ប្រកាសយកថ្ងៃទី២៤ ខែកញ្ញា ប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញជារៀងរាល់ឆ្នាំ
ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បាន ប្រកាសកំណត់យកថ្ងៃទី២៤ ខែកញ្ញា ជាថ្ងៃប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញ នៃ ព្រះ រាជា ណាចក្រកម្ពុជាជារៀងរាល់ឆ្នាំ។ ថ្ងៃទី២៤ ខែកញ្ញា ជាថ្ងៃដែល រដ្ឋ ធម្ម នុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ឡើងវិញ កាលពីឆ្នាំ១៩៩៣ ក្រោយវិបត្តិនយោបាយជាង២០ឆ្នាំ។
ការប្រកាសយកថ្ងៃទី២៤ ខែកញ្ញា ជាថ្ងៃប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញ ត្រូវបាន ធ្វើឡើងតាមរយៈសារាចរចុះថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ ហើយត្រូវបានផ្សព្វ ផ្សាយ ជាផ្លូវការនៅយប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥នេះ។
ក្នុងសារាចរចុះហត្ថលេខាដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាន គូសរំលេចថា រយៈពេលជាង៣០ឆ្នាំនៃការ អនុវត្ត រដ្ឋធម្មនុញ្ញ ក្រោម ម្លប់ នៃ សុខសន្តិភាព និងឯកភាពជាតិ អាស្រ័យដោយមាននយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជា ប្រធាន ព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានធ្វើឱ្យ សម្រេចសមិទ្ធផលធម្មនុញ្ញដ៏ថ្លៃថ្លាលើគ្រប់វិស័យ ជាអាទិ៍ ក្នុងការការពារ ជាតិ សាសនា ព្រះមហាក្សត ការពង្រឹងឯករាជ្យ អធិបតេយ្យជាតិ បូរណភាព ទឹកដី អារ្យធម៌អង្គរដ៏បវរ និងធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ រីកចម្រើន ឥត ឈប់ឈរ។
ក្នុងសារាចរបានបន្ថែមថា ក្នុងបរិបទដ៏ថ្លៃថ្លានេះ វិមានរដ្ឋធម្មនុញ្ញដ៏ល្អវិចិត្រ មួយ ត្រូវបានស្ថាបនារួចរាល់ជាស្ថាពរ និងត្រូវបានសម្ពោធកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់នៃ ព្រះករុណា ជា អម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ នៅពេលនោះព្រះអង្គបានប្រោសប្រទាន ព្រះបរម រាជ ឱង្ការថា «វិមានរដ្ឋធម្មនុញ្ញ គឺជានីតិបូជនីយដ្ឋាន ដ៏ពិសិដ្ឋតំណាងឱ្យ និមិត្ត រូបនីតិរដ្ឋ ដែលមាន រដ្ឋធម្មនុញ្ញ ជាកំពូលនៃច្បាប់ផងទាំងឡាយ នៅ ព្រះរាជាណាចក កម្ពុជាយើង»។ ព្រះអង្គបានសំណូមពរថា «សមិទ្ធផលធម្ម នុញ្ញដ៏ត្រចះត្រចង់សម្រេចបានយ៉ាងដូច្នេះ សូមប្រជាជាតិខ្មែរទាំងមូល តាំង ចិត្តក្នុងសម្មាទិដ្ឋិ ប្រកាន់យកជានិច្ចនិរន្តរ៍នូវស្មារតី យើងប្រជារាស្ត្រខ្មែរ រួប រួមគ្នា ថែរក្សា ការពារ គោរពខ្ជាប់ខ្ជួនរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ប្រទេស ជានិមិត្តរូបនៃគុណតម្លៃទំនើបរួមផ្សំបុរាណ ជាការសន្យាចំពោះ អនាគត រុងរឿងនៃប្រជាជាតិយើង»។
