ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពិធីរំកិលរូបសំណាក លោកយាយម៉ៅ ចូលទៅកាន់អាសនៈក្នុងប្រសាទមាសនៅលើកំពូលភ្នំទ្វាក្នុងឃុំល្អាង ស្រុកដងទង់

44


កំពត៖នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត និងភរិយា, ឯកឧត្ដម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត និងភរិយា ព្រមទាំងថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ ប្រជាពុទ្ធបិរស័ទ បានជួបជុំគ្នា ប្រារព្ធពិធីរំកិលរូបសំណាក លោកយាយម៉ៅ ចូលទៅកាន់អាសនៈក្នុងប្រសាទមាសរបស់លោកយាយម៉ៅ នៅលើកំពូលភ្នំទ្វា ស្ថិតក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត (ទល់មុខអាស្រមចាស់)។
ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពត លោក នាក់ យិតថូ បានឱ្យដឹងថា ការសាងសង់ប្រាសាទមាសលោកជំទាវម៉ៅ នៅលើកំពូលភ្នំទ្វានេះ គឺក្នុងគោលបំណង ដើម្បីអភិរក្សក៏ដូចជាការកសាងកន្លែងជំនឿ ហើយទីនេះ មានទីធ្លាធំទូលាយសម្រាប់ប្រជាពុទ្ធបរិស័ទគោរពបូជា។
ប្រធានមន្ទីរបានបន្តថា ដោយឡែកទីតាំងអាស្រមលោកយាយម៉ៅ ដែលមានពីមុនមកគឺត្រូវបានរក្សាទុកនៅដដែល ហើយការកសាងប្រាសាទមាសនៅលើភ្នំនេះ គឺជាការកសាងបន្ថែម ដើម្បីឱ្យមានភាពទូលំទូលាយ សម្រាប់ការគោរពប្រណិប័ត្ត។ ម្យ៉ាងទៀតទីតាំងនេះក្រោយពីបញ្ចប់ការសាងសង់ ក៏នឹងអាចក្លាយទៅជាជំនឿ និងជាតំបន់ទេសចរណ៍សាសនាផងដែរ។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានបញ្ជាក់ថា ការកសាងប្រាសាទលោកយាយម៉ៅនេះ ព្រោះប្រាសាទមាសនេះ នឹងបានរួមចំណែកយ៉ាងសំខាន់ដល់វិស័យទេសចរណ៍តាមបែបជំនឿសាសនា ព្រោះទីតាំងនេះមានសក្តានុពលធម្មជាតិស្រាប់ ដែលអំណោយផលដល់ការទាក់ទាញភ្ញៀវទេសចរ។
លោកប្រធានមន្ទីរ បានបន្តថា ក្រោយសាងសង់ប្រាសាទនេះរួច តំបន់នេះនឹងក្លាយទៅជាគោលដៅទេសចរណ៍សំខាន់ថ្មីមួយទៀតរបស់ខេត្តកំពត ហើយនឹងធ្វើឱ្យប្រជាពលរដ្ឋនៅតំបន់នោះ មានជីវភាពកាន់តែប្រសើរឡើង បន្ថែមទៀត ដោយទាញយកផលប្រយោជន៍ពីវិស័យទេសចរណ៍។
សូមបញ្ជាក់ថា ប្រាសាទមាសលោកយាយម៉ៅ ត្រូវបានចាប់ផ្តើមកសាងឡើងនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន ព្រមទាំងក្រុមគ្រួសារ ក្នុងគោលបំណងដើម្បីផ្តល់ភាពងាយស្រួល សម្រាប់ប្រជាពុទ្ធបរិស័ទគោរពប្រណិបត្តិលោកយាយម៉ៅ ផង និងជាកន្លែងសម្រាប់ភ្ញៀវទេសចរមកលេងកម្សាន្តផង ព្រោះទីតាំងនេះមានខ្យល់អាកាសបរិសុទ្ធ អាចទស្សនាថ្ងៃរះ ថ្ងៃលិច ពិសេសមើលឃើញផ្ទៃសមុទ្រ ជួរភ្នំ និងទីរួមខេត្តកំពតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង