សម្តេចតេជោ ហ៊ុន សែន៖ សូមប្រទេសលោកខាងលិចរៀនសូត្រអំពីកំហុសប្រវត្តិសាស្ត្រពីរលើក ដែលបានប្រព្រឹត្តមកលើកម្ពុជា ដើម្បីចៀសវាងកុំឱ្យកើតមានកំហុសជាលើកទី៣ទៀត
ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានរំឭកជាថ្មី ដោយសូមឱ្យបណ្ដាប្រទេសលោកខាងលិច រៀនសូត្រអំពីកំហុសប្រវត្តិសាស្ត្រចំនួន២លើក ដែលបានប្រព្រឹត្តិមកលើកម្ពុជា ដើម្បីចៀសវាងកុំឱ្យកើតមានកំហុសជាលើកទី៣ទៀត។
បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន កំហុសទាំង២លើកនោះមានដូចជា៖ កំហុសលើកទី១ គឺការគាំទ្ររដ្ឋប្រហារថ្ងៃ១៨ មីនា ឆ្នាំ១៩៧០ និងកំហុសលើកទី២ គឺការផ្ដល់សិទ្ធិឱ្យពួកប្រល័យពូជសាសន៍កាន់កាប់អាសនៈកម្ពុជា នៅអង្គការសហប្រជាជាតិរយៈពេល១២ឆ្នាំ ចាប់ពីឆ្នាំ១៩៧៩ ហើយដាក់ទណ្ឌកម្មសេដ្ឋកិច្ច នយោបាយ ការទូត យ៉ាងអយុត្តិធម៌ ប្រឆាំងនឹងអ្នកបានរំដោះប្រជាជនពីរបបប្រល័យពូជសាសន៍ ដោយធ្វើមិនដឹងមិនឮចំពោះទុក្ខលំបាក និងបំណងប្រាថ្នាពិតរបស់ប្រជាជនកម្ពុជា។
សម្ដេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា បានបន្តទៀតថា៖ «ក្នុងឱកាសនេះខ្ញុំសូមរំឭកជាថ្មីជាថ្មីទៀតថា សូមបណ្ដាប្រទេសរៀនសូត្រអំពីកំហុសពីរលើក ដែលប្រទេសមួយចំនួនបានប្រព្រឹត្តិមកលើកម្ពុជា ដើម្បីជៀសវាងកុំឱ្យមានកំហុសជាលើកទី៣ម្ដងទៀត កំហុសលើកទី១ គឺការគាំទ្ររដ្ឋប្រហារថ្ងៃ១៨ មីនា ឆ្នាំ១៩៧០ និងកំហុសលើកទី២ គឺការផ្ដល់សិទ្ធិឱ្យពួកប្រល័យពូជសាសន៍កាន់កាប់អាសនៈកម្ពុជា នៅអង្គការសហប្រជាជាតិរយៈពេល១២ឆ្នាំ ចាប់ពីឆ្នាំ១៩៧៩ ហើយដាក់ទណ្ឌកម្មសេដ្ឋកិច្ច នយោបាយ ការទូត យ៉ាងអយុត្តិធម៌ ប្រឆាំងនឹងអ្នកបានរំដោះប្រជាជនពីរបបប្រល័យពូជសាសន៍ ដោយធ្វើមិនដឹងមិនឮចំពោះទុក្ខលំបាក និងបំណងប្រាថ្នាពិតរបស់ប្រជាជនកម្ពុជា។ យើងសង្ឃឹមថា អធិបតេយ្យជាតិ សិទ្ធិស្វ័យសម្រេច និងបំណងប្រាថ្នាដ៏បរិសុទ្ធរបស់ប្រជាជនកម្ពុជានឹងត្រូវបានគោរព»។
ប្រសាសន៍របស់សម្ដេតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឡើងនៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥នេះ ក្នុងឱកាសដែរសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សសរុបជាង ២ម៉ឺននាក់ ជួបជុំគ្នាប្រារព្ធពិធីអបអរសាទរខួប៤៦ឆ្នាំ នៃថ្ងៃជ័យជម្នះ «៧មករា» ដែលជាថ្ងៃដ៏វិសេសវិសាល សម្រាប់ប្រជាជនកម្ពុជា បានរួចជីវិតពីរណ្តៅមរណៈនៃរបបប្រល័យពូជសាសន៍ ប៉ុលពត ក្រោមការប្រយុទ្ធតស៊ូដ៏អង់អាចក្លាហានរបស់យុទ្ធជន និងយុទ្ធនារី ដឹកនាំរបស់ឥស្សរជននៃគណបក្សប្រជាជនកម្ពុជា៕