ដោយគោរពអនុវត្តតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់នៃ ព្រះករុណាជាអម្ចាស់ជីវិត លើ ត្បូង ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ ដ៏ខ្ពង់ ខ្ពស់បំផុត និងដោយនាពេលកន្លងមក ក៏ដូចជា នាពេលបច្ចុប្បន្ន រាជរដ្ឋា ភិបាល បានកំណត់យកថ្ងៃទី២៤ ខែកញ្ញា ជាទិវា ប្រកាសរដ្ឋធម្មនុញ្ញដូ ច មាន ចែងក្នុងអនុក្រឹត្យស្ដីពីប្រតិទិនឈប់ សម្រាក ការ ងាររបស់មន្ត្រីរាជការ និយោ ជិត កម្មករ ជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ដែលជាថ្ងៃប្រកាសឱ្យប្រើរដ្ឋ ធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងស្មារតីខាងលើនេះ រាជរដ្ឋាភិបាល សម្រេចដាក់ចេញនូវវិធានការណែ នាំ ដូចខាងក្រោម៖
១៖ កំណត់យកថ្ងៃទី២៤ ខែកញ្ញា ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធ ពិធីគោរព រដ្ឋ ធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
២៖ គ្រប់ក្រសួង ស្ថាប័ន ត្រូវរៀបចំគណៈប្រតិភូថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ចូលរួមប្រារព្ធ ពិធីគោរព រដ្ឋធម្មនុញ្ញ នៅនីតិបូជនីយដ្ឋានវិមានរដ្ឋធម្មនុញ្ញ នាថ្ងៃទី២៤ ខែកញ្ញា ជារៀងរាល់ឆ្នាំ ដែលត្រូវរៀបចំដោយគណៈកម្មាធិការ ជាតិ រៀប ចំបុណ្យជាតិ-អន្តរជាតិ។ ដោយឡែកគ្រប់មន្ទីរ អង្គភាពនានា នៅ រាជធានីនិងតាមបណ្តាខេត្ត ត្រូវរៀបចំប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញ តាម ទី តាំង និងលទ្ធភាពជាក់ស្តែង។
៣៖ គ្រប់ក្រសួង ស្ថាប័ន ស្ថានីយវិទ្យុ ទូរទស្សន៍ជាតិ និងឯកជន ព្រមទាំង បណ្តាញផ្សព្វផ្សាយនានា ត្រូវប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីចូលរួម ផ្សព្វ ផ្សាយ ឱ្យបានទូលំទូលាយនូវរដ្ឋធម្មនុញ្ញ និងប្រវត្តិ ទាក់ទងនឹងការបង្កើត រដ្ឋ ធម្មនុញ្ញ ក្នុងគោលដៅបំផុសស្មារតីគោរព ការពារ លើកតម្កើង និងប្រតិបត្តិ តាមរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ។
សូមបញ្ជាក់ថា បន្ទាប់ពីវិបត្តិនយោបាយ និងសង្គ្រាមស៊ីវិលជាង២០ឆ្នាំ រដ្ឋ ធម្ម នុញ្ញថ្មីរបស់ កម្ពុជា ដែលត្រូវបានប្រើប្រាស់នាពេលបច្ចុប្បន្ននេះ ត្រូវបាន សភាធម្មនុញ្ញអនុម័តនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ នាសម័យប្រជុំ លើកទី២ និងត្រូវ បាន ព្រះបាទសម្ដេច នរោត្ដម សីហនុ អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឡាយ ព្រះហស្ត លេខាប្រកាសឱ្យប្រើជាផ្លូវការ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ គឺជារដ្ឋធម្មនុញ្ញទី៦ ចាប់ តាំង ពីប្រទេសកម្ពុជា បាន ទទួលយកប្រព័ន្ធដឹកនាំរដ្ឋបែបទំនើបតាមបែប បស្ចិម លោក ដោយបានប្រកាសឲ្យប្រើរដ្ឋ ធម្មនុញ្ញ ទំនើបលើកដំបូង ក្នុងឆ្នាំ ១៩៤៧ ដែលមានគុណតម្លៃគ្រឹះនៃធម្មនុញ្ញនិយម រួមមាន (១) ប្រជាធិប តេយ្យ (២) សិទ្ធិមនុស្ស (៣) ការបែងចែកអំណាច និង (៤) នីតិរដ្ឋ ត្រូវបាន យកមក ផ្សាំ ជា មួយសង្គមខ្មែរចាប់តាំងពីពេលនោះមក។ ប៉ុន្តែការអនុវត្តគុណ តម្លៃទាំងនោះ ពុំមានស្ថិរភាពជាប់ បាន យូរអង្វែងទេ អាស្រ័យដោយប្រទេស កម្ពុជា ពើបប្រទះនឹងវិបត្តិនៃការដូររបបនយោបាយ ជាច្រើន លើកច្រើនគ្រា។
