ស្នើសុំដីកាចាប់ខ្លួន លោកប្រធានាធិបតី Yoon Suk Yeol ជុំវិញច្បាប់អាជ្ញាសឹក
សេអ៊ូល៖ក្រុមអ្នកស៊ើបអង្កេតដែលកំពុងស៊ើបអង្កេតលើលោក Yoon Suk Yeol ជុំវិញការប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹកកាលពីដើមខែធ្នូកន្លងទៅ បានឱ្យដឹងនៅថ្ងៃចន្ទ ទី៣០ ខែធ្នូនេះថាពួកគេកំពុង ស្នើសុំដីកាចាប់ខ្លួនប្រធានាធិបតីកូរ៉េខាងត្បូងដែលត្រូវបានព្យួរតំណែងរូបនេះ បន្ទាប់ពីរូបលោកមិនបានបង្ហាញខ្លួនក្នុងការសួរចម្លើយតាមការកោះហៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោក Yoon មិនបានបង្ហាញខ្លួនក្នុងការសួរចម្លើយ តាមការកោះហោះចំនួន៣លើក របស់ប៉ូលិស និងការិយាល័យស៊ើបអង្កេតអំពើពុករលួយលើមន្ត្រីជាន់ខ្ពស់ ដែលកំពុងសហការគ្នាលើការស៊ើបអង្កេតថាតើ ការប្រកាសប្រើច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូ របស់លោក Yoon គឺជាទង្វើបះបោរឬក៏យ៉ាងណា? តុលាការមួយក្នុងទីក្រុងសេអ៊ូល នឹងធ្វើការសម្រេចចិត្តលើដីកាចាប់ខ្លួនលោក Yoon ក្រោយមានសំណើពី ក្រុមអ្នកស៊ើបអង្កេត។
គួរបញ្ជាក់ថា លោក Yoon ត្រូវបានព្យួរពីតំណែងប្រធានាធិបតី បន្ទាប់ពីត្រូវបានសភាបោះឆ្នោតដកតំណែងកាលពីដើមខែធ្នូនេះ ជុំវិញការប្រកាសប្រើច្បាប់អាជ្ញាសឹក។ ជោគវាសនារបស់លោក Yoon កំពុងស្ថិត នៅក្នុងដៃតុលាការធម្មនុញ្ញកូរ៉េខាងត្បូង ដែលនឹងសម្រេចថាតើត្រូវរក្សា ឬក៏ទម្លាក់រូបលោកចេញពីអំណាច។ តុលាការនេះមានពេល១៨០ថ្ងៃដើម្បីធ្វើការសម្រេចចិត្ត៕