ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យន្តហោះដឹកអ្នកដំណើរ ដែលជួបគ្រោះថ្នាក់ផ្ទុះឆេះពេលចុះចត នៅព្រលានយន្តហោះ កូរ៉េខាងត្បូងស្លាប់អ្នកដំណើរ៨៥នាក់ក្នុងចំណោម១៨១នាក់

60

ក្រុងសេអ៊ូល៖នាព្រឹកថ្ងៃអាទិត្យនេះ យន្តហោះដឹកអ្នកដំណើរ១គ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air បានជួបគ្រោះថ្នាក់ ពេលព្យាយាមចុះចត នៅអាកាសយានដ្ឋានអន្តរជាតិ Muan នៃប្រទេសកូរ៉េខាងត្បូង។
យន្តហោះខាងលើផ្ទុកមនុស្សសរុប១៨១នាក់។ គិតត្រឹមពេលនេះ មនុស្សយ៉ាងហោច៨៥នាក់ បានបាត់បង់ជីវិត ខណៈត្រឹម ២នាក់ប៉ុណ្ណោះ ត្រូវបានជួយសង្រ្គោះ ហើយតួលេខអ្នកស្លាប់ ត្រូវគេរំពឹងថា នឹងបន្តកើនថែមទៀត។
ចំនួនអ្នកស្លាប់បានបន្តកើនឡើងដល់យ៉ាងហោច៨៥នាក់ ក្នុងគ្រោះថ្នាក់យន្តហោះ១គ្រឿង ដែលផ្ទុកមនុស្សសរុបចំនួន ១៨១នាក់ នៅប្រទេសកូរ៉េខាងត្បូង នាថ្ងៃអាទិត្យនេះ។ នេះបើតាមការចេញផ្សាយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី២៩ ខែធ្នូ ឆ្នាំ២០២៤។
អាជ្ញាធរបានឱ្យដឹងថា មកទល់ពេលនេះ មនុស្ស៨៥នាក់ ត្រូវបញ្ជាក់ថា បានបាត់បង់ជីវិត ខណៈមនុស្សត្រឹម២នាក់ប៉ុណ្ណោះ ត្រូវបានជួយសង្រ្គោះ ហើយ ទោះជាបែបនេះក្តី តួលេខអ្នកស្លាប់ អាចនឹងបន្តកើនថែមទៀត។ គ្រោះថ្នាក់ខាងលើ បានកើតឡើង ពេលយន្តហោះមួយគ្រឿងរបស់ ក្រុមហ៊ុនអាកាសចរណ៍ Jeju Air ព្យាយាមចុះចត នៅអាកាសយានដ្ឋានអន្តរជាតិ Muan។
បើតាមឃ្លីបវីដេអូចែកចាយលើបណ្តាញសង្គម គេមើលឃើញ អំឡុងពេលចុះចត តួខ្លួនរបស់យន្តហោះដែលជួបគ្រោះថ្នាក់ នៅអូសជាប់នឹង ផ្លូវចុះចតផ្ទាល់តែម្តង ដោយមិនមានកង់ត្រូវបញ្ចេញមកឡើយ ហើយយន្តហោះនោះ បានបោះពួយយ៉ាងលឿន ហួសផុតចេញពីផ្លូវ រហូតទីបំផុតទៅបុកជាមួយជញ្ជាំងការពារ ជាហេតុបណ្តាលឱ្យផ្ទុះឆេះឡើងយ៉ាងសន្ធោសន្ធៅ។
យោងតាមសារព័ត៌មានកូរ៉េខាងត្បូង Yonhap គ្រោះថ្នាក់នោះ ទំនងជាបានកើតឡើង ក្រោយការប៉ះទង្គិចជាមួយ ហ្វូងសត្វបក្សី ជាហេតុបង្កឱ្យកង់យន្តហោះមានបញ្ហា មិនអាចបញ្ចេញមកខាងក្រៅបាន អំឡុងពេលវាព្យាយាមចុះចត នៅព្រលានយន្តហោះ ខាងលើ។ យ៉ាងណាមិញ ក្រសួងដឹកជញ្ជូនកូរ៉េខាងត្ បូង បាននិយាយថា ការស៉ើបអង្កេតលម្អិត កំពុងតែប្រព្រឹត្តទៅ។
គួរបញ្ជាក់ថា យន្តហោះខាងលើ ជាប្រភេទ Boeing 737-800 មានគោលដៅហោះហើរ ចេញពីទីក្រុងបាងកកនៃប្រទេសថៃ ឆ្ពោះមកកាន់កូរ៉េខាងត្បូង ជាមួយ អ្នកដំណើរសរុប១៧៥នាក់ និងក្រុមការងារយន្តហោះចំនួន៦នាក់៕

អត្ថបទដែលជាប់ទាក់ទង