ក្រោយការដួលរលំទៅនៃគ្រឹះធម្មនុញ្ញនិយមទំនើបឆ្នាំ១៩៤៧ ដោយរដ្ឋ ប្រហារ ឆ្នាំ១៩៧០ កម្ពុជា បានឆ្លងកាត់បទពិសោធន៍នៃការអនុវត្តរដ្ឋធម្មនុញ្ញដែលកំណត់របបនយោបាយខុសៗគ្នា។ ប៉ុន្តែពុំ បាន ធ្វើឱ្យប្រទេសកម្ពុជាទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនោះទេ ពិសេសនៅ ទសវត្សរ៍ ឆ្នាំ១៩៧០ បាននាំកម្ពុជាឱ្យធ្លាក់ខ្លួនដ៏សែនរន្ធត់ ឆ្លងកាត់ទុក្ខសោកវិនាសអន្តរាយ ទ្រុឌ ទ្រោម ឱនថយ ដូចមានការចារឹកខ្លឹមសារក្នុងបុព្វកថានៃរដ្នធម្មនុញ្ញឆ្នាំ១៩៩៣។ រហូតមកដល់ការ សម្រេចបានកិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ទើបប្រទេសកម្ពុជាកសាងបានរដ្ឋធម្មនុញ្ញមួយដោយផ្អែក លើគោល ការណ៍ធំៗ ជាមូលដ្ឋាន ដែលមានចែងក្នុងឧបសម្ព័ន្ធទី៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
គោលការណ៍ដែលមានចែងក្នុងឧបសម្ព័ន្ធទី៥ ជាគោលការណ៍សារវន្តមាន លក្ខណៈទំនើប ជា គុណតម្លៃស្នូល។ ក្រៅពីគោលការណ៍ជាសារវន្តទាំងនោះ រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ក៏បានចារឹកនូវ គុណ តម្លៃរបស់សង្គមខ្មែរ ដែលមានជាប់ពាក់ព័ន្ធនឹងកត្តាប្រវត្តិសាស្ត្រ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងសាសនា របស់ខ្មែរផងដែរ។ រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ គឺជារដ្ឋធម្មនុញ្ញពហុនិយម ដែល មានសារធាតុល្បាយ រវាងគុណតម្លៃទំនើប និងគុណតម្លៃប្រពៃណីរបស់សង្គមខ្មែរផ្ទាល់ ដែលពុំ អាច កាត់ ផ្តាច់ បានពីកត្តាប្រវត្តិសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ ក្នុងអតីតកាលដ៏យូរលង់របស់កម្ពុជាបានឡើយ។
ការដាក់បញ្ចូលគ្នានូវគុណតម្លៃនិងទស្សនទានធម្មនុញ្ញបែបទំនើប និងគុណតម្លៃខ្មែរនិយម ក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ បង្កើតឡើងនូវពហុសណ្ឋានជាទស្សនៈពហុនិយមបែបនេះ ក្នុងការអនុវត្តរមែងជួបប្រទះនូវការរអាក់រអួល និងបញ្ហាប្រឈម ជាក់ស្តែងមួយចំនួនជាពុំខាន ឧទារហណ៍ ដូចជាការកើតឡើងនូវវិបត្តិនយោបាយ ក្រោយការបោះឆ្នោតជាច្រើនលើក ច្រើនសាដែល ស្តែងឡើងឱ្យឃើញទាំងចំណោទ បញ្ហា ចំណោទច្បាប់ ទាំងដំណោះស្រាយ សម ស្រប និងចាំបាច់នានា ដើម្បីធានាដល់តម្លៃនៃលទ្ធិប្រជាធិបតេយ្យសេរី និងគោលការណ៍នៃ ការបោះ ឆ្នោតពហុបក្ស ក្នុងដំណើរអនុវត្តរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ ជារយៈពេលមួយវែងជាងរយៈពេលអនុវត្តរដ្ឋធម្មនុញ្ញមុនៗគ្រប់ជំនាន់។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាន១៦ជំពូក និង១៥៨មាត្រា។ នៅក្នុងបុព្វកថារបស់ រដ្ឋធម្មនុញ្ញ ក៏បានរំលេចសារដាស់តឿន និងរំលឹកដល់កូនខ្មែរផងដែរថា សង្រ្គាមបាននាំកម្ពុជាឱ្យ អន្តរាយ ខ្ទេចខ្ទាំ ហើយការបង្កើតរដ្ឋធម្មនុញ្ញជាថ្មី ដើម្បីពង្រឹងនូវការរួបរួមជាតិជាថ្មីឡើងវិញ។ «យើងជាប្រជារាស្ត្រខែ្មរ ដែលធ្លាប់មានអារ្យធម៌ឧត្តុងឧត្តម ប្រទេសជាតិស្តុកស្តម្ភ ធំទូលាយ ថ្កុំថ្កើងរុងរឿង កិត្យានុភាពខ្ពង់ខ្ពស់ ភ្លឺចែងចាំងដូចពេជ្រ ពណ្ណរាយ បានធ្លាក់ខ្លួន ដ៏សែនរន្ធត់ ក្នុងអំទ្បុងពីរទសវត្សរ៍ចុងក្រោយនេះ ឆ្លងកាត់ទុក្ខសោក វិនាសអន្តរាយទ្រុឌទ្រោមឱនថយមហា សោកស្តាយ បានភ្ញាក់រលឹកក្រោកឈរទ្បើង ចងបាច់ឆន្ទៈមោះមុត ប្តូរផ្តាច់ រួបរួមគ្នាពង្រឹង ឯកភាពជាតិ រក្សាការពារទឹកដីកម្ពុជា អធិបតេយ្យ ថ្លៃថ្លា និងអារ្យធម៌អង្គរ ដ៏បវរ កសាងប្រទេសជាតិឱ្យទៅជា «កោះសន្តិភាព» ទ្បើងវិញ។
មកដល់បច្ចុប្បន្ននេះ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាកម្ពុជា ឆ្នាំ១៩៩៣ នេះ ត្រូវរដ្ឋសភាជាតិ ធ្វើវិសោធនកម្មចំនួន១០លើកមកហើយ។
• លើកទី១៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៤ នាសម័យប្រជុំរដ្ឋសភា ជាកិច្ចប្រជុំវិសាមញ្ញ នីតិកាលទី១
• លើកទី២៖ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ១៩៩៩ នាសម័យប្រជុំរដ្ឋសភា ជាវិសាមញ្ញ នីតិកាលទី២
• លើកទី៣៖ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០០១ នាសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី២
• លើកទី៤៖ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០០៤ នាសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៣
• លើកទី៥៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០០៥ នាសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលកាលទី៣
• លើកទី៦៖ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០០៦ នាសម័យប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៣
• លើកទី៧៖ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០០៨ នាសម័យប្រជុំរដ្ឋសភា លើកទី៧ នីតិកាលទី៣
• លើកទី៨៖ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៤ នាសម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៥
• លើកទី៩៖ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៥
• លើកទី១០៖ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ នាសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦។
រដ្ឋធម្មនុញ្ញដែលកម្ពុជា កំពុងតែគោរពប្រតិបត្តិតាមនាពេលបច្ចុប្បន្ននេះ គឺជារដ្ឋធម្មនុញ្ញ ដែលមានអាយុកាលយូរជាងគេ៕