កម្លាំងនគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនដៃដល់ និងបក្ខពួក២នាក់ ក្រោយធ្វើសកម្មភាពកាប់បំផ្លាញម៉ូតូមួយគ្រឿង នៅសង្កាត់ច្បារអំពៅទី២
ភ្នំពេញ ៖ ដោយមានការយកចិត្តទុកដាក់ពីគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងអធិការនគរបាលខណ្ឌច្បារអំពៅ លោក ម៉ៅ សឿត អធិការនគរបាលខណ្ឌ ដឹកនាំកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនដៃដល់ ក្នុងការកាប់ម៉ូតូ ចំនួន ១នាក់ និងបក្ខពួក ចំនួន១នាក់ នៅវេលាម៉ោង៨:៥០នាទី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ម៉ោង២១:២០នាទី មានករណីឈ្លោះប្រកែកគ្នាហើយឈានដល់ការកាប់ម៉ូតូម៉ាក Honda Scoopy ពណ៌ក្រហម មួយគ្រឿងបណ្តាលឱ្យខូតខាតក្បាំងមុខ និងកុងទ័រម៉ូតូ ប៉ុន្តែពុំបណ្តាលឱ្យជនរងគ្រោះ ជាបើកបរម៉ូតូរងរបួសទេ។
ករណីនេះ កើតឡើងនៅមុខផ្សារច្បារអំពៅ តាមបណ្តោយផ្លូវលេខ៣៦៩ ស្ថិតក្នុងភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។
សមត្ថកិច្ចឃាត់ខ្លួនបានជនដៃដល់ ឈ្មោះ ប៉ាវ ស៊ីណា និងបក្ខពួក ឈ្មោះ លន់ វិល្លៀម ។
បច្ចុប្បន្នកម្លាំងជំនាញ បាននិងកំពុងស្វែងរកឃាត់ខ្លួនក្រុមជនបង្កបន្តទៀត៕