ឯកឧត្ដមឃួង ស្រេង សូមគោរពជូនសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតក្នុងឱកាសចូលឆ្នាំសកល ២០២៥
ភ្នំពេញ៖ឯកឧត្ដម អភិបាលរាជធានីភ្នំពេញក្នុងនាមក្រុមប្រឹក្សា គណៈអភិបាល ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋទាំងអស់ក្នុង រាជធានីភ្នំពេញ និងក្នុងនាមខ្ញុំបាទផ្ទាល់ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវអំណរសាទរ និងសូមចូលរួមជូននូវសព្ទសាធុការ ពរជ័យ គោរពជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរឆ្នាំថ្មី គ្រិស្តសករាជ ២០២៥ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។
ស្ថិតក្នុងឱកាសប្រកបដោយសិរីមង្គលថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការគោរពស្ញប់ស្ញែងយ៉ាង ជ្រាលជ្រៅបំផុត គោរពជូនចំពោះ៖ សម្តេចមហារដ្ឋសភាធិការធិបតី ដែលបានយកអស់កម្លាំងកាយ ចិត្ត និងប្រាជ្ញា ស្មារតី ដឹកនាំស្ថាប័នរដ្ឋសភា ឱ្យបន្តបេសកកម្ម និងតួនាទីស្នូលដ៏សំខាន់លើវិស័យនីតិកម្ម ដែលជាការរួមចំណែកធានា ការពារអធិបតេយ្យជាតិ បូរណភាពទឹកដី លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ ជាពិសេសការបន្តថែរក្សា “សន្តិភាព និងស្ថិរភាពនយោបាយ” ដែលជាបុរេលក្ខខណ្ឌដ៏ចាំបាច់បម្រើដល់ការអភិវឌ្ឍជាតិលើគ្រប់វិស័យ។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយ ក្នុងលោក និងទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហា ប្រសើរគ្រប់ប្រការជូន សម្តេចមហារដ្ឋសភាធិការធិបតី និងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានសមប្រកបនូវសុខភាព ល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លា និងប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តដឹកនាំស្ថាប័នរដ្ឋសភា នីតិកាលទី៧ នេះ ឱ្យទទួល បានជោគជ័យថ្មីៗបន្ថែមទៀត ក្នុងបុព្វហេតុពង្រឹងលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងការអភិវឌ្ឍជាតិជានិច្ចនិរន្តរ៍។
សូម សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួល នូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតពីយើងខ្ញុំទាំងអស់គ្នា៕