ឯកឧត្តមឃួង ស្រេង សូមគោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតក្នុងឱកាសចូលឆ្នាំសកល ២០២៥
ភ្នំពេញ៖ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងនាមក្រុមប្រឹក្សា គណៈអភិបាល ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋទាំងអស់ក្នុង រាជធានីភ្នំពេញ និងក្នុងនាមខ្ញុំបាទផ្ទាល់ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវអំណរសាទរ និងសូមចូលរួមជូននូវសព្ទសាធុការ ពរជ័យ គោរពជូនចំពោះ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ក្នុងឱកាសអបអរសាទរឆ្នាំថ្មី គ្រិស្តសករាជ ២០២៥ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។
ស្ថិតក្នុងឱកាសប្រកបដោយសិរីមង្គលថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់បំផុត គោរពជូន ចំពោះគំរូវីរភាពដឹកនាំរបស់ សម្តេចតេជោប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានលះបង់កម្លាំងកាយ ចិត្ត និងប្រាជ្ញាស្មារតី ពុះពារជម្នះរាល់ឧបសគ្គ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា នៅគ្រប់ដំណាក់កាលទាំងអស់ ក្នុងនោះ សម្តេចតេជោប្រធានព្រឹទ្ធសភា បានបន្តដឹកនាំស្ថាប័ននីតិប្បញ្ញត្តិកំពូលរបស់ជាតិ ឱ្យសម្រេចបាននូវស្នាដៃ និង សមិទ្ធផលជាតិធំៗជាច្រើនគួរឱ្យកោតស្ញប់ស្ញែងបំផុត ជាពិសេសការបន្តថែរក្សា “សន្តិភាព និងស្ថិរភាពនយោបាយ” ដែលជាបុរេលក្ខខណ្ឌដ៏ចាំបាច់បម្រើដល់ការអភិវឌ្ឍជាតិលើគ្រប់វិស័យ។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ ប្រការជូន សម្តេចតេជោប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបាន សមប្រកបនូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចតេជោប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មេត្តាទទួលនូវភក្ដីភាពដ៏ស្មោះស្ម័គ្រ និង អភិវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់បំផុតពីយើងខ្ញុំទាំងអស់គ្នា៕