ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ស៉ី ជីនពីង ថាអំពើពុករលួយ គឺជាការគំរាមកំហែងធំបំផុត ចំពោះបក្សកុម្មុយនិស្តចិន

26

ក្រុងប៉េកាំង៖កាលពីថ្ងៃចន្ទ ទី៦ ខែមករា ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បាននិយាយថា អំពើពុករលួយ គឺជាការគំរាមកំហែងធំបំផុត ចំពោះគណបក្សកុម្មុយនិស្តចិន ខណៈវាគឺជាសារព្រមានដ៏ច្បាស់មួយថា បក្សកាន់អំណាច មានការប្តេជ្ញាយ៉ាងរឹងមាំ ដើម្បីដោះស្រាយបញ្ហាយូរអង្វែងមួយនេះ ដែលឥឡូវបាននិងកំពុងចាស់ឫស ក្នុងស្រទាប់ជាច្រើន នៃសង្គមចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
កាលពីឆ្នាំ២០២៤ ប្រទេសចិ នបានបើកការស៉ើបអង្កេតអំពើពុករលួយ លើបុគ្គលធំៗ រួមមានចាប់តាំង ទេសាភិបាលរងធនាគារជាតិ រហូតដល់អតីតប្រធានគណៈនាយក នៃក្រុមហ៊ុនប្រេងនិងឧស្ម័នធំបំផុតរបស់ចិន ហើយក្នុងនោះ ក៏រាប់បញ្ចូល មេទ័ពជើងទឹកជាន់ខ្ពស់ម្នាក់ ផងដែរ គឺឧត្តមសេនីយ៍ Miao Hua ចំពេលដែលទីក្រុងប៉េកាំង ព្យាយាមធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន និងពង្រឹងសមត្ថភាព ត្រៀមប្រយុទ្ធ។
ថ្លែងក្នុងកិច្ចចាប់ផ្តើម នៃសន្និសីទពេញអង្គរយៈពេល៣ថ្ងៃ នៃគណៈកម្មាធិការត្រួតពិនិត្យវិន័យមជ្ឈិមចិន (CCDI) ដែលជាអង្គភាពកំពូលរបស់ប្រទេសចិន ទទួលបន្ទុកឃ្លាំមើលអំពើពុករលួយ លោក ស៉ី បានលើកឡើងដូច្នេះថា «អំពើពុករលួយ មិនមែនត្រឹមកំពុងបន្តនៅរីកសាយ ក្នុងប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែតាមពិតទៅ វាកំពុងតែកើនឡើង។ អំពើពុករលួយ ជាការគំរាមកំហែងធំបំផុត ចំពោះបក្សរបស់យើង»។
កាលពីពេលថ្មីៗនេះ CCDI ទើបតែបានឱ្យដឹងថា មន្រ្តីជាន់ខ្ពស់សរុប៥៨នាក់ ត្រូវបានស៉ើបអង្កេតកាលពីឆ្នាំមុន ហើយក្នុងនោះ ៤៧នាក់ មានឋានៈកម្រិតអនុរដ្ឋមន្រ្តី ឬខ្ពស់ជាងនេះ ដែលរួមមានអតីតរដ្ឋមន្រ្តីកសិកម្មនិងកិច្ចការជនបទ ព្រមទាំងអតីតប្រធាន អគ្គរដ្ឋបាលកិច្ចការកីឡា។ សូម្បីតែ អតីតប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនប្រេង-ឧស្ម័នរដ្ឋធំបំផុតរបស់ចិន ដែលបានចូលនិវត្តន៍ កាលពីឆ្នាំ២០២០ ក៏មិនរួចខ្លួនដែរ។
គួរបញ្ជាក់ថា ចំណែក យោធាចិន ត្រូវបានបោសសំអាតអំពើពុករលួយជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ២០២៣មក។ តួយ៉ាង លោក Li Shangfu ត្រូវបានដកតំណែងជា រដ្ឋមន្រ្តីការពារជាតិ ក្រោយកាន់តួនាទីបានត្រឹម៧ខែ រីឯរដ្ឋមន្រ្តីការពារជាតិមុនរូបលោក គឺលោក Wei Fenghe ក៏ត្រូវបានដកតំណែង និងបណ្តេញចេញពីបក្សដូចគ្នា ពាក់ព័ន្ធអំពើពុករលួយ៕

អត្ថបទដែលជាប់ទាក់ទង