សាក់ស្ថាន បន្ទាប់ពីបានបង្វែរទិសដៅពីភាគខាងត្បូងរុស្ស៉ី ជាកន្លែងដែលដ្រូនអ៊ុយក្រែន ត្រូវបានគេរាយការណ៍ថាកំពុងវាយប្រហារទីក្រុងលេីជាច្រើន។ មនុស្ស ៣៨នាក់ស្លាប់។ ប្រភពចំនួន ៤ដែលដឹងអំពីការរកឃើញបឋមនៃការស៊េីបអង្កេតរបស់អាស៊ៃបៃហ្សង់បានប្រាប់ Reuters ថាប្រព័ន្ធការពារដែនអាកាសរុស្ស៉ីច្រលំបាញ់ទម្លាក់៕