ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមឃួង ស្រេង សូមគោរពជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជាជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតក្នុងឱកាសចូលឆ្នាំសកល ២០២៥

52

ភ្នំពេញ៖ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងនាមក្រុមប្រឹក្សា គណៈអភិបាល ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋទាំងអស់ក្នុង រាជធានីភ្នំពេញ និងក្នុងនាមខ្ញុំបាទផ្ទាល់ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវអំណរសាទរ និងសូមចូលរួមជូននូវសព្ទសាធុការ ពរជ័យ គោរពជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសអបអរសាទរឆ្នាំថ្មី គ្រិស្តសករាជ ២០២៥ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។
ស្ថិតក្នុងឱកាសប្រកបដោយសិរីមង្គលថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់បំផុត គោរពជូន ចំពោះសមត្ថភាព ទេពកោសល្យ ភាពប៉ិនប្រសប់ និងគតិបណ្ឌិតដឹកនាំរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី និង លោកជំទាវ បណ្ឌិត ដែលបានលះបង់កម្លាំងកាយ ចិត្ត និងប្រាជ្ញាស្មារតី ដោយមិនខ្លាចនឿយហត់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និង ប្រជាជនកម្ពុជា ក្នុងនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានដឹកនាំរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ឱ្យសម្រេចបាន នូវសមិទ្ធផល និងស្នាដៃការងារជាច្រើនគួរឱ្យកោតស្ញប់ស្ញែងបំផុត តាមរយៈការអនុវត្តប្រកបដោយភាពមុតស្រួច និងបុរេសកម្ម នូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដូចអ្វីដែល សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា “យុទ្ធសាស្ត្រផ្ការីករបស់ រាជរដ្ឋាភិបាល គឺជាការដាំគ្រាប់ផ្កានៃការអភិវឌ្ឍ សម្រាប់បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងសង្គម-សេដ្ឋកិច្ច។
យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតា ថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានសមប្រកបនូវ សុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីដឹកនាំ និងអភិវឌ្ឍមាតុភូមិកម្ពុជា ក្នុងបេសកកម្មដ៏ ឧត្តុង្គឧត្តមបម្រើជាតិ និងប្រជាជនកម្ពុជា ឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ជាប្រទេសមានប្រាក់ចំណូលមធ្យម កម្រិតខ្ពស់ នាឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់ នាឆ្នាំ២០៥០ ប្រកបដោយភាពរុងរឿងជានិរន្តរ៍។
សូម សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត មេត្តាទទួលនូវភក្ដីភាពដ៏ស្មោះស្ម័គ្រ និងអភិវន្ទនកិច្ច ដ៏ខ្ពង់ខ្ពស់បំផុតពីយើងខ្ញុំទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង