ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមបណ្ឌិត អេង ចំរើន និងលោកជំទាវ នាំយកសម្ភារៈបណ្ណាល័យ សៀវភៅនិងថវិកា ប្រគល់ជូននាយកសាលា ឋមសិក្សា ហ៊ុន សែន កោះខ្យង ស្រុកព្រៃនប់

80

ព្រះសីហនុ៖ឯកឧត្តមបណ្ឌិត អេង ចំរើន ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ នៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារយកសម្ភារៈបណ្ណាល័យមួយចំនួន ប្រគល់ជូននាយកសាលា លោកគ្រូ អ្នកគ្រូសិស្សានុសិស្សនៅសាលាឋមសិក្សា ហ៊ុន សែន កោះខ្យង ដែលស្ថិតនៅភូមិកោះខ្យង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សម្ភារៈបណ្ណាល័យដែលបានប្រគល់ជូននាពេលនេះរួមមាន៖ សៀវភៅសិក្សា សៀវភៅរឿងនិទាន សៀវភៅសម្រាប់សិស្សអានបង្កើនចំណេះ និងធ្នើដាក់សៀវភៅ សម្ភារៈទាំងអស់នេះសុទ្ធសឹងជាប្រយោជន៍ដល់ក្មួយៗសិស្សានុសិស្ស ដែលអនាគតនឹងក្លាយជាយុវជនយុវនារីដ៏សំខាន់ក្នុងការបន្តកសាងអភិវឌ្ឍន៍ជាតិមាតុភូមិ។
ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត បានពាំនាំនូវការផ្ដាំផ្ញើរសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភាជូនចំពោះលោកគ្រូអ្នកគ្រូទាំងអស់គ្នា ដែលបានខិតខំប្រឹងប្រែងបង្ហាត់បង្រៀនដល់ចៅៗសិស្សានុសិស្ស ដែលជាទំពាំស្នងឬស្សីសម្រាប់ប្រទេសជាតិយើង និងសូមកោតសរសើរដល់លោកគ្រូអ្នកគ្រូទាំងអស់គ្នាដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលអនុវត្តតាមការគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចបវរធិបតី ជានាយករដ្ឋមន្ត្រីបានយ៉ាងល្អប្រសើរ។
ក្នុងឱកាសនោះដែរឯកឧត្តមបណ្ឌិត អេង ចំរើន បានប្រគល់នូវសៀវភៅសរសេរ និងថវិការមួយចំនួនសម្រាប់លោកគ្រូអ្នកគ្រូប្រើប្រាស់ក្នុងសាលាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង