សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ សុខសន្ដិភាព និងស្ថេរភាពនយោបាយ ជាកត្តាចម្បងបំផុតដែលធ្វើឲ្យកម្ពុជាទទួលជោគជ័យ ក្នុងរៀបចំព្រឹត្តិការណ៍កីឡាធំៗ
ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ បានអះអាងថា ដោយសារតែកត្តាសុខសន្ដិភាព និងស្ថេរភាពនយោបាយ ទើបធ្វើឲ្យកម្ពុជាអាចទទួលបានជោគជ័យក្នុងការរៀបចំព្រឹត្តិការណ៍កីឡាធំៗ។
ប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើក្នុងឱកាសអញ្ជើញជាអធិបតីរួមជាមួយលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត នៃការប្រកួតបាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ដែលជាទិវារំលឹកដល់ការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ទៀតថា ភាពជោគជ័យនេះ មិនជារឿងចៃដន្យនោះទេ ដូច្នេះហើយប្រជាពលរដ្ឋកម្ពុជា ត្រូវតែបន្ដថែរក្សាសុខសន្ដិភាព ស្ថេរភាពនយោបាយ ដែលបានកើតឡើងក្នុងរយៈពេលប៉ុន្មានទសវត្សមកនេះ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ពិតណាស់ជោគជ័យរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាទាំងនេះ ពុំមែនកើតឡើងដោយចៃដន្យនោះទេ, ប៉ុន្តែគឺអាស្រ័យដោយកត្តាចម្បងធំបំផុត គឺសុខសន្តិភាព និង ស្ថិរភាពនយោបាយ ដែលយើងសម្រេច និង ថែរក្សាបានក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ»។
បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រី, បើសិនជាកម្ពុជា គ្មានសន្តិភាព សូម្បីតែសមាជិកភាពរបស់កីឡាកម្ពុជាក្នុងកីឡាអូឡាំពិក ដែលកម្ពុជាជាសមាជិកតាំងពីឆ្នាំ១៩៥៦ ក៏ត្រូវបានផ្អាកពីឆ្នាំ១៩៧០ដល់ឆ្នាំ១៩៩៤ ពេលដែលកម្ពុជា មានសង្រ្គាមសមាជិកភាពនេះ ក៏ត្រូវបានផ្អាកផងដែរ។
ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានចែករំលែកនូវរឿងមួយដែលនាយឧត្តមសេនីយ៍ សៅ សុខា ក្នុងនាមជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ថាយុវជនសម័យនេះមានសំណាង នៅពេលដែលទស្សនាបាល់ទាត់នៅពហុកីឡដ្ឋានជាតិអូឡាំពិកកន្លងទៅ ដែលមានរាប់ពាន់អ្នកយុវជន ប្រជាជនរាប់ពាន់អ្នកអង្គុយមើល ខណៈម៉ោងនៅប្រទេសខ្លះ កំពុងភ័យខ្លាចជាមួយគ្រាប់ផ្លោង។
សូមជម្រាបថា នេះមិនមែនជាលើកទី១នោះទេ ដែលកម្ពុជារៀបចំព្រឹត្តិការណ៍កីឡាបាល់ទាត់នេះ ពោលកន្លងទៅកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍សំខាន់ៗជាច្រើន ក្នុងមានទាំងការធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៉ីហ្គេម និងកិច្ចប្រជុំកំពូលអាស៊ាន ព្រមទាំងកិច្ចប្រជុំកំពូលជាច្រើនទៀតបានដោយជោគជ័យទាំងស្រុង។ ពិតណាស់នេះមិនមែនជារឿងចៃដន្យនោះទេ ពោលគឺដោយសារតែកម្ពុជា មានសុខសន្ដិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ៕