ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖យុវជនខ្មែរសម័យនេះមានសំណាង អាចអង្គុយមើលព្រឹត្តិការណ៍បាល់ទាត់យ៉ាងកក់ក្តៅ មិនខ្វល់រឿងសង្គ្រាម ដូចយុវជននៅតាមបណ្តាប្រទេសមួយចំនួន

45

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរម្លឹកប្រសាសន៍របស់នាយឧត្តមសេនីយ៍ សៅ សុខា ដែលបានលើកឡើងថា យុវជនខ្មែរសម័យនេះសំណាងណាស់ ដែលអាចអង្គុយលេង សប្បាយរីករាយក្នុងសន្តិភាព ហើយយុវជនកម្ពុជា កំពុងតែលេងកីឡាយ៉ាងសប្បាយរីករាយ ចំណែកឯយុវជនរស់នៅប្រទេសមួយចំនួនដូចជា អ៊ុយក្រែន និងតំបន់មជ្ឈឹមបូព៌ា កំពុងភិតភ័យជាមួយនឹងភ្លើងសង្គ្រាម។
ការរម្លឹករបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញបើកព្រឹត្តិការណ៏បាល់ទាត់មិត្តភាព អបអរសាទរទិវាសន្តិភាពនៅកម្ពុជា នៅពហុកីឡាដ្ឋានជាតិមរតកតេជោ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានរម្លឹកយ៉ាងដូច្នេះថា៖ «ឯកឧត្តម សៅ សុខា ជួបខ្ញុំគាត់បានចែករំលែកជាមួយខ្ញុំ ខ្ញុំសូមចែករំលែកយុវជននៅទីនេះ ក៏ដូចជានៅមើលក្នុងផ្ទះ (នាយឧត្តមសេនីយ៍ សៅ សុខា) គាត់និយាយថា យុវជនខ្មែរសម័យនេះ មានសំណាង នៅពេលដែលកំពុងមើលបាល់ទាត់ នៅពហុកីឡដ្ឋានជាតិអូរឡាំពិកកន្លងទៅ ដែលមានយុវជនរាប់ពាន់នាក់អង្គុយមើល ពលេខ្លះគាត់ទាញទូរស័ព្ទម៉ោងជាមួយគ្នា ពេលហ្នឹង នៅប្រទេសកំពុងមានសង្គ្រាមយុវជន កំពុងតែត្រូវស្លាប់ ភ័យខ្លាច កន្លែងខ្លះកំពុងលេងបាល់ ត្រូវគ្រាប់ផ្លោងស្លាប់ វេទនាបែកបាក់គ្រួសារ»។
តាមរយៈសម្តីរបស់នាយឧត្តមសេនីយ៍ សៅ សុខា, សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត បានន្តរម្លឹកថា ក្រោយពេលនាយឧត្តមនាយឧត្តមសេនីយ៍ បិទទូរស័ព្ទ មិនមើលព័ត៌មាន បែរក្រឡេកមកមើលយុវជនកម្ពុជា កំពុងតែលេងកីឡាយ៉ាងសប្បាយរីករាយ ក្រោមដំបូងសន្តិភាព ស្ថិរភាពនយោបាយពេញលេញរបស់កម្ពុជា ចំណុចនេះហើយ ដែលនាយឧត្តមសេនីយ៍ ញញឹមថា «យុវជនខ្មែរយើងមានសំណាង»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា នៅម៉ោងនេះ ពេលនេះយុវជនមួយចំនួននៅក្នុងប្រទេសអ៊ុយក្រែន និងតំបន់មជ្ឈឹមបូព៌ា ព្រមទាំងបណ្តាប្រទេសមួយចំនួនកំពុងច្បាំងគ្នា មិនមានឱកាសអង្គុយទះដៃគាំទ្រកីឡាករ ដូចយុវជននៅកម្ពុជានោះទេ។ ប៉ុន្តែ កត្តាសុខសន្តិភាពរបស់កម្ពុជា បានបង្កឱកាសដល់កូនខ្មែរគ្រប់រូប កំពុងសប្បាយរីករាយនូវអ្វីដែលខ្លួនកំពុងទទួលបាន ជាក់ស្តែងបន្តិចទៀតនេះ យុជនខ្មែរ និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសនឹងទះដៃអបអរសប្បាយរីករាយ ហ៊ោកញ្ជ្រាលដោយមិនភ័យខ្លាចពីសង្គ្រាម ចំណុចនេះគឺជាភ័ព្វសំណាងរបស់កូនខ្មែរជំនាន់ក្រោយ។
ជាមួយគ្នានេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបន្តរម្លឹកពីប្រសាសន៍របស់នាយឧត្តមសេនីយ៍ សៅ សុខា បន្ថែមថា គ្រាមួយគាត់អង្គុយនៅនៅពហុកីឡដ្ឋានជាតិអូរឡាំពិក នៅឆ្នាំ១៩៧៥ ប៉ុន្តែ គាត់អង្គុយមើលមិនមែនអង្គុយមើលបាល់នោះទេ តែគាត់អង្គុយមើលមនុស្សមុននឹងជម្លៀសចេញតាមបណ្តាខេត្ត។ ហើយកន្លែងខ្លះក៏មានការសម្លាប់មនុស្ស នឹងហើយកូនខ្មែរនៅសម័យនេះ គឺមានសំណាង ហើយយុវជនអង្គុយនៅស្តាតមរតកតេជោ ដែលពីអតីតកាលមិនមាននោះទេ ដូច្នេះសមិទ្ធទាំងនេះ ជាភោគផលនៃសន្តិភាព។
សម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សំណាងដែលកូនខ្មែរទទួលបាននៅពេលនេះ គឺមិនមែនកើតឡើងដោយចៃដន្យនោះទេ សំណាងដែលនាយឧត្តមសេនីយ៍ សៅ សុខា និយាយប្រាប់ គឺជាសំណាងដែលកើតឡើងពីការលះបង់ ការខិតខំរបស់យុវជនសម័យមុន ឥស្សរជន ហេតុដូចនេះហើយទើបធ្វើឱ្យយុវជនសម័យនេះមានសំណាងអាចមានឱកាសអង្គុយហ៊ោកញ្ជ្រាវព្រឹត្តិការណ៍កីឡាបាល់ទាត់នៅពេលនេះ។ ដូច្នេះ សូមចូលរួមរក្សាការពារសន្តិភាព ដើម្បីឱ្យសំណាងតកូនចៅជំនាន់៕

អត្ថបទដែលជាប់ទាក់ទង