ប្រធានកងអង្គរក្សរបស់ប្រធានាធិបតីកូរ៉េខាងត្បូង ថាមិនអាចសហការចាប់ខ្លួន លោក Yoon
សេអ៊ូល៖លោក Park Chong jun ដែលជាប្រធានកងអង្គរក្សរបស់ប្រធានាធិបតី បាននិយាយកាលពីថ្ងៃអាទិត្យកន្លងទៅថា លោកមិនអាចសហការក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីចាប់ខ្លួនប្រធានាធិបតីព្យួរតំណែង លោក Yoon Suk Yeol នោះទេ ខណៈដែលការកត់សម្គាល់បែបនេះ អាចរុញច្រានវិបត្តិនយោបាយនៅកូរ៉េខាងត្បូង ឱ្យឆ្ពោះទៅរកការប្រឈមមុខដាក់គ្នាថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៦ ខែមករា ឆ្នាំ២០២៥។
ដីកាចាប់ខ្លួន លោក Yoon ក្រោមហេតុផលប៉ុនប៉ងដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក ដែលត្រូវផុតកំណត់នាពាក់កណ្តាលអធ្រាត្រថ្ងៃចន្ទនេះ ត្រូវបានលោក Park លើក ឡើងពីកង្ចះកិច្ចពិភាក្សា ផ្លូវ ច្បាប់ មកធ្វើជាមូលហេតុ មិន សហការអនុវត្ត។ លោក Park បានបដិសេធនូវការប្រមាថមើលងាយ ដែលថាកងអង្គរក្សរបស់ប្រធានាធិបតី ក្លាយទៅជាកងទ័ពឯកជន ដោយបន្ថែមថា កងអង្គរក្សបានផ្តល់នូវការពារសន្តិសុខដល់ប្រធានាធិបតីគ្រប់រូប អស់រយៈពេល ៦០ឆ្នាំមកហើយ ដោយមិនគិតពីទំនាក់ទំនងនយោបាយ។
គួរបញ្ជាក់ថា ការអត្ថាធិប្បាយនេះធ្វើឡើង បន្ទាប់ពីតុលាការទីក្រុងសេអ៊ូល បានច្រានចោលពាក្យបណ្តឹងរបស់មេធាវីលោក Yoon ដែលថាដីកាចាប់ខ្លួននេះគឺខុសច្បាប់ និងមិនមានភាពត្រឹមត្រូវ។ ដោយឡែកការ ទូរស័ព្ទ ទៅ តុលាការ ដើម្បី សុំ អត្ថាធិប្បាយ មិន មានអ្នកទទួលនោះទេ។
ក្រុមអ្នកស៉ើបអង្កេតបានស្នើដីកាចាប់ខ្លួន លោក Yoon ប៉ុន្តែអង្គរក្ស រួមទាំងទាហានយោធា កាលពីថ្ងៃសុក្រសប្តាហ៍មុន បានរារាំងការអនុវត្តដីកានេះ ដោយមានការប្រឈមមុខដាក់គ្នា ៦ម៉ោង នៅខាងក្រៅនិវេសនដ្ឋានរបស់លោក ។ តាមសារព័ត៌មាន Yonhap ប៉ូលិសក៏បានស្នើឱ្យប្រធានកងអង្គរក្ស លោក Park Chong-jun បង្ហាញខ្លួនដើម្បីសាកសួរ នៅថ្ងៃអង្គារសប្តាហ៍នេះផងដែរ៕