អាមេរិកព្រមានពីលទ្ធភាព ដែលកូរ៉េខាងជើងកាន់តែមានសមត្ថភាពធ្វើសង្រ្គាម និងការប្រយុទ្ធប្រឆាំងអ៊ុយក្រែន
ក្រុងវ៉ាស៉ីនតោន៖សហរដ្ឋអាមេរិក បានព្រមានកាលពីថ្ងៃពុធសប្តាហ៍នេះថា កូរ៉េខាងជើង កំពុងទទួលបានអត្ថប្រយោជន៍ពីកងទ័ពរបស់ខ្លួន ដែលកំពុងជួយរុស្ស៉ីប្រយុទ្ធជាមួយអ៊ុយក្រែន នោះគឺបទពិសោធន៍ដែលធ្វើឱ្យក្រុងព្យុងយ៉ាង មានសមត្ថភាពធ្វើសង្គ្រាមជាមួយប្រទេសជិតខាង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមករា ឆ្នាំ ២០២៥។
កូរ៉េខាងជើងបានលូកដៃក្នុងសង្រ្គាមនៅអ៊ុយក្រែន តាមរយៈការបញ្ជូនកងទ័ពទៅរុស្ស៉ី ហើយត្រូវបានគេរាយការណ៍ថា កំពុងប្រយុទ្ធក្នុងសមរភូមិនៃតំបន់ Kursk។ តាមឯកអគ្គរដ្ឋទូតរងអាមេរិកប្រចាំអង្គការសហប្រជាជាតិ (UN) លោកស្រី Dorothy Camille Shea កងទ័ពកូរ៉េខាងជើងជាង ១២ ០០០នាក់កំពុងស្ថិតនៅក្នុងប្រទេសរុស្ស៉ី។
លោកស្រី Shea បានប្រាប់ក្រុមប្រឹក្សាសន្តិសុខ UN យ៉ាងដូច្នេះថា «កូរ៉េខាងជើងទទួលបានប្រយោជន៍ច្រើន ដូចជាសម្ភារយោធា បច្ចេកវិទ្យា និងបទពិសោធន៍របស់រុស្ស៉ី ដែលនឹងធ្វើឱ្យកូរ៉េខាងជើង កាន់តែមានសមត្ថភាពធ្វើសង្គ្រាម ប្រឆាំងប្រទេសជិតខាងរបស់ខ្លួន។ បន្ទាប់មក កូរ៉េខាងជើងទំនងជានឹងចង់ប្រើប្រាស់ អត្ថប្រយោជន៍ទាំងនេះ មកលើកកម្ពស់ការលក់អាវុធ និងបង្កើតកិច្ចសន្យាបណ្តុះបណ្តាលផ្នែកយោធាជាសកល»។
ការកត់សម្គាល់របស់លោកស្រី Shea ធ្វើឡើងនៅពេលដែលក្រុមប្រឹក្សាសន្តិសុខ UN មានសមាជិក ១៥នាក់ បានជួបប្រជុំគ្នា បន្ទាប់ពីទីក្រុងព្យុងយ៉ាងអះអាងពីការធ្វើតេស្តថ្មីទៀត នៃមីស៉ីលរយៈចម្ងាយឆ្ងាយដោយជោគជ័យ កាលពីដើមសប្តាហ៍។ ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងនៅ UN លោក Kim Song ចាត់ទុកការធ្វើតេស្តមីស៉ីលនោះ ជាផ្នែកមួយនៃផែនការ ដើម្បីបង្កើនសមត្ថភាពការពាររបស់ប្រទេស ហើយ ចោទ អាមេរិកថាមានស្តង់ដារ ពីរ៕